អានតួអត្ថបទ
កម្ពុជា-សង្គម

សហគមន៍​ព្រៃព្រះ​រការ​រៀបំ​បុណ្យ​បំបួស​ដើមឈើ ​ខណៈ​ការ​កាប់​ឈើ​នៅតែមាន

បណ្តាញ​សហគមន៍​ព្រៃព្រះរការ​ ស្ថិត​នៅ​ក្នុង​ខេត្ត​ព្រះវិហារ​ គ្រោង​នឹង​រៀបចំ​ពិធី​បុណ្យ​បំបួស​ដើម​ឈើក្នុង​ព្រៃព្រះរការ​ នៅថ្ងៃទី១៨​ ខែកុម្ភៈ​ ស្អែក​នេះ។ ​អ្នក​រៀបចំ​កម្មវិធី​បុណ្យនេះ​ បញ្ជាក់​ថាពិធី​បុណ្យ​បំបួស​ព្រៃព្រះរការ​ ធ្វើ​ឡើង​ដើម្បី​ចូលរួម​ក្នុង​កិច្ច​ការពារ​ព្រៃឈើ​ ដើម្បី​ភពផែនដី​ និង​ជីវិតមនុស្ស ​សត្វ​ ខណៈ​ដែលសកម្មភាព​នៃការ​កាប់​បំផ្លាញ​នៅតែបន្ត​កើនឡើង។​

បណ្តាញសហគមន៍ព្រៃព្រះរការ ស្ថិតនៅក្នុងខេត្តព្រះវិហារ គ្រោងនឹងរៀបចំពិធីបុណ្យបំបួសដើមឈើក្នុងព្រៃព្រះរការ
បណ្តាញសហគមន៍ព្រៃព្រះរការ ស្ថិតនៅក្នុងខេត្តព្រះវិហារ គ្រោងនឹងរៀបចំពិធីបុណ្យបំបួសដើមឈើក្នុងព្រៃព្រះរការ © Internet
ផ្សាយពាណិជ្ជកម្ម

កម្មវិធីបុណ្យខួបបំបួសព្រៃព្រះរការលើកទី៦ នេះគ្រោងនឹងធ្វើឡើងនៅថ្ងៃទី១៨ ខែកុម្ភៈ និងថ្ងៃទី១៩ ខែកុម្ភៈ ដោយផ្តើមចេញពីការជួបជុំ និងធ្វើដំណើរឆ្ពោះទៅតំបន់ព្រៃព្រះរការ(អូរស្កាច) ស្ថិតនៅក្នុងភូមិរុងរឿង៣ ឃុំមរកត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។ កម្មវិធីបុណ្យខួបបំបួសព្រៃព្រះរការ ត្រូវបានរៀបចំឡើងដោយ សមាជិកបណ្តាញសហគមន៍ព្រៃព្រះរការ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីពាក់ព័ន្ធ។

លោក ស៊ុត សាវន សមាជិកបណ្តាញសហគមន៍ព្រៃព្រះរការបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី១៧ ខែកុម្ភៈនេះ ថាការរៀបចំកម្មវិធីបុណ្យបំបួសដើមឈើនេះ គឺជាប្រពៃណី ជំនឿសាសនា ដោយជឿថាមានអ្នកថែក្សាព្រៃឈើ ដូច្នេះត្រូវតែមានកម្មវិធីបំបួស ដើម្បីរក្សាការពារប្រពៃណី វប្បធម៌ អត្តសញ្ញាណរបស់ជនជាតិដើមភាគតិច។ លោកបន្តថា ការបំបួសព្រៃឈើនាពេលនេះ ក៏ជាការការពារមិនឲ្យជនខិលខូចណាមួយមកកាប់បំផ្លាញព្រៃឈើ។

លោក ស៊ុត សាវន បានបញ្ជាក់ថា ការកាប់បំផ្លាញព្រៃឈើនៅតែបន្តកើតមានជាហូរហែ។ លោកបានអះអាងដោយសំអាងលើទិន្នន័យពីអ្នកឃ្លាំមើលនៃបណ្តាញសហគមន៍ព្រៃព្រះរការថា ក្នុងខែមករា ដើមឆ្នាំ២០២៣នេះ ការកាប់ឈើក្នុងតំបន់ព្រៃព្រះរការមានជាង ៦០ករណី។ លោកបញ្ជាក់ការកាប់បំផ្លាញព្រៃឈើអាចមានច្រើនជាងនេះ។

លោក ស៊ុត សាវន សង្ឃឹមថាកម្មវិធីបំបួសព្រៃឈើ ដែលគ្រោងធ្វើឡើងនាពេលខាងមុខ អាចឲ្យប្រជាពលរដ្ឋ សាធារណជន ឬអ្នកកាប់ឈើ យល់ដឹងពីផលប៉ះពាល់ដែលកើតឡើង នៅពេលបាត់បង់ព្រៃឈើ និងជីវៈចម្រុះ ដូចជាការប្រែប្រួលអាកាសធាតុជាដើម។ ការបាត់បង់ព្រៃឈើ ក៏ប៉ះពាល់ដល់ប្រពៃណី និងជីវភាពរស់នៅប្រចាំថ្ងៃរបស់ជនជាតិដើមភាគតិច ដែលអាស្រ័យផលលើព្រៃឈើទាំងនោះ។

បើតាមអនុក្រឹត្យមួយរបស់រដ្ឋាភិបាល កាលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០១៦ ដែនជម្រកសត្វព្រៃព្រះរការស្ថិតនៅក្នុងភូមិសាស្រ្តក្នុងស្រុកបីនៃខេត្តព្រះវិហារ ដែលមានផ្ទៃដីទំហំ ៩០,៣៦១ហិកតា។ បើតាមអនុក្រឹត្យដដែលនេះ ការបង្កើតដែនជម្រកសត្វព្រៃព្រះរការ គឺដើម្បីធានាឲ្យមានការថែទាំទីជម្រកសត្វព្រៃ និងប្រព័ន្ធអេកូឡូស៊ី ផ្តល់ផលិតផល និងសេវាកម្មធម្មជាតិសម្រាប់ការប្រើប្រាស់ លើកកម្ពស់ការចូលរួមរបស់សហគមន៍មូលដ្ឋាន ក្នុងការគ្រប់គ្រង ការការពារ និងការអភិរក្សជីវៈចម្រុះ និងធនធានធម្មជាតិក្នុងតំបន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ