អានតួអត្ថបទ
កម្ពុជា-សង្គម

កម្ពុជាធ្លាក់ក្នុងបញ្ជីតាមដាន ក្រោយលំហសេរីភាពមានការធ្លាក់ចុះ

កម្ពុជា​បាន​ធ្លាក់​ទៅ​ក្នុង​បញ្ជី​នៃ​បណ្តា​ប្រទេស​មួយ​ចំនួន​ ដែល​ស្ថិត​ក្រោម​ការ​តាមដាន​ពី​បញ្ហា​សិទ្ធិ​មនុស្ស ​និង​លំហ​សេរីភាព​របស់​ប្រជាពលរដ្ឋ។​ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​អង្គការ​សម្ព័ន្ធភាព​សកល​តាមដាន​សេរីភាព​ជា​មូលដ្ឋាន​នៅ​ទូទាំង​ពិភពលោក​ (CIVICUS)។​ ការ​សម្រេច​ដាក់​កម្ពុជា​ទៅ​ក្នុង​បញ្ជី​តាមដាន​នេះ ​ធ្វើ​ឡើង​នៅ​ពេល​ដែល​ស្ថាប័ន​សារព័ត៌មាន​ VOD​ ត្រូវ​បាន​រដ្ឋាភិបាល​ប្រកាស​បិទ​ជា​ស្ថាពរ​ កាល​ពី​ថ្ងៃ​ទី​១៣​កុម្ភៈ។​

ការិយាល័យរបស់ VOD
ការិយាល័យរបស់ VOD AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ការធ្លាក់ទៅក្នុងបញ្ជីតាមដានពេលនេះ ត្រូវបានអង្គការសម្ព័ន្ធភាពសកលតាមដានសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោក លើកឡើងជាមូលដ្ឋានអំពី ការប្រើប្រាស់ច្បាប់​គាបសង្កត់ ​ក្នុង​ការ​រឹតត្បិត​សេរីភាព​ពលរដ្ឋ និង​ដាក់​ទោសទណ្ឌ​លើ​អ្នក​ការពារ​សិទ្ធិ​មនុស្ស សហជីព សកម្មជន​យុវជន អ្នក​កាសែត អ្នក​នយោបាយ​ប្រឆាំង និង​សំឡេង​រិះគន់​ផ្សេងៗ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន អង្គការសម្ព័ន្ធភាពសកលតាមដានសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោក នៅថ្ងៃព្រហស្បតិ៍។

ទឡ្ហីករណ៍នៃព្រឹត្តការណ៍ដែលជាអំណះអំណាង មានជាអាទិ៍ ការចាប់ខ្លួនកញ្ញា ឈឹម ស៊ីថរ សហជីពតំណាងកម្មករតវ៉ាវិវាទក្រុមហ៊ុនណាហ្គាវើលដ៍, ការប្រើប្រាស់វិធានការកូវីដ១៩ ដើម្បីបង្រ្កាបអ្នកតវ៉ា, ការតម្កល់ទោសលើបុគ្គលិក និងអតីតបុគ្គលិកអង្គការអាដហុក, ការកំហិតឲ្យក្រុមបណ្តាអង្គការសង្គមស៊ីវិលដកចេញនូវចម្រៀង ឈាមបាតុករ ពីប្រព័ន្ធផ្សព្វផ្សាយ ជាដើម។ ល។ បើតាមសេចក្តីប្រកាសព័ត៌មាន គឺមានបណ្តាក្រុមសហជីព សកម្មជន កំពុងរងការធ្វើទុក្ខបុកម្នេញ ហើយហោចណាស់មានអ្នកទោសនយោបាយជាង៥០នាក់ កំពុងស្ថិតនៅក្រោយចម្រឹងដែក។

សម្រាប់អង្គការសម្ព័ន្ធភាពសកលតាមដានសេរីភាពជាមូលដ្ឋាននៅទូទាំងពិភពលោក នេះគឺជាក្តីបារម្ភចំពោះសិទ្ធិសេរីភាពពលរដ្ឋ នៅចំពោះមុខដែលកម្ពុជានឹងហៀបបោះឆ្នោតថ្នាក់ជាតិនៅខែកក្កដា។ ជាក្តីបារម្ភ ដោយសេចក្តីប្រកាសព័ត៌មានរបស់ CIVICUS បន្ថែមថា ការធ្វើទុក្ខបុកម្នេញទៅលើគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងមានសំឡេងគាំទ្រជាថ្មី កំពុងកើតមានឡើង។

ជាការកត់សម្គាល់ ការចេញផ្សាយសេចក្តីប្រកាសរបស់ CIVICUS អំពីការដាក់កម្ពុជាស្ថិតក្នុងបញ្ជីតាមដានពេលនេះ គឺក្រោយពេលដែលរដ្ឋាភិបាលកម្ពុជាបានសម្រេចបិទជាស្ថាពរនូវស្ថាប័នសារព័ត៌មាន មានវ័យ២០ឆ្នាំ សំឡេងប្រជាធិបតេយ្យ (VOD)។ ជាការបិទដែលប្រមុខរដ្ឋាភិបាលកម្ពុជា លើកឡើងថា បានផ្សាយព័ត៌មានមិនត្រឹមត្រូវ និងប៉ះពាល់កត្តិយសយ៉ាងធ្ងន់ធ្ងរដល់រដ្ឋាភិបាល។

បញ្ហានេះ ត្រូវបានរំលេចឡើងដែរ នៅក្នុងសេចក្តីប្រកាសរបស់ CIVICUS។ អង្គការ​សម្ព័ន្ធភាព​ស​កល​តាមដាន​សេរី​ភាពជា​មូលដ្ឋាន​នៅ​ទូទាំង​ពិភពលោក បានអះអាងថា សេរីភាពសារព័ត៌មានកម្ពុជា នៅតែស្ថិតនាចំណុចមាត់ជ្រោះ ដ្បិតស្ថានីយវិទ្យុ និងសារព័ត៌មានមួយចំនួនត្រូវបិទទ្វារ​ ដែលធ្វើឲ្យវិស័យសារព័ត៌មានឯករាជ្យបានបាត់បង់។

ក៏ប៉ុន្តែសម្រាប់រដ្ឋាភិបាល នេះគឺដោយសារតែសារព័ត៌មាននេះ បានប្រព្រឹត្តខុសវិជ្ជាជីវៈ និងច្បាប់កម្ពុជា។ ដោយឡែក ករណីចុងក្រោយលើសារព័ត៌មាន VOD លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា នឹងមិនប៉ះពាល់ដល់សិទ្ធិសេរីភាពសារព័ត៌មានឡើយ តែជាការពង្រឹងក្រមវិជ្ជាជីវៈវិស័យមួយនេះ ឲ្យកាន់តែប្រសើរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ