អានតួអត្ថបទ
កម្ពុជា-សង្គម

ដី​ព្រៃលិចទឹក​ក្នុង​បឹង​ទន្លេសាប៖​ រដ្ឋ​បាន​ផ្តល់​ដី​ជាង​២ម៉ឺនហិកតា​ ជូន​ពលរដ្ឋ​ជាង​១ម៉ឺន​គ្រួសារ​ក្នុង​ខេត្ត​ទាំង៦

គិត​មក​ត្រឹមចុង​ឆ្នាំ​២០២២​ ក្រោយ​ការ​អនុវត្ត​នូវ​វិធានការ​បង្ក្រាបការ​ទន្ទ្រានដី​រដ្ឋ​ក្នុង​ដែន​ព្រៃលិច​ទឹក​នៃបឹង​ទន្លេសាប​ រដ្ឋាភិបាល​បាន​សម្រេច​កែ​សម្រួល​ព្រំប្រទល់​តំបន់២​ និង​តំបន់៣ ​នៃ​បឹង​ទន្លេសាប​ដែល​ជាប់​ខេត្ត​ចំនួន​៥ ​បាន​ចំនួន​សរុប​ទំហំជាង​ ២៤,៩៤០ហិកតា​ ជូន​ពលរដ្ឋ​ចំនួន​ជាង១ម៉ឺន​៥ពាន់​គ្រួសារ។​ នេះ​បើតាម​របាយការណ៍​ប្រចាំឆ្នាំ​របស់​ក្រសួង​ដែនដី​ នគរូបនីយកម្ម​នឹង​សំណង់។​ តាម​របាយការណ៍​នោះ ​ទំហំ​ដែល​រដ្ឋ​បាន​កែ​សម្រួល​ជាង២ម៉ឺន​ហិកតា​នោះ ​រដ្ឋបាន​ផ្តល់​ជាកម្មសិទ្ធិ​លើផ្ទៃដី​ទំហំ​ជាង១ម៉ឺន​១ពាន់​ហិកតា​ ដល់​ពលរដ្ឋ​ជាង១ម៉ឺន​២ពាន់​គ្រួសារ​ និង​ផ្ទៃដី​ទំហំជាង១​ម៉ឺន៣ពាន់ហិកតា​ ប្រគល់​ជូន​ពលរដ្ឋជាង​៥ពាន់​គ្រួសារ​ សម្រាប់​កាន់កាប់​ និង​អាស្រ័យផល។​

ដីព្រៃលិចទឹកក្នុងបឹងទន្លេសាប
ដីព្រៃលិចទឹកក្នុងបឹងទន្លេសាប © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងរបាយការណ៍បូកសរុបលទ្ធផលប្រចាំឆ្នាំរបស់ក្រសួងដែនដី គឺថា រដ្ឋាភិបាលបានសម្រេចកាត់ឆ្កៀលផ្ទៃដីទំហំ២៥៣ហិកតាចេញពីតំបន់៣ ក្នុងខេត្តកំពង់ឆ្នាំង ដើម្បីផ្តល់ជាកម្មសិទ្ធិជូនពលរដ្ឋចំនួនជាង១ពាន់គ្រួសារ និងកែសម្រួលផ្ទៃដីទំហំជាង ៣, ៣៩១ហិកតា ចេញពីតំបន់៣ បញ្ចូលមកក្នុងតំបន់២ និងបានផ្តល់សិទ្ធិអាស្រ័យផលដល់ពលរដ្ឋជាង១, ៦៨៨គ្រួសារ។

ដោយឡែក ក្នុងខេត្តពោធិ៍សាត់វិញ រដ្ឋបានកែសម្រួលផ្ទៃដីទំហំជាង៣, ៤៤៨ហិកតា ៧៧អា ចេញពីតំបន់៣ បញ្ចូលមកក្នុង តំបន់២ និងផ្តល់ជាសិទ្ធិប្រើប្រាស់និងអាស្រ័យផលជូនប្រជាពលរដ្ឋចំនួន១, ៦៥៨គ្រួសារ។

ក្នុងរបាយការណ៍នោះបានបង្ហាញទៀតថា រដ្ឋក៏បានកែសម្រួលផ្ទៃដីទំហំ១០, ០១៤ហិកតា ក្នុងខេត្តកំពង់ធំ ចេញពីតំបន់២ បញ្ចូលមកក្នុងតំបន់១ ដោយផ្តល់កម្មសិទ្ធិជូនពលរដ្ឋចំនួន៩, ១៤៤គ្រួសារ និងបានកែសម្រួលផ្ទៃដីទំហំ៦, ៣៨៥ហិកតា ស្មើនឹង២, ០២៥ក្បាលដី ចេញពីតំបន់៣ បញ្ចូលមកក្នុងតំបន់២ និងផ្ដល់សិទ្ធិកាន់កាប់អាស្រ័យផលដល់ពលរដ្ឋចំនួន ១, ៧៤៩គ្រួសារ។

ចំណែក ខេត្តបាត់ដំបង ផ្ទៃដីទំហំ៤០២ហិកតា រដ្ឋាភិបាលបានដកចេញពីតំបន់៣ បញ្ចូលមកក្នុងតំបន់២ និងប្រគល់ឱ្យពលរដ្ឋអាស្រ័យផលចំនួន១៩១គ្រួសារ និងបានកែសម្រួលផ្ទៃដីទំហំ៩៨៧ហិកតា ចេញពី តំបន់២ បញ្ចូលមកក្នុងតំបន់១ និងផ្តល់ជាកម្មសិទ្ធិជូនពលរដ្ឋចំនួន១, ២០៩គ្រួសារ។  

ហើយចុងក្រោយ គឺ ខេត្តបន្ទាយមានជ័យ រដ្ឋបានកែសម្រួលផ្ទៃដីទំហំ៥៨ហិកតា ចេញពីតំបន់៣ បញ្ចូលមកក្នុងតំបន់២ និងផ្តល់ជូនជាសិទ្ធិប្រើប្រាស់និងអាស្រ័យជូនពលរដ្ឋចំនួន២២គ្រួសារ។ ខណៈ ខេត្តសៀមរាបវិញ មិនមានរបាយការណ៍ណាបញ្ជាក់នៅឡើយ។

កាលពីដើមខែមករា ឆ្នាំ២០២២ រដ្ឋាភិបាលបានដកហូតដីព្រៃលិចទឹកប្រមាណ៦ម៉ឺនហិកតានៅជុំវិញបឹងទន្លេសាបមកទុកជាសម្បត្តិរបស់រដ្ឋវិញ ក្រោយពីចុះប្រតិបត្តិការទប់ស្កាត់បទល្មើសព្រៃលិចទឹកតាមបណ្តាខេត្តទាំង៦រួចមក។ ករណីបង្ក្រាប និងដកហូតនេះបានកើតមានឡើង បន្ទាប់ពីប្រធានរាជបណ្ឌិត្យសភាកម្ពុជា លោក សុខ ទូច រកឃើញថា ដីព្រៃលិចទឹកក្នុងបឹងទន្លេសាបរាប់ពាន់ហិកតាត្រូវបានរំលោភបំពានដោយខុសច្បាប់កាលពីអំឡុងឆ្នាំ២០២១ ខណៈលោកថា ក្នុងខេត្តកំពង់ធំតែមួយ ករណីកាន់កាប់ដីព្រៃលិចខុសច្បាប់មានចំនួនជាង១០ម៉ឺនហិកតា។

ដោយឡែក កាលពីថ្ងៃទី៣ ខែធ្នូនេះ រដ្ឋាភិបាលបានប្រគល់ភារកិច្ចឱ្យអង្គភាពប្រឆាំងអំពើពុករលួយ ធ្វើការស៊ើបអង្កេតស្រាវជ្រាវ និងចាត់វិធានការច្បាប់ចំពោះអតីតអភិបាលខេត្តកំពង់ឆ្នាំង លោក ឈួរ ច័ន្ទឌឿន និងដកហូតដីជាង២ ០០០ហិកតាទុកជាសម្បត្តិរដ្ឋវិញ រួមទាំងមន្ត្រីដែលពាក់ព័ន្ធផ្សេងទៀតផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ