អានតួអត្ថបទ
កម្ពុជា-ទំនាក់ទំនងអន្តរជាតិ

លោក ហ៊ុន សែន ថាទំនាក់ទំនងកម្ពុជា-អាមេរិកពេលនេះ ល្អជាងពេលណាៗទាំងអស់ តែអ្នកវិភាគខ្លះមិនយល់ស្រប

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានលើកឡើងថាទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិកនៅពេលនេះ គឺល្អជាងពេលណាៗទាំងអស់។ ការថ្លែងរបស់លោកនាយករដ្ឋមន្ត្រីដូច្នេះ គឺធ្វើឡើងខណៈពេលដែលលោកមានជំនួបមួយជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន កាលពីថ្ងៃអង្គារម្សិលមិញនៅក្នុងប្រទេសកម្ពុជា។ ក៏ប៉ុន្តែអ្នកតាមដានសង្គម និងនយោបាយមួយចំនួនយល់ឃើញផ្ទុយពីនេះ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីឆាឡាក់(Michael Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅក្នុងជំនួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីឆាឡាក់(Michael Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ ។ © FB/SPM
ផ្សាយពាណិជ្ជកម្ម

នៅក្នុងជំនួបជាមួយគណៈប្រតិភូនៃក្រុមប្រឹក្សាធុរកិច្ចសហរដ្ឋអាមេរិក-អាស៊ាន ដឹកនាំដោយលោក ម៉ៃឃើល មីឆាឡាក់(Michael Michalak) អនុប្រធានជាន់ខ្ពស់ និងជានាយកគ្រប់គ្រងប្រចាំតំបន់ រួមនិងសមាជិកមួយចំនួនទៀតដូចជាក្រុមហ៊ុន Conoco Phillips ក្រុមហ៊ុន Ford ក្រុមហ៊ុន RMA Group ក្រុមហ៊ុន Pfizer ក្រុមហ៊ុន Visa ក្រុមហ៊ុន Vriens & Partners លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ថា គ្មានពេលណាដែលទំនាក់ទំនងរវាងកម្ពុជា និងសហរដ្ឋអាមេរិក ល្អជាងពេលនេះទេ។

ការឆ្លើយតបរបស់លោក ហ៊ុន សែន ទៅកាន់ប្រតិភូក្រុមប្រឹក្សាធុរកិច្ចអាមេរិក-អាស៊ាន ដូច្នេះ បន្ទាប់ពីលោក ម៉ៃឃើល មីឆាឡាក់ បញ្ជាក់ពីគោលបំណងនៃទស្សនកិច្ចរបស់លោក និងគណៈប្រតិភូ គឺដើម្បីសម្ដែងនូវការគាំទ្រដល់ផែនការស្ដារសេដ្ឋកិច្ចកម្ពុជាឡើងវិញ ក្រោយវិបត្តិកូវីដ-១៩ ដោយស្វែងរកមធ្យោបាយកែលម្អលទ្ធភាពទទួលបានហិរញ្ញវត្ថុ សម្រាប់សហគ្រាសធុនតូច និងមធ្យមក្នុងស្រុក និងវិស័យឧស្សាហកម្ម ដែលរងគ្រោះខ្លាំង។

បន្ថែមពីនេះ ក៏ជាការលើកកម្ពស់វិស័យឯកជនរបស់សហរដ្ឋអាមេរិកសម្រាប់ជាប្រភពសំខាន់នៃការយល់ដឹង ការអនុវត្តល្អបំផុត និងបច្ចេកវិទ្យាដែលគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការរៀបចំ និងអនុវត្តកំណែទម្រង់សេដ្ឋកិច្ច ក្នុងគោលបំណងពង្រឹងឧស្សាហកម្មដែលមានស្រាប់ ដោយបណ្ដុះបណ្ដាលតម្លៃបន្ថែមសេវាកម្ម និងឧស្សាហកម្មឲ្យកាន់តែខ្ពស់ និងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងកសាងសមត្ថភាពរួមទាំងការអភិវឌ្ឍធនធានមនុស្ស ការបណ្ដុះបណ្ដាលសហគ្រាសធុនតូច និងមធ្យម និងកម្មវិធីភាពជាអ្នកដឹកនាំយុវជន។ នេះបើតាមការលើកឡើងរបស់លោក ម៉ៃឃើល មីឆាឡាក់។

ជាការពិតទំនាក់ទំនងផ្នែកពាណិជ្ជកម្មរវាងកម្ពុជា-សហរដ្ឋអាមេរិក មានការរីកចម្រើនគួរឲ្យកត់សម្គាល់មែននាដំណាក់កាលចុងក្រោយនេះ។ ក៏ប៉ុន្តែអ្នកតាមដានសង្គម និងនយោបាយកម្ពុជាមួយចំនួនមើលឃើញថានៅមានបញ្ហាជាច្រើនទៀត ដែលកម្ពុជា និងអាមេរិក នៅមានការខ្វែងគំនិតគ្នា ដូចជាកម្ពុជានៅមានភាពមិនច្បាស់លាស់ក្នុងការទទួលបានភាពអនុគ្រោះពន្ធពីសហរដ្ឋអាមេរិក(GSP) ការហាមប្រាមកម្ពុជានាំចូលសម្ភារៈយោធាពីអាមេរិក រួមនឹងបញ្ហានយោបាយទ្វេភាគី និងភូមិសាស្ត្រនយោបាយមួយចំនួនទៀត ដែលកម្ពុជាត្រូវគេមើលឃើញថាលម្អៀងទៅរកចិន ខណៈដែលកម្ពុជា-ចិន មានទំនាក់ទំនងកិច្ចសហប្រតិបត្តិការនឹងគ្នាគ្រប់ជ្រុងជ្រោយ កំរិតខ្ពស់ និងជាមិត្តដែកថែបផងដែរ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ