អានតួអត្ថបទ
កម្ពុជា-សង្គម

ករណីជួញដូរមនុស្សនៅកម្ពុជាត្រូវកំរើកជាថ្មីតាមរយៈការចុះផ្សាយរបស់សារព័ត៌មានបរទេស

ករណី​ជួញ​ដូរ​មនុស្ស​នៅ​ក្នុង​ខេត្ត​ព្រះសីហនុ​ ត្រូវ​បាន​កំរើក​ជា​ថ្មី​ម្តង​ទៀត​ តាម​រយៈ​ការ​ចុះផ្សាយ​របស់​ស្ថាប័ន​សារព័ត៌មាន​អង់គ្លេស ​BBC។​ វីដេអូ​ឯកសារ​ប្រមាណ​ជាង​៥០នាទី​ របស់​BBC​ ដែល​បង្ហោះ ​កាល​ពី​ថ្ងៃ​ទី៨​មីនា ​បាន​បង្ហាញ​ថា ​ជន​រងគ្រោះ​ជា​ច្រើន​នៅ​តែ​បន្ត​ជាប់​ឃុំឃាំង​ នៅ​ក្នុង​ទី​តាំង​បន​ល្បែង​មួយ​ចំនួន​ នៅ​ក្នុង​ខេត្ត​ជាប់​មាត់​សមុទ្រ​មួយ​នេះ។​

ជនរងគ្រោះជាប់ឃុំឃាំង
ជនរងគ្រោះជាប់ឃុំឃាំង © FB
ផ្សាយពាណិជ្ជកម្ម

បញ្ហាជួញដូរមនុស្សនៅកម្ពុជា នៅតែបន្តទទួលបានការចាប់អារម្មណ៍ពីបណ្តាសារព័ត៌មានអន្តរជាតិ។ តាមរយៈវីដេអូប្រមាណជាង៥០នាទី BBC បានបង្ហាញថា ជនរងគ្រោះ ជាជនបរទេសដែលត្រូវបានឆបោកមកធ្វើការនៅទីតាំងបនល្បែងកម្សាន្តក្នុងខេត្តព្រះសីហនុ បានអះអាងថា រូបគេត្រូវបានបង្ខំឲ្យធ្វើការរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ ដោយគ្មានពេលសម្រាក។ ជាការលួចផ្តិតយកវីដេអូខ្លីៗ ជនរងគ្រោះ ដែលស្រង់សម្តីដោយ BBC បានបញ្ជាក់ថា ពួកគេត្រូវបង្ខំឲ្យធ្វើការ បើពុំដូច្នេះ នឹងត្រូវទទួលពិន័យ តាមរយៈការវាយដំ និងការប្រើប្រាស់ឧបករណ៍ឆក់ជាដើម។

តាមជនរងគ្រោះ ដែលស្រង់សម្តីដោយ BBC គឺពួកគេបានចាញ់បោកឧក្រិដ្ឋជនតាមរយៈបណ្តាញសង្គមនានា ដែលឆបោកពួកគេ ពីឱកាសការងារដែលរកប្រាក់ចំណូលបានខ្ពស់នៅក្នុងខេត្តព្រះសីហនុ។ ក៏ប៉ុន្តែអ្វីដែលជាក់ស្តែង គឺពួកគេត្រូវបានឃុំឃាំងនៅកន្លែងការងារ ដោយមិនអនុញ្ញាតឲ្យចេញមកខាងក្រៅ និងមានទំនាក់ទំនងជាមួយសាច់ញាតិ។

ទោះយ៉ាងណា អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានច្រានចោលអំពីការចុះផ្សាយរបស់សារព័ត៌មាន BBC ថាមិនមែនជាការពិតទាំងស្រុង។ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះថា រាប់តាំងពីខែសីហាមក ក្រសួងមហាផ្ទៃទទួលបានពាក្យបណ្តឹងពីជនរងគ្រោះប្រមាណជាង ៧៧០ករណី តាមរយៈហ្វេសប៊ុកផេករបស់លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងផេករបស់អគ្គស្នងការនគរបាលជាតិ។ តាមលោក ខៀវ សុភ័គ អាជ្ញាធរបានចុះបង្រ្កាបទីតាំងចំនួន៥ និងជួយសង្រ្គោះជនរងគ្រោះប្រមាណជាង ១៨០០នាក់។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានអះអាងទៀតថា ទីតាំងដទៃនៅក្នុងខេត្តព្រះសីហនុ ក៏កំពុងស្ថិតនៅក្នុងកណ្តាប់ដៃស៊ើបអង្កេតរបស់អាជ្ញាធរ។ បើតាមលោក ខៀវ សុភ័គ ក្រោយការបង្រ្កាបរបស់អាជ្ញាធរ មួយរយៈកាលចុងក្រោយនេះ បានធ្វើឲ្យករណីជួញដូរមនុស្សនៅកម្ពុជា មានការធ្លាក់ចុះគួរឲ្យកត់សម្គាល់។

នៅទន្ទឹមនេះ លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃ១២ធ្នូ ធ្លាប់ថាចរន្តនៃការវិលត្រឡប់មកវិញដោយឥតគ្រោងទុករបស់ពលករកម្ពុជា ពីប្រទេសគោលដៅក្នុងអំឡុងកូវីដ-១៩ បានធ្វើឲ្យជនទេសន្តរប្រវេសន៍បរទេសខុសច្បាប់ជាច្រើន មានឱកាសបន្លំខ្លួនចូលមកកម្ពុជាដោយខុសច្បាប់ និងបានសម្ងំលាក់ខ្លួន ធ្វើការងារជាមួយនិយោជកទុច្ចរិតមួយចំនួន ដែលបង្កើតបានជាបទល្មើសយ៉ាងអាណាធិបតេយ្យលើទឹកដីកម្ពុជា។

សម្រាប់លោក ស ខេង ចំពោះបញ្ហានេះ រដ្ឋាភិបាលកម្ពុជា មិនបានព្រងើយកន្តើយឡើយ គឺបានដាក់ចេញនូវវិធានការប្រតិបត្តិការ ដើម្បីរុករក បង្ក្រាប និងបោសសម្អាតបទល្មើសជួញដូរមនុស្សគ្រប់ទម្រង់ និងបទល្មើសពាក់ព័ន្ធដទៃទៀតយ៉ាងសកម្ម តាមវិធានការច្បាប់រហូតធ្វើឲ្យកម្ពុជាវិលត្រឡប់មករកស្ថានភាពសុវត្ថិភាព និងសន្តិសុខជាប្រក្រតីឡើងវិញនៅទូទាំងប្រទេស ហើយរដ្ឋាភិបាលនៅតែបន្តការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្ការទប់ស្កាត់ឧក្រឹដ្ឋកម្មឆ្លងដែន ជាពិសេសអំពើជួញដូរមនុស្ស និងបន្តអនុវត្តរាល់បទដ្ឋានដែលជាប្រយោជន៍ដល់ការលើកកម្ពស់ការគោរពសិទ្ធិ និងកិច្ចការពារសុវត្ថិភាពមនុស្សជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ