អានតួអត្ថបទ
កម្ពុជា-កសិកម្ម

(GCF)អនុម័តថវិកាចំនួន ៤៣លានដុល្លារដល់កម្ពុជាលើគម្រោងបង្កើនសមត្ថភាពកសិករខ្នាតតូច

មូលនិធិអាកាសធាតុបៃតង (GCF) បានអនុម័តគម្រោងមួយដែលមានថវិកាចំនួន ៤៣លានដុល្លារដល់ប្រទេសកម្ពុជា ដោយផ្ដោតសំខាន់លើសមត្ថភាពបន្ស៊ាំរបស់កសិករខ្នាតតូច សហគមន៍មូលដ្ឋាន និងតួអង្គខ្សែសង្វាក់តម្លៃផ្សេងទៀតនៃអាងទន្លេសាបខាងជើង ដើម្បីទប់ទល់នឹងការគំរាមកំហែងដោយការប្រែប្រួល​អាកាសធាតុ។ ការអនុម័តគម្រោងដែលមានថវិកាចំនួន ៤៣លានដុល្លារនេះ ធ្វើឡើងនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាភិបាលលើកទី៣៥ នៅសាធារណរដ្ឋកូរ៉េ នាថ្ងៃទី១៥ ខែមីនា។ 

រូបតំណាង
រូបតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

ចំនួនទឹកប្រាក់ដែលបានអនុម័តនឹងផ្តល់ហិរញ្ញប្បទានដោយមូលនិធិអាកាសធាតុបៃតង GCF ប្រមាណ ៤៣លានដុល្លារ លើគម្រោងនេះគឺមានរយៈពេល៦ឆ្នាំ ដែលនឹងផ្តល់អត្ថប្រយោជន៍ដល់កសិករខ្នាតតូច​​ចំនួន ៤៥០ ០០០ និងអ្នកដើរតួក្នុងខ្សែសង្វាក់តម្លៃក្នុងស្រុកនៅតំបន់ភាគខាងជើងនៃអាងទន្លេ​សាប​។ បើតាមGCF អាងទន្លេសាបខាងជើង គឺជាតំបន់កសិកម្មដ៏សំខាន់បំផុតមួយរបស់ប្រទេសកម្ពុជា និងផ្តល់​ធនធានចាំបាច់សម្រាប់ផ្គត់ផ្គង់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ៣លាននាក់។

មិនតែប៉ុណ្ណោះ មូលនិធិអាកាសធាតុបៃតង បានអះអាងថា តំបន់ភាគខាងជើងនៃអាងទន្លេសាបនេះ វាគឺជាតំបន់មួយក្នុងចំនោមតំបន់ដែលងាយរងគ្រោះបំផុតក្នុងប្រទេសដោយសារទឹកជំនន់ និងគ្រោះរាំងស្ងួត ដែលត្រូវបានព្យាករណ៍ថា នឹងកាន់តែញឹកញាប់ និងខ្លាំងឡើងដោយសារតែការប្រែប្រួលអាកាសធាតុ។ ដូច្នេះបញ្ហានេះ ធ្វើឲ្យភាពងាយរងគ្រោះផ្នែកសង្គម​វិទ្យាកាន់តែធ្ងន់ធ្ងរ។

យ៉ាងណាមិញសម្រាប់លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធកសិករកម្ពុជា (CCFC) សង្ឃឹមថា ថវិកាចំនួន ៤៣លានដុល្លារ ដែលអនុម័តផ្ដល់ឲ្យកម្ពុជាពីមូលនិធិអាកាសធាតុបៃតង ដើម្បីបង្កើនសមត្ថភាពបន្ស៊ាំរបស់កសិករខ្នាតតូចនៅជុំវិញបឹងទន្លេសាប វាជារឿងល្អសម្រាប់កសិករនៅទីនោះ ប៉ុន្តែលោកបារម្ភខ្លាចថវិកាទាំងនេះ មិនបានអនុវត្តឲ្យបានត្រឹមត្រូវ និងចំគោលដៅ។ ត្រង់ចំណុចនេះ លោក ថេង សាវឿន ស្នើដល់រដ្ឋាភិបាលបើកឲ្យភាគីពាក់ព័ន្ធ ក្នុងនោះមានសង្គមស៊ីវិលជាដើម ចូលរួមអនុវត្តនូវគម្រោងនេះ ដើម្បីឲ្យមានតម្លាភាពផងដែរ។

ប៉ុន្តែបើតាមលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថានបានលើកឡើងថា ការអនុម័តគម្រោង PEARL គឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការដោះស្រាយបញ្ហាប្រឈមនៃការសម្របខ្លួនជាបន្ទាន់របស់កសិករខ្នាតតូចនៅក្នុងតំបន់។ វាស្របតាមអាទិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា (RGC) ដើម្បីការ​ពារជនងាយរងគ្រោះភាគច្រើនពីផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ និងធានាបាននូវភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍន៍ប្រកប​ដោយចីរភាពនៃវិស័យកសិកម្ម។

សូមបញ្ជាក់ថា គម្រោង “ភាពជាដៃគូសាធារណៈ-សង្គម-ឯកជន ដើម្បីកសិកម្មប្រកបដោយគុណភាព និងជីវភាពរស់នៅប្រកបដោយភាពធន់នៅអាងទន្លេសាបខាងជើង (PEARL)” ត្រូវបានបង្កើតឡើងក្រោមការដឹកនាំរបស់ក្រសួងបរិស្ថាន និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ( MAFF) ដោយមានការគាំទ្រផ្នែកបច្ចេកទេសពីអង្គការស្បៀងអាហារ និងកសិកម្មនៃអង្គការសហប្រជាជាតិ (FAO)។

គម្រោង PEARL ជាគម្រោងទីពីរដែលគាំទ្រដោយ GCF សម្រាប់ប្រទេសកម្ពុជា រួមមានជំនួយចំនួន ៣៦.២លានដុល្លារពី GCF និង ៦.៦លានដុល្លារជាសហហិរញ្ញប្បទានពី MAFF, MoE និង FAO៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ