អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋសភាថាសេចក្តីសម្រេចរបស់សភាអឺរ៉ុប ជាការលូកលាន់កិច្ចការផ្ទៃក្នុងកម្ពុជា

រដ្ឋ​សភា​កម្ពុជា ​បាន​ចេញ​មក​ប្រតិកម្ម​ទៅ​នឹង​សេចក្តី​សម្រេច​របស់​សភាអឺរ៉ុប​ ទាក់​ទង​ទៅ​នឹង​ការ​គ្រោង​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​ និង​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ​ថា​ជា​ការ​បំពាន​អធិបតេយ្យភាព​ និង​លូក​លាន់​កិច្ច​ការ​ផ្ទៃក្នុង​កម្ពុជា។​ ប្រតិកម្ម​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​សភាអឺរ៉ុប​ បាន​បើក​កិច្ច​ប្រជុំ​ពិភាក្សា ​និង​បោះឆ្នោត​គាំទ្រ​សេចក្តី​ស្នើ​ដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​កម្ពុជា​ ដែល​បាន​ធ្វើ​ឲ្យ​ខូច​ខាត​ប្រព័ន្ធ​ប្រជាធិបតេយ្យ ​តាម​រយៈ​ការ​កាត់​ទោស​មេ​ដឹកនាំ​អតីត​បក្ស​ប្រឆាំង ​ឲ្យ​ជាប់​ឃុំ​ជិត​៣០​ឆ្នាំ។​

រដ្ឋសភាកម្ពុជា
រដ្ឋសភាកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

តាមរយៈសេចក្តីថ្លែងការណ៍ ចំនួន២ទំព័រ រដ្ឋសភាកម្ពុជា នៅថ្ងៃទី១៧មីនា បានបង្ហាញពីភាពខកចិត្តចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប។ រដ្ឋសភា បានអះអាងថា សេចក្តីសម្រេចនោះបានបង្ហាញពីការមិនគោរពរបស់សភាអឺរ៉ុប មកលើឯករាជ្យភាព និងអធិបតេយ្យភាពកម្ពុជា។

សេចក្តីថ្លែងការណ៍របស់រដ្ឋសភាកម្ពុជា បានទាត់ចោលចំពោះសេចក្តីសម្រេចរបស់សភាអឺរ៉ុប ដោយបានបញ្ជាក់ជាថ្មីម្តងទៀតថា ខ្លួនមានជំហរស្របគ្នាទៅនឹងការឆ្លើយតប និងសេចក្តីថ្លែងការណ៍ទាំងឡាយរបស់ក្រសួងការបរទេស ទាក់ទងទៅនឹងសំណុំរឿងលោក កឹម សុខា មេដឹកនាំអតីតគណបក្សសង្រ្គោះជាតិ។

រដ្ឋសភាកម្ពុជា លើកឡើងថា​ ការបោះឆ្នោតគាំទ្រសេចក្តីសម្រេចរបស់សភាអឺរ៉ុប ពីសំណាក់ក្រុមសមាជិកឆ្វេងនិយមមួយចំនួននោះ គឺជាការបំពាននយោបាយ និងជ្រែតជ្រែកកិច្ចការផ្ទៃក្នុងកម្ពុជា ក្នុងនាមជារដ្ឋតូច និងទន់ខ្សោយ ដោយមើលរំលងទាំងស្រុងពីគុណតម្លៃនៃលទ្ធិប្រជាធិបតេយ្យ យុត្តិធម៌ និងនីតិរដ្ឋ ដែលកម្ពុជាប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់។

បន្ថែមពីនេះ សេចក្តីថ្លែងការណ៍របស់រដ្ឋសភា បានកត់សម្គាល់ថា សភាអឺរ៉ុប បាននិងកំពុងបំពងសំឡេង ក្នុងការលូកដៃចូលរឿងផ្ទៃក្នុងប្រទេសដទៃ ទោះបីជាត្រូវលះបង់ សន្តិភាព ស្ថិរភាព និងវឌ្ឍនភាពសេដ្ឋកិច្ច-សង្គម ប្រទេសនោះក៏ដោយ។

ទោះយ៉ាងណា សម្រាប់រដ្ឋសភាកម្ពុជា ក៏ដឹងគុណសភាអឺរ៉ុប និងក្រុមប្រឹក្សាអឺរ៉ុប សម្រាប់ការគាំទ្រការអភិវឌ្ឍកម្ពុជា ជាពិសេសការប្រយុទ្ធនឹងជំងឺកូវីដ១៩ និងការស្តារឡើងវិញនៃសេដ្ឋកិច្ចក្រោយជំងឺកូវីដ១៩។

គួរកត់សម្គាល់ថា ប្រតិកម្មរបស់រដ្ឋសភាភ្លាមៗនេះ ធ្វើឡើងបន្ទាប់ពីសភាអឺរ៉ុប នៅក្នុងកិច្ចប្រជុំចំនួនពីរថ្ងៃរបស់ខ្លួន បានលើកយកសេចក្តីស្នើដំណោះស្រាយជាបន្ទាន់សម្រាប់កម្ពុជា ចំនួន៧ចំណុច ក្រោយតុលាការក្រុងភ្នំពេញ កាលពីថ្ងៃទី០៣មីនា បានកាត់ទោស លោក កឹម សុខា ឲ្យជាប់ឃុំចំនួន២៧ឆ្នាំ។

សេចក្តីស្នើទាំង៧ចំណុច របស់សភាអឺរ៉ុប រួមមាន ការទទូចឲ្យរដ្ឋាភិបាលដោះលែងលោក កឹម សុខា ជាបន្ទាន់ ដោយគ្មានលក្ខខណ្ឌ ការធានាបរិយាកាសបោះឆ្នោតថ្នាក់ ដែលសេរី និងយុត្តិធម៌ ការព្រមានពីការដកប្រព័ន្ធអនុគ្រោះពន្ធ EBA នៅក្រោយការបោះឆ្នោត និងការស្នើដាក់ទណ្ឌកម្មលើមន្ត្រីរដ្ឋាភិបាលកម្ពុជា​ ដែលបានបំពានសិទ្ធិមនុស្សយ៉ាងធ្ងន់ធ្ងរ។

សេចក្តីស្នើរបស់សភាអឺរ៉ុប បានទទួលការគាំទ្រដោយសំឡេងភាគច្រើន ចំនួន៤៩៦សំឡេង ខណៈដែល១១សំឡេងបានបោះឆ្នោតប្រឆាំង និង៣៦សំឡេងអនុបវាទ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ