អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន ម៉ាណែត ស្នើឲ្យកាសែត The Cambodia Daily បង្ហាញភស្តុតាងថាលោកជាមេខ្លោងកាប់ឈើខុសច្បាប់

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង​ មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគតផងនោះ បានស្នើទៅកាសែត The Cambodia Daily Khmer បង្ហាញភស្តុតាងជុំវិញការផ្សាយរបស់កាសែតអនឡាញនេះថា លោកគឺជាមេខ្លោងកាប់ឈើខុសច្បាប់នៅប្រទេសកម្ពុជា។ ការលើកឡើងរបស់លោក ហ៊ុន ម៉ាណែត បានធ្វើឡើងតាមរយៈការបង្ហោះឃ្លីបវីដេអូខ្លីនាព្រឹកថ្ងៃចន្ទនេះនៅលើទំព័រហ្វេសប៊ុករបស់លោក។

លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត។
លោក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង មេបញ្ជាការកងទ័ពជើងគោកកម្ពុជា និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត។ © FB/HMN
ផ្សាយពាណិជ្ជកម្ម

តាមរយៈឃ្លីបវីដេអូរយៈពេល៦នាទី និងសំណេរខ្លីនៅលើហ្វេសប៊ុករបស់លោក លោក ហ៊ុន ម៉ាណែត កូនប្រុសច្បងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត បានសួរទៅកាន់កាសែត The Cambodia Daily ឲ្យបង្ហាញភស្តុតាងជុំវិញការចោទប្រកាន់ថា លោកគឺជាមេបណ្តាញនៃការកាប់ឈើខុសច្បាប់នៅខេត្តស្ទឹងត្រែង។

ដើម្បីការពារភាពត្រឹមត្រូវ កិត្តិយស និងសេចក្តីថ្លៃថ្នូរ លោក ហ៊ុន ម៉ាណែត បានស្នើឲ្យកាសែត The Cambodia Daily ធ្វើការកែសម្រួលជាបន្ទាន់ប្រសិនបើគ្មានភស្តុតាងរំលេចនៅលើកាសែត Monga Bay។

សូមបញ្ជាក់ថាកាសែត The Cambodia Daily Khmer កាលពីពេលថ្មីៗនេះ បានផ្សាយតាមបណ្តាញអនឡាញដោយលើកយកកាសែតអាមេរិក Monga Bay កាលពីថ្ងៃ៨ ខែមីនា ដែលសរសេរដោយជនបរទេសម្នាក់ធ្លាប់ធ្វើការឲ្យវិទ្យុ VOD មកធ្វើការផ្សាយបន្ត ហើយមានការលើកឡើងថាលោក ហ៊ុន ម៉ាណែត ជាមេខ្លោងរកស៊ីឈើខុសច្បាប់។

ក៏ប៉ុន្តែ លោក ហ៊ុន ម៉ាណែត បានបញ្ជាក់ថាមិនមានចំណុចណាមួយដែលចោទប្រកាន់ថា លោកជាមេខ្លោងនៃការរកស៊ីឈើខុសច្បាប់ ដែលត្រូវបានចុះផ្សាយនៅលើកាសែត Monga Bay នោះទេ។ បើតាមការថ្លែងរបស់បេក្ខជននាយករដ្ឋមន្ត្រីអនាគតរូបនេះ កាសែតបានភ្ជាប់រូបលោកទៅនឹងបុគ្គលដែលគេចោទប្រកាន់ថាបានរកស៊ីកាប់ឈើខុសច្បាប់នៅខេត្តស្ទឹងត្រែង ហើយជាសមាជិកនៃក្រុមការងារយុវជនក្រៅប្រទេសរបស់លោក។ ក្រៅពីនេះ កាសែតក៏បានលើកឡើងពីរូបថតមួយចំនួន ដែលលោកបានថតជាមួយនឹងបុគ្គលម្នាក់នោះនៅក្នុងកម្មវិធីជាសាធារណៈ ព្រមទាំងច្រានចោលការចោទប្រកាន់ផងដែរ ដោយគ្រាន់តែថតរូបជាមួយគ្នា។

ជាការកត់សម្គាល់ លោក ហ៊ុន ម៉ាណែត បានរងនូវការវាយប្រហារផ្នែកនយោបាយជាបន្តបន្ទាប់ បន្ទាប់ពីលោកត្រូវបានគណបក្សប្រជាជនប្រកាសថាជាបេក្ខជននាយករដ្ឋមន្ត្រីអនាគត កាលពីចុងឆ្នំា២០២២ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ នឹងឈានចូលមកដល់នៅខែកក្កដាខាងមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ