អានតួអត្ថបទ
កម្ពុជា-សង្គម

ក្រសួងអប់រំ សម្រេចដាក់បញ្ចូលកម្មវិធីសិក្សាអក្ខរកម្មឌីជីថលខ្មែរទៅក្នុងសាលារៀនជំនាន់ថ្មី

ក្រសួងអប់រំ និងអង្គការចំនួន២ នឹងត្រៀមដាក់ឱ្យដំណើរការនូវកម្មវិធីសិក្សាផ្នែកអក្ខរកម្មឌីជីថលទៅក្នុងប្រព័ន្ធអប់រំរបស់សាលារៀនជំនាន់ថ្មីនាខែមេសាខាងមុខនេះក្នុងជំហានសាកល្បងរយៈពេល៦ខែ។ ការដាក់បញ្ចូលកម្មវិធីសិក្សាថ្មីទៅកាន់សាលារៀនជំនាន់ថ្មីនាពេលនេះ គឺធ្វើឡើងដើម្បីពង្រឹងសមត្ថភាពនូវការសិក្សាបែបឌីជីថល និងបច្ចេកវិទ្យាទំនើបសម្រាប់គ្រូបង្រៀន និងសិស្សានុសិស្សនៅកម្ពុជា ខណៈកម្មវិធីអក្ខរកម្មជីឌីថលខ្មែរនេះ ក៏នឹងជំរុញបន្ថែមទៅលើការអភិវឌ្ឍជំនាញឌីជីថលនៅក្នុងកម្រិតមធ្យមសិក្សាបឋមភូមិ និងមធ្យមសិក្សាទុតិយភូមិនាពេលអនាគតផងដែរ។  

កិច្ចសហការរវាងក្រុមហ៊ុនមេតា(META) អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE) និងក្រសួងអប់រំ(MOEYS) សាលារៀនជំនាន់ថ្មីចំនួន៦កន្លែង នឹងត្រូវដាក់បញ្ចូលកម្មវិធីសិក្សាថ្មីផ្នែកអក្ខរកម្មឌីជីថលខ្មែរ។
កិច្ចសហការរវាងក្រុមហ៊ុនមេតា(META) អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE) និងក្រសួងអប់រំ(MOEYS) សាលារៀនជំនាន់ថ្មីចំនួន៦កន្លែង នឹងត្រូវដាក់បញ្ចូលកម្មវិធីសិក្សាថ្មីផ្នែកអក្ខរកម្មឌីជីថលខ្មែរ។ © សហការី
ផ្សាយពាណិជ្ជកម្ម

ក្រោមកិច្ចសហការរវាងក្រុមហ៊ុនមេតា(META) អង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា(KAPE) និងក្រសួងអប់រំ(MOEYS) សាលារៀនជំនាន់ថ្មីចំនួន៦កន្លែង នឹងត្រូវដាក់បញ្ចូលកម្មវិធីសិក្សាថ្មីផ្នែកអក្ខរកម្មឌីជីថលខ្មែរ។ ក្នុងនោះ គ្រូបង្គោលចំនួន១២នាក់ក៏នឹងត្រៀមទទួលការបណ្តុះបណ្តាលលើកម្មវិធីសិក្សាផ្នែកព័ត៌មានវិទ្យា ដែលមានស្រាប់នៅក្នុងសាលារៀនជំនាន់ថ្មី និងកម្មវិធីមួយទៀតគឺ យើងគិតពីឌីជីថល (We Think Digital) ដែលមានរយៈពេល៦ខែ ចាប់ពីដើមខែមេសា រហូតដល់ចុងខែកញ្ញា ឆ្នាំ២០២៣។

ក្នុងរយៈពេល៦ខែនៃការដាក់ឱ្យអនុវត្តនូវគម្រោងកម្មវិធីសិក្សាផ្នែកអក្ខរកម្មឌីជីថលខ្មែរនេះ តំណាងក្រសួងអប់រំ និងអង្គការខាងលើរំពឹងថា យ៉ាងហោចណាស់សិស្សពីចន្លោះ៣ពាន់ ទៅ៥ពាន់នាក់ នឹងទទួលបានការបណ្តុះបណ្តាលលើផ្នែកឌីជីថលន ក៏ដូចជាពង្រឹងនូវសមត្ថភាពលើផ្នែកបច្ចេកវិទ្យានេះបន្ថែមទៀត ដើម្បីអាចឱ្យសិស្សទាំងអស់ប្រើប្រាស់ជំនាញបានដោយជាក់ស្តែង។

លោក ហ៊ិន ស៊ីមហួន​នាយករងប្រតិបត្តិនៃសាលារៀនជំនាន់ថ្មីបានឱ្យដឹងថា ការដាក់បញ្ចូនកម្មវិធីសិក្សាថ្មីបន្ថែមនេះ នឹងជួយជំរុញឱ្យសមត្ថភាពរបស់សិស្សដែលកំពុងរៀននៅក្នុងសាលារៀនជំនាន់ថ្មី កាន់តែយល់ច្បាស់ពីចំណេះដឹងផ្នែកឌីជីថល និងការវិវត្តន៍នៃឧស្សាហកម្ម៤.០ ពីព្រោះថា ៨០%នៃសិស្សដែលកំពុងសិក្សាក្នុងសាលារៀនជំនាន់ថ្មី ពួកគេមានសម្ភារៈសិក្សាបែបអេឡិចត្រូនិក ដូចជា កុំព្យូទ័រ ស្មាតហ្វូនជាដើម។

ប៉ុន្តែលោកថា បញ្ហាប្រឈមអាចនឹងកើតមានឡើងចំពោះកម្មវិធីសិក្សាថ្មីនេះ ត្បិតសិស្សមួយចំនួននៅមិនទាន់យល់ដឹង ឬបន្សំខ្លួនជាមួយនឹងបរិបទឌីជីថលថ្មីនៅឡើយ។ បើតាម លោក ហ៊ិន ស៊ីមហួន ការជ្រើសយកសាលារៀនជំនាន់ថ្មីសម្រាប់កម្មវិធីអក្ខរកម្មឌីជីថលខ្មែរនេះ គឺជាចំណុចចាប់ផ្តើមមុននឹងឈានដល់ការអនុវត្តទៅលើសាលារៀនទាំងកម្រិតបឋម រហូតដល់ទុតិយភូមិទាំងអស់នៅកម្ពុជា។ 

ចំណែក លោកស្រី គឹម​ សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងថា ភាគីក្រសួងនឹងរង់ចាំមើលលទ្ធផលរបស់កម្មវិធីអក្ខរកម្មឌីជីថលខ្មែរនេះ ថាតើកម្មវិធីដែលដាក់ឱ្យអនុវត្តក្នុងសាលារៀនជំនាន់ថ្មីអាចផ្តល់ផលវិជ្ជមានដល់សិស្ស និងគ្រូបានកម្រិតណា។

តែយ៉ាងណា លោកស្រីថា កម្មវិធីអក្ខរកម្មឌីជីថលខ្មែរ នឹងក្លាយជាធាតុចូលដ៏សំខាន់មួយបន្ថែមពីលើគោលនយោបាយរបស់រដ្ឋាភិបាល ដើម្បីសម្រេចបានជោគជ័យលើវិស័យអប់រំក្នុងប្រព័ន្ធឌីជីថល ព្រោះថា ការបញ្ជៀបចំណេះដឹងផ្នែកឌីជីថលទៅក្នុងថ្នាក់រៀន នឹងជំរុញឱ្យបច្ចេកទេសបង្រៀនរបស់គ្រូទៅកាន់សិស្សកាន់តែទូលំទូលាយ។

សូមជម្រាបថា បច្ចុប្បន្នកម្ពុជាមានសាលារៀនជំនាន់ថ្មីចំនួន១១កន្លែង ក្នុងនោះមានសាលាបឋមសិក្សាមានចំនួន៤ និងមធ្យមសិក្សាមានចំនួន៧។ បើតាមក្រសួងអប់រំ សាលារៀនជំនាន់ថ្មី គឺជាកម្មវិធីសិក្សាថ្មីមួយដែលក្រសួងអប់រំបានដាក់ឲ្យអនុវត្តន៍ក្នុងដំណាក់កាលសាកល្បងនៅឆ្នាំ២០១៥។ ការអនុវត្តន៍នេះ គឺធ្វើទាំងថ្នាក់បឋម និងថ្នាក់មធ្យមសិក្សា ក្នុងបំណងធ្វើឲ្យការអប់រំនៅកម្ពុជាកាន់តែល្អប្រសើរ ដូចទៅនឹងប្រទេសមួយចំនួននៅក្នុងតំបន់ និងលើពិភពលោក។ ហើយបច្ចុប្បន្ននេះ បើយោងតាមរបាយការណ៍ស្ទង់មតិសិស្សរបស់អង្គការKAPE គឺថា សិស្សចំនួន៩៣%បានយល់ដឹងពីប្រព័ន្ធឌីជីថល ៣២%​សិស្សមានកុំព្យូទ័រប្រើប្រាស់ និង៣២% ទៀត​ សិស្សកំពុងប្រើប្រាស់ទូរស័ព្ទដៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ