អានតួអត្ថបទ
កម្ពុជា-កសិកម្ម

កសិកររអ៊ូរថា បាត់ទីផ្សារផ្គត់ផ្គង់ ក្រោយបន្លែនាំចូលពីប្រទេសជិតខាងហូរចូលដូចទឹក

កសិករក្នុងស្រុករអ៊ូរថា លំហូរនាំចូលបន្លែពីប្រទេសជិតខាងយ៉ាងគំហុក បានបង្កជាការរាំងស្ទះដល់ទីផ្សារដាំដុះ និងផ្គត់ផ្គង់បន្លែដែលផលិតដោយកសិករក្នុងស្រុក ខណៈតម្លៃលក់វិញ នៅមិនទាន់អាចប្រកួតប្រជែងជាមួយបន្លែក្រៅប្រទេសដែលកំពុងបន្តនាំចូលមកប្រទេសកម្ពុជាឡើយ។ សម្រាប់កសិករ បើរដ្ឋាភិបាលមិនទប់ស្កាត់ការនាំចូលបន្លែពីក្រៅប្រទេសឱ្យស្ថិតក្នុងបរិមាណតិចតូចជាងនេះទេ នោះចង់មិនចង់កសិករដាំដុះបន្លែក្នុងស្រុក នឹងបន្តប្រឈមបញ្ហាបាត់បង់ទីផ្សារផ្គត់ផ្គង់ ឬអាចឈានដល់ការបោះបង់ដីធ្វើកសិកម្មដាំដុះបន្លែថែមទៀត។  

កសិកម្មបន្លែ (រូបតំណាង)
កសិកម្មបន្លែ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោក អូន រ៉ូបាំង ម្ចាស់ចំការដាំបន្លែក្នុងស្រុកសំឡូត ខេត្តបាត់ដំបងបានសង្កេតឃើញថា ក្នុងមួយថ្ងៃៗ បន្លែនាំចូលពីប្រទេសជិតខាងរួមមាន ប្រទេសថៃ វៀតណាម និងចិន គឺបរិមាណនាំចូលរាប់រយតោន។  លោកថា ភាគច្រើននៅតាមទីផ្សារលក់បន្លែមិនសូវមានឡើយ បន្លែដែលដាំដុះនៅស្រុក​ ពីព្រោះបន្លែនាំចូលពីក្រៅប្រទេស បានវាយលុកស្ទើតែគ្រប់ច្រកល្ហកទាំងអស់។​

តួយ៉ាង បន្លែស្ពៃក្តោប ត្រសក់ ត្រឡាច សាឡាត់​ និងបន្លែជាច្រើនប្រភេទទៀត កំពុងប្រឈមនឹងការបាត់បង់ទីផ្សារផ្គត់ផ្កង់ ខណៈតម្លៃវិញ កសិករលក់បានថោក ឬលក់នៅក្រោមទីផ្សារខ្លាំង។ នេះបើតាមលោក អូន រ៉ូបាំង។

ម្ចាស់ចំការដាំបន្លែរូបនេះបានប្រាប់វិទ្យុបារាំងអន្តរជាតិRFIថា ស្ពៃក្តោបភាគច្រើននាំចូលមកពីវៀតណាម និងចិន ហើយតម្លៃបោះដុំបានថោកជាងស្ពៃក្តោបដែលនាំចូលពីក្រៅប្រទេស បើទោះបីស្ពៃក្តោបបច្ចុប្បន្នបានហក់តម្លៃបានខ្លះមកវិញបន្តិច ដោយពីមុន១គីឡូ ៦០០រៀល បច្ចុប្បន្នឡើងបាន១៣០០រៀល។

តែយ៉ាងណាស្ថានភាពបច្ចុប្បន្ន ត្រសក់បែរជាធ្លាក់ថ្លៃទៅវិញ ដោយ១០គីឡូលក់បានត្រឹមតែ៣០០០រៀលប៉ុណ្ណោះ។ ជាការបញ្ជាក់បន្ថែមទៀត លោក រ៉ូ បាំងថា បញ្ហាធ្លាក់ថ្លៃ និងខ្វះទីផ្សារនេះកើតចេញពីការនាំចូលបន្លែពីក្រៅប្រទេសលើសលុប ត្បិតពលរដ្ឋក្នុងស្រុកមិនសូវបរិភោគបន្លែធម្មជាតិដែលផលិតក្នុងស្រុក។  បើតាម លោក រ៉ូបាំង កសិករដាំដុះបន្លែភាគច្រើនក្នុងស្រុកសំឡូតបានបោះបង់មុខរបរកសិកម្មខ្លួន ហើយងាកទៅចាប់យករបរថ្មីដែលខុសស្រឡះពីវិស័យកសិកម្ម ខណៈកសិករខ្លះចំណាកស្រុកទៅធ្វើការនៅឯក្រៅប្រទេសវិញ បន្ទាប់ពីខាតបង់ច្រើនពីការដាំដុះបន្លែ។

ជុំវិញរឿងដែរ ប្រធាន​មជ្ឈមណ្ឌល​អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​ការអភិវឌ្ឍន៍ និង​សន្តិភាព លោក យង់ គីមអេង សង្កេត​ឃើញ​ថា បន្លែ​នាំចូល​ពី​ក្រៅ​ប្រទេស គឺមានតម្លៃ​ថោក​ជាង បន្លែ​ក្នុង​ស្រុក។ ថោកជាង ដោយសារ​បន្លែ​នាំចូល​ចំណាយ​ថ្លៃ​ដើម​តិច កម្លាំង​ពលកម្ម​តិច និង ដាំដុះ​មាន​រយៈ​ពេល​ខ្លី។ ម្ល៉ោះហើយលោក​ ​ថា រដ្ឋាភិបាល​គួរតែ​រក​មធ្យោបាយ​ដោះស្រាយ​រឿង​នេះ​ ដើម្បី​ជួយ​កសិករ​ឱ្យ​មាន​ជីវភាព​ធូរធា និងជៀសវាងពីការបោះបង់មុខរបរធ្វើកសិកម្មនេះ។

សូមជម្រាបថា កាលពីចុងឆ្នាំ ២០២២  របាយការណ៍​របស់​ក្រសួងកសិកម្មបាន​បង្ហាញថា​ កម្ពុជា​បាន​នាំចូល​បន្លែពីប្រទេសជិតខាងប្រមាណ​ជិត​២ ពាន់ ៥រយតោន ក្នុង​១ ​ថ្ងៃ។  បើតាមក្រសួងកសិកម្ម ​ការនាំ​បន្លែ​ពី​ក្រៅប្រទេសច្រើនបែបនេះ ​ដោយសារ​កម្ពុជា កាដាំដុះក្នុងស្រុកនៅជួប​បញ្ហា​បច្ចេកទេស​ដាំ​ដុះ សម្ភារ​កសិកម្ម​​ថ្លៃ និង​​គ្រោះធម្មជាតិ ទើប​វិស័យ​ឯកជន​បាន​នាំចូល​បន្លែ​ពី​ក្រៅ​ស្រុក​បន្ថែម ដើម្បី​មក​បំពេញតម្រូវការ​។

ខណៈ បច្ចុប្បន្ននេះ ​កម្ពុជា​ បាន​ផលិតដំណាំ​បន្លែ​មាន​ចំនួន ២, ៤៨៩ ​តោន ក្នុង​ ១ ​ថ្ងៃ ឬស្មើនឹង​ ៧៣%។ ចំណែក​តម្រូវការ​បន្លែ​សរុប​ក្នុងស្រុក​មាន​ចំនួន ៣, ៣៨៩​ តោន ក្នុង​ ១ ​ថ្ងៃ ដែល​ធ្វើ​ឲ្យ​ប្រទេស​កម្ពុជា​ត្រូវ​នាំចូល​បន្លែ​ពី​ក្រៅប្រទេស​ចំនួនជាង ៩០០​ តោន ក្នុង ១ ​ថ្ងៃ ឬស្មើនឹង​ ២៧%​។ ហើយ ភាគច្រើន​បន្លែ​ដែល​ប្រទេស​កម្ពុជា​នាំចូល គឺ​បន្លែ​ដែល​ដាំ​ដុះ​ខែត្រជាក់​ដូចជា ការ៉ុត ដំឡូងបារាំង ស្ពៃបូកគោ និង​ខ្ទឹមបារាំង និង​បន្លែ​គ្រប់មុខ​ជាច្រើន​ទៀត​៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ