អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សភ្លើងទៀនរៀបចំគោរពវិញ្ញាណក្ខន្ធបាតុករដែលស្លាប់ដោយគ្រាប់បែកដៃ៤គ្រាប់ទាំងមិនមានពន្លឺយុត្តិធម៌

គណបក្សភ្លើងទៀននៅថ្ងៃទី៣០ ខែមីនាស្អែកនេះ នឹងរៀបចំពិធីសូត្រមន្តបង្សុកូលនៅស្តូបជនរងគ្រោះមុខរដ្ឋសភាចាស់ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធបាតុករ ដែលបានបាត់បង់ជីវិតដោយគ្រាប់បែបដៃចំនួន ៤គ្រាប់ អំឡុងពេលបាតុកម្មអហិង្សាកាលពីឆ្នាំ ១៩៩៧ ដើម្បីទាមទារយុត្តិធម៌សង្គម។ ការប្រារព្ធពិធីសាសនានេះ ក៏ត្រូវបានអនុញ្ញាតដោយសាលារាជធានីភ្នំពេញផងដែរ។ 

លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនក្នុងពិធីសូត្រមន្តបង្សុកូលនៅស្តូបជនរងគ្រោះមុខរដ្ឋសភាចាស់ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធបាតុករ ដែលបានបាត់បង់ជីវិតដោយគ្រាប់បែបដៃចំនួន ៤គ្រាប់ អំឡុងពេលបាតុកម្មអហិង្សាកាលពីឆ្នាំ ១៩៩៧ ដើម្បីទាមទារយុត្តិធម៌សង្គម។
លោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនក្នុងពិធីសូត្រមន្តបង្សុកូលនៅស្តូបជនរងគ្រោះមុខរដ្ឋសភាចាស់ ដើម្បីរំលឹកដល់វិញ្ញាណក្ខន្ធបាតុករ ដែលបានបាត់បង់ជីវិតដោយគ្រាប់បែបដៃចំនួន ៤គ្រាប់ អំឡុងពេលបាតុកម្មអហិង្សាកាលពីឆ្នាំ ១៩៩៧ ដើម្បីទាមទារយុត្តិធម៌សង្គម។ © Internet
ផ្សាយពាណិជ្ជកម្ម

ដោយគ្រោងមនុស្សចូលរួមចំនួន៣០០នាក់ គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងលេចធ្លោជាងគេសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ នឹងនិមន្តព្រះសង្ឃចំនួន៩អង្គ សូត្រមន្តបង្សុកូលនៅស្តូបជនរងគ្រោះដោយសារគ្រាប់បែក៤គ្រាប់នៅមុខរដ្ឋសភាចាស់។

ក៏ប៉ុន្តែការជួបជុំគ្នាប្រារព្ធពិធីប្រពៃណីសាសនានេះ ត្រូវអាជ្ញាធររាជធានីភ្នំពេញ ប្រាប់ទៅលោក ទាវ វណ្ណុល ប្រធានគណបក្សភ្លើងទៀនឲ្យគោរពតាមលក្ខខណ្ឌចំនួន៥ចំណុចដែរ ដូចជាអ្នករៀបចំត្រូវទទួលខុសត្រូវសន្តិសុខដល់អ្នកចូលរួម មិនយកពិធីនេះវាយប្រហារព្រះមហាក្សត្រ ស្ថាប័នជាតិ ឥស្សរជនជាន់ខ្ពស់រដ្ឋាភិបាល ឬបំផុសញុះញង់ប្រជាពលរដ្ឋឡើយ។ ក្រៅពីនេះ អ្នករៀបចំក៏ត្រូវរក្សាឲ្យបាននូវបញ្ហាអនាម័យបរិស្ថាន ការប្រើឧបករណ៍បំពងសំលេងដែលមិនមានការរំខាន និងត្រូវគោរពតាមវិធានសុខាភិបាល។ នេះបើតាមលិខិតរបស់សាលារាជធានីភ្នំពេញកាលពីថ្ងៃទី២២ ខែមីនាកន្លងទៅ។

សូមរំលឹកថានៅថ្ងៃទី៣០​ ខែមីនា កាលពី២៦ឆ្នាំមុន មនុស្សយ៉ាងហោចណាស់១៦នាក់ បានបាត់បង់ជីវិត និងជាង១០០នាក់ផ្សេងទៀត បានរងរបួសដោយសារការវាយប្រហារដោយគ្រាប់បែកដៃចំនួន៤គ្រាប់ពីក្រុមជនមិនស្គាល់មុខ ចំកណ្តាលហ្វូងបាតុករ ដែលដឹកនាំដោយលោក សម រង្ស៊ី កាលណោះជាប្រធានគណបក្សជាតិខ្មែរ ដើម្បីទាមទារលក្ខខណ្ឌការងារ យុត្តិធម៌សង្គម និងកំណែទម្រង់ប្រព័ន្ធតុលាការនៅខាងមុខមន្ទីររដ្ឋសភាចាស់។

រយៈពេលជាង២០ឆ្នាំកន្លងទៅ ក្រុមគ្រួសារជនរងគ្រោះ ក៏ដូចជាអ្នកនយោបាយប្រឆាំងតែស្រែកទាមទាររកយុត្តិធម៌ និងតែងប្រារព្ធពិធីបុណ្យបង្សុកូលរំឭកវិញ្ញាណក្ខន្ធដល់អ្នកស្លាប់ជារៀងរាល់ថ្ងៃ៣០ ខែមីនា តរៀងមក។ ក៏ប៉ុន្តែយុត្តិធម៌សម្រាប់អ្នកស្លាប់ និងអ្នករងរបួសមិនទាន់មានចម្លើយជាវិជ្ជមាននោះទេ ខណៈអ្នកនយោបាយប្រឆាំងតែងចោទប្រកាន់ និងទំលាក់ការទទួលខុសត្រូវទៅលើអ្នកនយោបាយកាន់អំណាច  ហើយអ្នកនយោបាយកាន់អំណាចតែងច្រានចោលការចោទប្រកាន់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ