អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ថាក្រុមលោក សម រង្ស៊ី ធ្លាប់ស្នើលោក អាន់វ៉ា សុំចូលទឹកដីម៉ាឡេស៊ីដើម្បីធ្វើសកម្មភាពប្រឆាំងរដ្ឋាភិបាលកម្ពុជា

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានបង្ហើបឲ្យដឹងថា ក្រុមលោក សម រង្ស៊ី ធ្លាប់បានស្នើសុំលោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ចូលទឹកដីម៉ាឡេស៊ី ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ តាមលោក ហ៊ុន សែន គឺលោកទទួលបានព័ត៌មាននេះ ពីនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ក្រោយពេលដែលមេដឹកនាំប្រទេសទាំងពីរបានជួបគ្នា កាលពីចន្ទកន្លងទៅ។

លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនិរទេសកម្ពុជា ជួបពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅវិមានរដ្ឋសភា ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។
លោក សម រង្ស៊ី មេដឹកនាំគណបក្សប្រឆាំងនិរទេសកម្ពុជា ជួបពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយនៅខាងក្រៅវិមានរដ្ឋសភា ក្នុងទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ ២០១៩។ AP - Vincent Thian
ផ្សាយពាណិជ្ជកម្ម

នៅក្នុងពិធីចែកប្រគល់វិញ្ញាបនបត្រ និងសញ្ញាបត្រជូនសិក្ខាកាម និងនិស្សិតវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានអះអាងថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី បានប្រាប់លោក ពីគម្រោងរបស់ក្រុមលោក សម រង្ស៊ី ដែលចង់ចូលទឹកដីម៉ាឡេស៊ី ដើម្បីធ្វើសកម្មភាពប្រឆាំងនឹងរដ្ឋាភិបាលកម្ពុជា។ តែទោះយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាលោក អាន់វ៉ា អ៊ីប្រាហ៊ីម បានសន្យាជាមួយលោក ដោយមិនឲ្យក្រុមរបស់លោក សម រង្ស៊ី អាចូលទឹកដីម៉ាឡេស៊ីបានឡើយ។

បើតាមលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន មានក្រុមតំណាងរាស្ត្រម៉ាឡេស៊ីបានស្នើទៅលោក អាន់វ៉ា ដើម្បីឲ្យក្រុមរបស់លោក សម រង្ស៊ី ចូលមកទឹកដីម៉ាឡេស៊ីដើម្បីធ្វើបទបង្ហាញ ក៏ប៉ុន្តែសំណើនេះត្រូវបាននាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលទើបទទួលតួនាទីមួយនេះ បដិសេដ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាប្រសិនបើនាយករដ្ឋមន្ត្រីម៉ាឡេស៊ី ហ៊ានឲ្យក្រុមលោក សម រង្ស៊ី ជាន់ទឹកដីម៉ាឡេស៊ី នោះនឹងធ្វើឲ្យប៉ះទង្គិចទំនាក់ទំនងរដ្ឋនិងរដ្ឋ ដោយមើលមុខគ្នាមិនត្រង់។ តាមលោក ហ៊ុន សែន គឺក្រុមអ្នកនយោបាយនៅក្រៅប្រទេស កុំសង្ឃឹមថាដំណើរទស្សនកិច្ចរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម គឺមកប្រដៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឲ្យសោះ។

គួរកត់សម្គាល់ថា លោក អាន់វ៉ា អ៊ីប្រាហ៊ីម នាយករដ្ឋមន្ត្រីម៉ាឡេស៊ី ដែលជាប់ឆ្នោតថ្មី គឺជាអ្នកនយោបាយមកបក្សប្រឆាំង និងមានទំនាក់ទំនងជិតស្និតជាមួយលោក សម រង្ស៊ី និងបណ្តាក្រុមមន្ត្រីនៃអតីតគណបក្សសង្រ្គោះជាតិ។ លោកទើបតែមកបំពេញទស្សនកិច្ចនៅកម្ពុជា កាលពីថ្ងៃទី២៧មីនា ដែលក្រសួងការបរទេសកម្ពុជា អះអាងថា ជាការពង្រឹងទំនាក់ទំនងការទូតរវាងកម្ពុជា និងម៉ាឡេស៊ី ឲ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

ដំណើរទស្សនកិច្ចរបស់លោក អាន់វ៉ា មានការកត់សម្គាល់ច្រើនពីបណ្តាអ្នកវិភាគនយោបាយ និងក្រុមអ្នកនយោបាយរស់នៅក្រៅប្រទេស។ ក្នុងនោះលោកស្រី មូរ សុខហួរ មន្ត្រីជាន់ខ្ពស់នៃអតីតគណបក្សសង្រ្គោះជាតិ បានសរសេរលើបណ្តាញសង្គមធ្វីតធ័រ ដោយបង្ហាញពីការស្វាគមន៍ចំពោះលោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលបានមកបំពេញទស្សនកិច្ចជាផ្លូវការនៅកម្ពុជា។

យ៉ាងណាមិញ លោក ហ៊ុន សែន នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានប្រាប់ទៅក្រុមអ្នកនយោបាយរស់នៅក្រៅប្រទេសថា ពួកគេអាចទាក់ទងក្នុងក្របខណ្ឌប្រឆាំង ជាមួយនឹងលោក អាន់វ៉ា កាលលោកនៅជាបក្សប្រឆាំង ក៏ប៉ុន្តែក្នុងនាមជានាយករដ្ឋមន្ត្រីម៉ាឡេស៊ីពេលនេះ គឺលោកនឹងក្លាយទៅជាដៃគូរបស់អ្នកកាន់អំណាច តួយ៉ាងដូចជា លោក ហ៊ុន សែន ផ្ទាល់។ តាមលោក ហ៊ុន សែន គឺមេដឹកនាំនីមួយៗ មានគុណធម៌ និងមិនជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេសដទៃទៀត។

គួរបញ្ជាក់ថា នៅក្នុងដំណើរមាតុភូមិនិវត្តន៍ ៩វិច្ឆិកា២០១៩ លោក សម រង្ស៊ី និងក្រុមមន្ត្រីអតីតបក្សសង្រ្គោះជាតិ បានបរាជ័យចូលមកកម្ពុជា តាមច្រកប្រទេសថៃ ហើយត្រូវត្រលប់ទៅក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ី។ នៅម៉ាឡេស៊ី គ្រានោះ លោក សម រង្ស៊ី បានចូលរួមប្រជុំជាមួយក្រុមតំណាងរាស្ត្រម៉ាឡេស៊ី ដែលជាការអញ្ជើញរបស់តំណាងរាស្រ្តមួយរូប គឺអ្នកស្រី នូរុលអៃសះ អាន់វ៉ា កូនស្រីរបស់លោក អាន់វ៉ា អ៊ីប្រាហ៊ីម ដែលជានាយករដ្ឋមន្ត្រីបច្ចុប្បន្ន។ លោក សម រង្ស៊ី បានអះអាងថា ម៉ាឡេស៊ីបានគាំទ្រលោក ចំពោះការ​ស្ដារ​លទ្ធិ​ប្រជាធិបតេយ្យ និង​សិទ្ធិមនុស្ស នៅកម្ពុជា៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ