អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក យ៉េង វីរៈ អះអាងថា​មិនចាកចេញពីគណបក្សប្រជាធិបតេយ្យមូលដ្ឋាន

លោក យ៉េង វីរៈ អះអាង​ប្រាប់​អ្នកគាំទ្រថាលោក​នឹងមិនចាកចេញទៅណាចោលគណបក្សប្រជាធិបតេយ្យមូលដ្ឋាននោះទេ។ ការ​ចេញមុខអះអាងនេះ​ធ្វើឡើង​ភ្លាមៗ បន្ទាប់ពីលោកបណ្ឌិត សាម អ៊ីន ប្រធានស្តីទីគណៈកម្មាធិការនាយកគណបក្សនេះ បានចាកចេញទៅចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា លំនាំដូចគ្នា នឹងលោកបណ្ឌិត យ៉ង សាំងកុមារ។ សម្រាប់ លោក យ៉េង វីរៈ ដែលជាប្រធានគណបក្សនៅចាំផ្ទះ មិនមែនលោក​មិនខកចិត្តនឹងការបន្តចាកចេញរបស់​ស្ថាបនិកទាំងនោះទេ តែលោកមិនថ្កោលទោស ឬហាមឃាត់សិទ្ធិសេរីភាពរបស់អ្នកនយោបាយឡើយ។ 

លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន
លោក យ៉េង វីរៈ ប្រធាន​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន © Internet
ផ្សាយពាណិជ្ជកម្ម

ដោយអះអាងថា គណបក្សប្រជាធិបតេយ្យមូលដ្ឋាន ជាគណបក្សអហិង្សា លោក យ៉េង វីរៈ ប្រធានគណបក្សនៅចាំផ្ទះ មិនថ្កោលទោសឬ ហាមឃាត់សិទ្ធិសេរីភាពរបស់អ្នកនយោបាយឡើយ ដោយថា​គណបក្សនេះគោរពសិទ្ធិមនុស្ស និងសិទ្ធបុគ្គលក្នុងការធ្វើនយោបាយ។

ទោះជាយ៉ាងណានេះ មិនមែនបានន័យថាលោក យ៉េង វីរៈ មិនចែករំលែកការខកចិត្តនិងសោកស្តាយ ចំពោះការបាត់បង់សមាជិករបស់គណបក្សនេះទេ។ តែធានាចំពោះសមាជិក និងអ្នកគាំទ្រថាលោកមិនចាកចេញទៅណានោះទេ។

នៅគ្រា​ដែល​ស្ថាបនិក​ប្រកៀកស្មា​បន្តដើរចេញ លោក យ៉េង វីរៈ គូសបញ្ជាក់ថា លោកត្រូវខិតខំ ប្រឹងប្រែងទ្វេដង ក្នុងតួនាទីជាប្រធានគណបក្ស ដើម្បីសម្រេចគោលបំណង និងគោលនយោបាយ គឺស្តារឡើងវិញនូវគោលការណ៍ប្រជាធិបតេយ្យនៅកម្ពុជា ចាប់ផ្តើមពីការបង្កើតសំឡេងនៅតាមថ្នាក់ឃុំ-សង្កាត់ និងត្រៀមចូល​រួមការបោះឆ្នោតសភាជាតិនៅខែកក្កដា។

ក្នុងការបោះឆ្នោតឃុំ សង្កាត់ កាលពីថ្ងៃទី ៥ ខែមិថុនា២០២២ គណបក្សប្រជាធិបតេយ្យមូលដ្ឋានទទួលបាន៦អាសនៈក្រុម​ប្រឹក្សា គឺកើនមួយ​អាសនៈ​ធៀប​នឹង​ឆ្នាំ​២០១៧។

សូមបញ្ជាក់ថា លោកបណ្ឌិត សាម អ៊ីន ដែលទៅចូលរួមធ្វើនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា ត្រូវបានលោក ហ៊ុន សែន ស្នើតែងតាំង ជារដ្ឋលេខាធិការនៅក្រសួងបរិស្ថាន។ លោក សាម អ៊ីន ទើបឡើងជាប្រធានស្តីទីគណៈកម្មាធិការនាយកនៃគណបក្សប្រជាធិបតេយ្យមូលដ្ឋាន កាលពីចុងឆ្នាំ២០២២ ជំនួសលោកបណ្ឌិត យ៉ង់ សាំងកុមារ ដែលទៅចូលរួមនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា និងកំពុងកាន់តំណែងរដ្ឋលេខាធិការនៅក្រសួងកសិកម្ម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ