អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន ប្រាប់បរទេសថាអាចផ្តាច់ទូតពីកម្ពុជាបើជ្រើសរើសអ្នកប្រឆាំងមួយក្រុម

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រាប់ឲ្យមិត្តភក្តិបរទេសជ្រើសរើសរវាងរដ្ឋាភិបាលកម្ពុជា និងក្រុមអ្នកប្រឆាំងនឹងរដ្ឋាភិបាលមួយក្រុម ដោយលោកជម្រុញឲ្យបរទេសផ្តាច់ចំណងការទូតពីកម្ពុជា ប្រសិនបើពួកគេជ្រើសរើសយកក្រុមប្រឆាំង។ ការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដូច្នេះ ធ្វើឡើងខណៈលោកធ្វើជាអធិបតីនៅក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ នាព្រឹកថ្ងៃទី០៣ ខែមេសានេះ។ 

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់មន្ទីរពេទ្យបង្អែកស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ © FB/SPM
ផ្សាយពាណិជ្ជកម្ម

នៅពីមុខឯកអគ្គរដ្ឋទូតជប៉ុនប្រចាំកម្ពុជា មន្ត្រីរាជការ និងពលរដ្ឋជាច្រើននាក់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចោទសួរទៅមិត្តភក្តិបរទេស ឲ្យមានការជ្រើសរើសរវាងប្រទេសកម្ពុជា ឬជ្រើសរើសបុគ្គលមួយក្រុមដែលប្រព្រឹត្តខុស។ លោកនាយករដ្ឋមន្ត្រីថា ពួកគេអាចផ្តាច់ទូតចេញពីកម្ពុជា ប្រសិនបើពួកគេជ្រើសរើសមនុស្សមួយក្រុមដែលច្បាប់ដាក់ទោស។ តែលោកបញ្ជាក់ថានេះជាទំនាក់ទំនងរវាងប្រទេសនិងប្រទេសដែលបរទេសទាំងនោះត្រូវគិត។

ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះ ក៏ព្រោះតែលោកមិនពេញចិត្តនឹងប្រទេសលោកខាងលិចមួយចំនួន ដែលតែងតែធ្វើការគាំទ្រដល់សកម្មភាពនានារបស់ក្រុមប្រឆាំង ដូចជាការតវ៉ារបស់បុគ្គលិកកាស៊ីណូណាហ្គាវើលដ៏ ការគាំទ្រសេរីភាពសារព័ត៌មានខណៈដែលវិទ្យុ VOD ទើបត្រូវបិទកាលពីពេលថ្មីៗនេះ។ ការអំពាវនាវរបស់ក្រុមប្រឆាំងឲ្យកងកម្លាំងប្រដាប់អាវុធផ្តួលរំលំរដ្ឋាភិបាល អំពាវនាវឲ្យព្រះមហាក្សត្រចុះចេញពីរាជបល្ល័ង្គ ក៏ជាចំណុចធំៗដែលលោក ហ៊ុន សែន មានការខឹងសម្បារនឹងបរទេសមួយចំនួន និងចោទជាសំណួរឲ្យមានការជ្រើសរើសរវាងលោក និងក្រុមប្រឆាំង។

លោកនាយករដ្ឋមន្ត្រីក៏បានបង្ហើបផងដែរពីការលើកឡើងរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ី អំឡុងពេលទស្សនកិច្ចនៅកម្ពុជាកាលពីពេលថ្មីៗនេះថា ប្រទេសមហាអំណាចគួរបញ្ឈប់ការលូកដៃចូលកិច្ចការផ្ទៃក្នុងប្រទេសនានា ដែលលោកសម្តែងការគាំទ្រ និងចាត់ទុកថាជាដៃគូដ៏ល្អមួយក្នុងអាស៊ាន។

ដោយមិនមែនជាការដាក់ផ្លែឲ្យជប៉ុន លោក ហ៊ុន សែន បានបញ្ជាក់ថាបរទេសតែងមកបង្ខំលោក និងមន្ត្រីរដ្ឋាភិបាលឲ្យទៅជ្រៀតជ្រែកតុលាការ ខណៈដែលបរទេសទាំងនោះតែងប្រដៅកម្ពុជាឲ្យគោរពអំណាចទាំង៣ គឺអំណាចនីតិបញ្ញត្តិ អំណាចនីតិប្រតិបត្តិ និងអំណាចតុលាការ។

សូមរំលឹកថាបន្ទាប់ពីតុលាការក្រុងភ្នំពេញបានប្រកាសផ្តន្ទាទោសលោក កឹម​ សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិឲ្យជាប់ពន្ធនាគារ២៧ឆ្នាំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីពាក់កណ្តាលខែមីនា បានស្តីបន្ទោសអ្នកការទូតលោកខាងលិចនានា ដែលតែងតែជួបសួរសុខទុក្ខលោក កឹម សុខា នាពេលកន្លងទៅ។ លោកថាសកម្មភាពរបស់ទូតនានា គឺជាការជ្រែតជ្រែកកម្ពុជា តាមរយៈការជួបញឹកញាប់ជាមួយអ្នកដែលទើបតែតុលាការកាត់ទោស គឺលោក កឹម សុខា។ តាមលោកនាយករដ្ឋមន្ត្រី ជំនួបញឹកញាប់រវាងអ្នកការទូតនានាជាមួយលោក កឹម សុខា បានបង្កើតការមិនទុកចិត្ត និងធ្វើឲ្យលោកមិនអាចលើកដៃចុះហត្ថលេខាស្នើលើកលែងទោសឲ្យបាន៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ