អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

លោក  ហ៊ុន ​សែន ​ជំរុញ​ឲ្យ​ប្រើ​ផលិត​ផល​ខ្មែរ​ដើម្បី​បង្កើត​ការ​ងារ​ជូន​ពលរដ្ឋ​ខ្មែរ

ប្រ​មុខ​រដ្ឋាភិ​បាល​កម្ពុជា ​ជំរុញ​ឲ្យ​រួម​គ្នា​ប្រើ​ប្រាស់​ផលិត​ខ្មែរ​ ដើម្បី​ជួយ​បង្កើត​ការងារ​ដល់​ពលរដ្ឋ​ខ្មែរ ​ខណៈ​ដែល​ពលរដ្ឋ​ខ្មែរ​មួយ​ចំនួន​បាន​ត្អូញ​ត្អែរ​ពី​ការ​ខ្វះ​ទី​ផ្សារ ​និង​ការ​ធ្លាក់​ចុះ​តម្លៃ​ នៅ​ពេល​ខ្មែរ​ផលិត​កសិផល​បាន​។​ ការ​ជំរុញ​របស់​លោក ​ហ៊ុន ​សែន ​គឺ​ធ្វើ​ឡើង​នៅ​សារ​លិខិត​អបអរ​ទិវា​ជាតិ​លើក​កម្ពស់​ការ​ប្រើ​ប្រាស់​ផលិត​ផល​ខ្មែរ​លើក​ទី​៦​ឆ្នាំ​២០២៣​ ដែល​ត្រូវ​រៀប​ចំ​នៅ​ថ្ងៃទី​៩​ដល់​១៣​មេសាខាងមុខ​នៅ​ខេត្ត​ស្វាយ​រៀង​។ 

រូបតំណាង
រូបតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុង​សារលិខិត៣ទំព័រ​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បានគូសបញ្ជាក់ថា ក្នុង​បរិបទ​នៃការ​អភិវឌ្ឍន៍ប្រទេសឈានទៅ​សម្រេច​គោលដៅជាប្រទេសមានចំណូល​មធ្យម​កម្រិត​ខ្ពស់​នៅឆ្នាំ​២០៣០ កម្ពជា​ក្លាយទៅ​ជាប្រទេសផលិត​ផលិត​ផលសម្រាប់​​ខ្លួន​ឯងផង និង​សម្រាប់​នាំចេញផង។ រដ្ឋាភិបាល​ត្រូវ​កសាង​មូលរដ្ឋា​ន​ចាំបាច់​​បន្ថែម​ទៀត​ ទាំង​ហេដ្ឋា​រចនា​ម្ព័ន្ធ ទាំង​ធនធាន​មនុស្ស​ និង​បច្ចេកទេស​ដើម្បី​គាំទ្រ​​ដល់​ការ​អភិវឌ្ឍន៍​ក្នុង​សម័យ​សកលភាវូបនីយកម្ម។

ក្នុងឱកាសនៃការ​ប្រារព្ធទិវាជាតិ​លើក​កម្ពស់​ការ​ប្រើប្រាស់​ផលិត​ផល​ខ្មែរ​លើកទី៦​ឆ្នាំ​២០២៣ ដែលត្រូវរៀបចំនៅខេត្ត​ស្វាយរៀង​នោះ លោក ហ៊ុន សែន អំពាវនាវ​ឲ្យ​ភាគី​ពាក់​ព័ន្ធ​ជំរុញ​ការ​ផលិត ការ​កែ​ច្នៃ ឲ្យ​អស់​លទ្ធភាពនូវធនធាន​ដែល​មាន​នៅមូល​ដ្ឋាន ព្រមទាំង​ស្វែងរកទី​ផ្សារ​ជូន​ផលិតករ​ឲ្យបានទូលំទូលាយ។

នៅពេលថ្មីៗនេះ កសិករខ្មែរមួយចំនួនរអ៊ូរថា លំហូរនាំចូលបន្លែពីប្រទេសជិតខាងយ៉ាងគំហុក បានបង្កជាការរាំងស្ទះដល់ទីផ្សារដាំដុះ និងផ្គត់ផ្គង់បន្លែដែលផលិតដោយកសិករក្នុងស្រុក ខណៈតម្លៃលក់វិញ នៅមិនទាន់អាចប្រកួតប្រជែងជាមួយបន្លែក្រៅប្រទេសដែលកំពុងបន្តនាំចូលមកប្រទេសកម្ពុជាឡើយ។ សម្រាប់កសិករ បើរដ្ឋាភិបាលមិនទប់ស្កាត់ការនាំចូលបន្លែពីក្រៅប្រទេសឱ្យស្ថិតក្នុងបរិមាណតិចតូចជាងនេះទេ នោះចង់មិនចង់កសិករដាំដុះបន្លែក្នុងស្រុក នឹងបន្តប្រឈមបញ្ហាបាត់បង់ទីផ្សារផ្គត់ផ្គង់ ឬអាចឈានដល់ការបោះបង់ដីធ្វើកសិកម្មដាំដុះបន្លែថែមទៀត។

​លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម កាលពីដើម​ឆ្នាំ​នេះ បានអះអាងថា ក្រសួងនឹងពង្រឹងលើគុណភាពនៃការផលិតលើផ្នែកកសិកម្មឱ្យបានល្អ និងអាចនាំចេញទៅទីផ្សារក្រៅប្រទេសបានក្នុងតម្លៃខ្ពស់  ព្រោះនេះជាចំណុចខ្លាំងរបស់វិស័យកសិកម្មកម្ពុជា។

សូមជម្រាបថា ការនាំចេញទំនិញស្រូវ-អង្ករ និងកសិផលផ្សេងទៀតរបស់កម្ពុជាក្នុងរយៈពេល១១ខែឆ្នាំ២០២២ មានទំហំទឹកប្រាក់ប្រមាណ៣,៣៦២លានដុល្លារ។ ក្នុងនោះ ចំណូលពីការនាំចេញអង្ករ-ស្រូវ មានចំនួនជិត៦០០លានដុល្លារ និងចំណូលបានមកពីការនាំចេញកសិផលក្រៅពីស្រូវអង្ករ មានចំនួនជាង ២០០លានដុល្លារ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ