អានតួអត្ថបទ
កម្ពុជា-សង្គម

គ.ជ.ប​ ជួប​ជាមួយ​ក្រសួង​មហាផ្ទៃ ​និង​ក្រសួង​ការពារជាតិ ​ដើម្បី​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ​សម្រាប់ការ​បោះឆ្នោត​ថ្នាក់ជាតិ

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ​(គ.ជ.ប)​ នៅថ្ងៃទី០៦ ​ខែមេសា​នេះ ​បាន​ជួប​ពិភាក្សា​ជាមួយក្រសួង​មហាផ្ទៃ ​និង​ក្រសួងការពារ​ជាតិ​ ដើម្បី​ត្រៀម​កម្លាំង​ការពារ​សន្តិសុខ​សម្រាប់​ការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្រ្ត ​នីតិកាលទី៧ ​នៅខែ​កក្កដា​ខាងមុខនេះ។​ សម្រាប់​កម្លាំង​ការពារ​សន្តិសុខ​សណ្ដាប់​ធ្នាប់​ការបោះឆ្នោត​នេះ ​បើតាម​លោក ខៀវ សុភ័គ​ អ្នក​នាំពាក្យ​ក្រសួង​មហាផ្ទៃ​ អាច​ប្រើប្រាស់​ទាហាន ​ទាំង​ទាហានជើងទឹក​ និង​ជើងអាកាស​ រួមទាំង​ប៉ូលីស ​នគរបាល ​និង​សមត្ថកិច្ច​ដែលពាក់​ព័ន្ធ​ផងដែរ។

កងកម្លាំងសន្តិសុខការពារសណ្ដាប់ធ្នាប់ការបោះឆ្នោត។
កងកម្លាំងសន្តិសុខការពារសណ្ដាប់ធ្នាប់ការបោះឆ្នោត។ © Internet
ផ្សាយពាណិជ្ជកម្ម

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថាជំនួបរវាង គ.ជ.ប ជាមួយក្រសួងមហាផ្ទៃ និងក្រសួងការពារជាតិ រួមទាំងភាគីពាក់ព័ន្ធនៅថ្ងៃព្រហស្បតិ៍នេះ គឺផ្ដោតសំខាន់ទៅលើការត្រៀមកម្លាំងដើម្បីការពារសន្តិសុខសម្រាប់ការបោះឆ្នោត​ថ្នាក់ជាតិ។ បើតាមលោក ហង្ស ពុទ្ធា វាពិតជាមានសារសំខាន់ណាស់ដែលស្ថាប័នពាក់ព័ន្ធត្រូវមាន​កិច្ចសហការគ្នា ដើម្បីត្រៀមការពារសន្តិសុខសណ្ដាប់ធ្នាប់សម្រាប់បោះឆ្នោតនេះ។

អ្នកនាំពាក្យ គ.ជ.ប បានអះអាងថា គ.ជ.ប តែងតែជួបជាមួយភាគីពាក់ព័ន្ធប្រមាណជាង ៣០ស្ថាប័ន រួមទាំងគណបក្ស និងអង្គការមិនមែនរដ្ឋាភិបាលផងដែរ ដើម្បីជជែកគ្នា និងលើកជាសំណួរ និងផ្ដល់យោបល់ជុំវិញនៃដំណើរការរៀបចំការបោះឆ្នោតនេះ។

ទាក់ទិនទៅនឹងការប្រើប្រាស់កងកម្លាំងសន្តិសុខការពារសណ្ដាប់ធ្នាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកា​ល​​ទី៧ នៅខែកក្កដាខាងមុខនេះ លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានបញ្ជាក់ថា កម្លាំងមានប៉ុន្មាន គឺត្រូវប្រើទាំងអស់ ដូចជាទាហាន ទាំងទាហានជើងទឹក និងជើងអាកាស រួមទាំងសន្តិសុខ ប៉ូលីស និងនគរបាលជាដើម។ ករណីប្រើប្រាស់ទាហានជើងទឹក លោក ខៀវ សុភ័គ បានលើកឡើងថា ការិយា​ល័យកន្លែងបោះឆ្នោតខ្លះនៅលើដីកោះ ត្រូវឆ្លងទឹក ដូច្នេះត្រូវប្រើប្រាស់ទាហានជើងទឹក ដើម្បីដឹកសម្ភារៈសម្រាប់ការបោះឆ្នោត។

ជាការកត់សម្គាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅអាណត្តិទី៦ រដ្ឋាភិបាលបានប្រើប្រាស់កង​កម្លាំង​ប្រមាណ​៨​ម៉ឺន​នាក់ ដើម្បី​ចូល​រួម​ការពារ​សន្តិសុខ និង​សណ្តាប់​ធ្នាប់។​ ចំណែកការបោះឆ្នោតឃុំសង្កាត់ឆ្នាំ២០២២កន្លងទៅ ការប្រើប្រាស់កងកម្លាំងដើម្បីការពារសន្តិសុខ និងសណ្តាប់ធ្នាប់ ជួបនូវការខ្វះខាត រហូតមានការបន្ថែមកងសន្តិសុខ និងប្រជាការពារភូមិឲ្យមកជាការពារផងដែរ។

សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នៅអាណត្តិទី៧ នឹងប្រព្រឹត្តធ្វើនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ