អានតួអត្ថបទ
កម្ពុជា-សង្គម

លោក​ ហ៊ុន សែន ​ថា​អ្នក​ប្រឆាំង​នឹង​យក​រឿង​លោកស្រី ​តាំង ហ្គេចលៀង ​វាយ​ប្រហារ​មន្ត្រី​រដ្ឋាភិបាល​បើកុំតែ​សុំទោស​ទាន់ពេល

សង្គ្រាមពាក្យ​សម្តី​រវាង​អ្នកមាន​ និង​អ្នកក្រ ​ដែល​បង្កឡើង​ដោយលោកស្រី​ តាំង ហ្គេចលៀង​ ប្រធាន​ក្រុមហ៊ុន​ HL Group​ ទំនង​រាលដាល​ទៅដល់​នយោបាយ ​ដែល​កម្ពុជា​ពេលនេះ​កំពុង​ធ្វើដំណើរ​ទៅរកការ​បោះឆ្នោត​ជ្រើសតាំង​តំណាងរាស្ត្រ​នីតិកាល​ទី៧​នៅខែកក្កដា​ខាងមុខ។​ តាមរយៈសារទី២​ ពាក់​ព័ន្ធ​នឹង​ការនិយាយ​ប៉ះពាល់​អ្នកក្រ​ដែល​ថាជា​គីឡូស្រាល​មិន​អាច​តទល់​នឹង​អ្នកស្រី​បាន​នោះ ​លោកនាយករដ្ឋមន្ត្រី​ ហ៊ុន សែន​ ថាការ​ចេញ​មក​សុំទោស​របស់​លោកស្រី ​តាំង ហ្គេចលៀង​ គឺជាការល្អ​ និងទាន់ពេល​ បើពុំដូច្នោះទេ​ ក្រុម​ប្រឆាំង​នឹងយករឿង​នេះ​ទៅវាយ​ប្រហារ​មន្ត្រី​រដ្ឋាភិបាល​របស់លោក។​ ញឹម សុផល៖

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី តាំង ហ្គេចលៀង។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោកស្រី តាំង ហ្គេចលៀង។ © សហការី
ផ្សាយពាណិជ្ជកម្ម

តាមរយៈសារជាសម្លេងលើកទី២ រយៈពេលជាង១១នាទី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានរំលេចថា ការសុំទោសរបស់លោកស្រី តាំង ហ្គេចលៀង ប្រធានក្រុមហ៊ុន HL Group គឺជាការត្រឹមត្រូវ និងទាន់ពេលវេលា បើមិនដូច្នោះទេពួកក្រុមអគតិនឹងប្រើប្រាស់បញ្ហានេះ ដើម្បីវាយប្រហារទៅលើថ្នាក់ដឹកនាំរាជរដ្ឋាភិបាលថាមិនយកចិត្តទុកដាក់ការពារប្រជាពលរដ្ឋ។

ការលើកឡើងរបស់លោក ហ៊ុន សែន ដូច្នេះ បន្ទាប់ពីសម្លេងលោកស្រី តាំង ហ្គេចលៀង ដែលមហាជនគិតថាជាអ្នកមាន និងជាគ្រូបង្រៀនផ្នែកជោគជ័យនោះ បានបែកធ្លាយជាថ្មី ដោយលោកស្រីនិយាយថាការថ្លែងប៉ះពាល់អ្នកក្រកាលពីលើកទី១ ហើយមានប្រតិកម្មពីអ្នកក្រនោះ ថាជារឿងកំប៉ិកកំប៉ុកឥតបានការ ហើយថាអ្នកប្រតិកម្មនឹងសំដីលោកស្រី ដែលជាប្រជាពលរដ្ឋធម្មតាគឺគីឡូស្រាលពេក ជេរលោកស្រីមិនឈឺទេ។

ចំណុចនេះហើយ ដែលធ្វើឲ្យមហាជនជាពិសេសពលរដ្ឋអ្នកក្រ ផ្ទុះប្រតិកម្មជាលើកទី២ ដែលចាំបាច់តម្រូវឲ្យលោកស្រី តាំង ហ្គេចលៀង ដែលធ្លាប់មានអំនួតនោះចេញមកសុំទោសជាសាធារណៈតាមរយៈឃ្លីបវីដេអូខ្លីមួយបង្ហោះតាមបណ្តាញសង្គម ដោយព្រមទទួលខុសនូវកំហុសដែលលោកស្រីបាននិយាយចេញកន្លងទៅប៉ះពាល់ដល់មហាជន និងស្នើសុំឱកាសសាងគុណសម្បត្តិដើម្បីលុបលាងកំហុស។

ដោយឡែកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានបញ្ជាក់ដែរថាលោកសោកស្តាយ និងក៏មិនអាចទទួលយកបាន ក៏ប៉ុន្តែលោកយល់ព្រមអភ័យចំពោះការសុំទោស ព្រមទាំងប្រាក់ឲ្យសមាជិក សមាជិការគណបក្សប្រជាជនទទួលយកផងដែរ។ ជាមួយគ្នានេះ លោកស្នើឲ្យលោកស្រី តាំង ហ្គេចលៀង ឈប់បញ្ចេញយោបល់រឿងអ្នកមាន-អ្នកក្រ គីឡូធ្ងន់-គីឡូស្រាល ឬប្រជាជនធម្មតាគ្មានទំងន់ និងស្នើឲ្យមហាជនបញ្ចប់រឿងនេះ និងបញ្ឈប់ការវាយប្រហារគ្នាតាមបណ្តាញសង្គម ខណៈលោកបញ្ជាក់ថាពួកប្រឆាំងធ្វើអ្វីស្រេចតែគេទៅចុះ។

សូមលឹកថាកាលពីសប្តាហ៍មុន លោកស្រី តាំង ហ្គេចលៀង បានរងប្រតិកម្មពីមហាជនម្តងហើយ ក្រោយលោកស្រីប្រើពាក្យថាអ្នកមានគេគិតទៅមុខ អ្នកក្រចូលចិត្តដ្រាម៉ា គិតតែអតីតកាល អ្នកមានចេះស្រលាញ់គ្រួសារ រួមនឹងសារប៉ះពាល់ផ្លូវចិត្តអ្នកក្រមួយចំនួនទៀត។

អ្នកតាមដានបញ្ហាសង្គមមួយចំនួន បានមើលឃើញថាបញ្ហានេះ ទំនងមិនអាចបញ្ចប់ទៅវិញដោយងាយៗនោះទេ ឬក៏អាចបញ្ចប់ទៅវិញតែរូបភាពខាងក្រៅ តែពុះងំនៅខាងក្នុងអារម្មណ៍អ្នកក្រ ខណៈសមាជិកក្រុមប្រឆាំងមួយចំនួនបានលើកបញ្ហានេះ ទៅឌឺដងតាមបណ្តាញសង្គមបែបរប៉េះរប៉ោះផងដែរ៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ