អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ស ខេង៖ ភ្ញៀវទេសចរ និងវិនិយោគគេមិនមកទេ បើដោះស្រាយបញ្ហាជួញដូរមនុស្សមិនបានល្អ

លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានជំរុញឲ្យខេត្តដែលជាប់ព័ន្ធករណីជួញដូរមនុស្សត្រូវចូលរួមដោះស្រាយឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅបិទបញ្ចប់បញ្ហានេះ។ បើតាមលោក ស ខេង ករណីនេះ មិនមែនជារឿងធម្មតាឡើយ ជារឿងធ្វើឲ្យខូចមុខមាត់និងកិត្តិយសកម្ពុជា ដែលធ្វើឲ្យភ្ញៀវទេសចរ និងអ្នកវិនិយោគ​ខ្លាចរអា មិនហ៊ានមកកម្ពុជា។ ការលើកឡើងនេះ ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វ​ផ្សាយខ្លឹមសារនៃសេច​ក្តីណែនាំរួម ស្តីពីសកម្មភាព និងការរៀបចំភ្នាក់ងារសន្តិសុខការពារដំណើរការរៀប​ចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នៅថ្ងៃទី៦ ខែមេសា។

ករណីជួញដូរមនុស្ស
ករណីជួញដូរមនុស្ស © FB/Samdech Krolahom Sar Kheng
ផ្សាយពាណិជ្ជកម្ម

គិតមកទល់នឹងពេលនេះមានប្រមាណ ៨៥០ពាក្យបណ្ដឹងហើយ ដែលបានប្ដឹងឲ្យជួយសង្គ្រោះពីករណីសង្ស័យពីការជួញដូរមនុស្សនៅកម្ពុជា។ បើតាមរដ្ឋមន្រ្តីក្រសួងមហាផ្ទៃ លោក ស ខេង ករណីជួញដូរមនុស្សនេះ ខេត្ត​​ដែលជាប់ពាក់ព័ន្ធមានប្រមាណជាង ១០ខេត្ត គឺខេត្តព្រះសីហនុ រាជធានីភ្នំពេញ ខេត្តកណ្ដាល កំពង់ស្ពឺ កំពត កោះកុង ពោធិ៍​សាត់ ប៉ៃលិន ស្វាយរៀង ឧត្តរមានជ័យ បន្ទាយមាន​ជ័យជាដើម ដោយករណីនេះផ្ដើមចេញពីខេត្តព្រះ​សីហ​នុមុនគេ បន្ទាប់មកទើបរាលដាលដល់ខេត្តផ្សេងៗទៀត​។ បណ្ដឹងប្រមាណ ៨៥០​ពាក្យបណ្ដឹងនេះ លោក ស ខេង ចង់ឃើញខេត្តដែលជាប់ពាក់ព័ន្ធ ដោះស្រាយឲ្យមានប្រសិទ្ធភាព ដើម្បីឈានទៅបិទបញ្ចប់បញ្ហានេះ។

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរូបនេះ សង្កត់ធ្ងន់ថា បើពាក្យបណ្ដឹងទាំងនេះនៅមិនទាន់ដោះស្រាយចប់សព្វគ្រប់ទេ មិនអាចឈានទៅបិទបញ្ចប់បញ្ហាជួញដូរមនុស្សនៅកម្ពុជាឡើយ។ លោក ស ខេង សង្កត់ធ្ងន់ទៀតថា រឿងនេះមិនមែនជារឿងធម្មតាឡើយ ជារឿងជាប់ព័ន្ធកិត្តិយសមុខមាត់កម្ពុជា បើមិនដូច្នោះទេភ្ញៀវទេសចរ និងអ្នកវិនិយោគទន់បរទេសមិនហ៊ានមកកម្ពុជាឡើយ ប្រសិនបើការដោះស្រាយមិនបានល្អទេនោះ ព្រោះគេមិនទុកចិត្តកម្ពុជា។ លោកថា ការដោះស្រាយបញ្ហានេះ ក៏ជាចំណែកមួយជួយដល់ទំនាក់ទំនងអន្តរជាតិរបស់កម្ពុជាដែរ ជាពិសេសជាមួយបណ្ដាជាមិត្តទាំងអស់។

យ៉ាងណាមិញបើតាមលោកស្រី ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានបញ្ជាក់ថា ពាក្យបណ្ដឹងប្រមាណ៨៥០នេះ មានខ្លះប្ដឹងឲ្យជួយសង្រ្គោះ ដោយសង្ស័យថា ជួញដូរមនុស្ស ប៉ុន្តែពេលចុះទៅស្រាវជ្រាវផ្ទាល់ករណី​ខ្លះ មិនមែនជាករណីជួយដូរមនុស្សឡើយ។ លោកស្រីបន្តថា ការស្រាវជ្រាវតាមបណ្ដឹង ឃើញថាមានករណីខ្លះឆ្លងដែន​​​មកដោយខុសច្បាប់ និងខ្លះទៀតរកឃើញថាជាករណីជួញដូរមនុស្ស។ ត្រង់បញ្ហានេះ លោកស្រីបានគូសបញ្ជាក់ថា គ្រប់បណ្ដឹងទាំងអស់ មិនមែនសុទ្ធសឹងជាករណីជួញដូរមនុស្សនោះទេ​។

សូមបញ្ជាក់ថា ពាក់ព័ន្ធបញ្ហាជួញដូរមនុស្សនេះ របាយការណ៍ប្រចាំឆ្នាំរបស់ក្រសួងការបរទេសអាមេរិក បង្ហាញថា កម្ពុជាបានធ្លាក់ទៅកម្រិតទី៣ ឬបញ្ជីខ្មៅ នៃសកម្មជួញដូរមនុស្សប្រចាំឆ្នាំ២០២២។ ក្រោយពីអាមេរិកចេញរបាយការណ៍ទម្លាក់កម្ពុជាទៅកម្រិតទី៣ ឬបញ្ជីខ្មៅ នៃសកម្មជួញដូរមនុស្ស រដ្ឋាភិបាល​តាមរយៈក្រសួងមហាផ្ទៃ និងគណៈកម្មាធិការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស បានចេញប្រតិបត្តិការបង្រ្កាប ដោយបានចាប់ខ្លួនមេខ្លោង និងអ្នកពាក់ព័ន្ធមួយចំនួន ហើយជួយសង្រ្គោះមនុស្សបានជាច្រើននាក់ពីការជួញដូរនេះ ខណៈប្រតិបត្តិនេះបានចាប់ផ្ដើមធ្វើនៅខេត្តព្រះសីហនុ និងខេត្តដទៃទៀតជាបន្តបន្ទាប់។

ពាក់ព័ន្ធបទល្មើសជួញដូរមនុស្ស និងបទល្មើសផ្សេងៗទៀតនេះ លោក ស ខេង ក្នុងពិធីប្រកាសចូលកាន់មុខតំណែងអភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២១ វិច្ឆិកាកន្លងទៅ ធ្លាប់បានលើកឡើងថា បើគ្មាន​មន្រ្តី​ជាប់ពាក់ព័ន្ធទេ​ បញ្ហាទាំងនេះ ​គឺងាយ​ស្រួល​ដោះស្រាយ​បំផុត​។ លោកធ្លាប់​ត្អូញត្អែរ​ថា ​ពិបាក​ស្រាវជ្រាវ​ណាស់ ​បើមាន​មន្រ្តី​ជាប់ពាក់ព័ន្ធ​ ព្រោះ​បើ​មន្រ្តី​ជាប់ពាក់ព័ន្ធ​ ការ​ដោះស្រាយ ​គឺផ្អែក​តាម​អារម្មណ៍​ មិន​បាន​ផ្អែក​តាម​គោល​ការណ៍​ច្បាប់​ឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ