អានតួអត្ថបទ
កម្ពុជា-សង្គម

លោក ហ៊ុន សែន ជំរុញឲ្យប្រើផ្លូវច្បាប់លើអ្នកញុះញង់មិនឲ្យពលរដ្ឋសងបំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ

លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន សែន ​បាន​ជំរុញ​ឲ្យ​ស្ថាប័ន​ធនាគារ​ និង​មីក្រូ​ហិរញ្ញវត្ថុ​ ប្រើប្រាស់​នូវ​វិធានការ​ច្បាប់​ ចំពោះ​បុគ្គល​ដែល​ញុះញង់​ ឬ​ឃោសនា​មិន​ឲ្យ​ប្រជា​ពលរដ្ឋ​សង​បំណុល​ត្រលប់​មក​វិញ។​ ការ​ជំរុញ​នេះ ​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ប្រជុំ​របស់​គណៈ​រដ្ឋមន្ត្រី​ នៅ​ថ្ងៃ​សុក្រ​ទី​០៧​មេសា ​និង​បាន​បញ្ជាក់​ឡើង​វិញ​បន្ថែម​ទៀត​នៅ​ក្នុង​ពិធី​ជួប​ជុំ ​អាចារ្យ​ និង​អាចារិនី​នៅ​ព្រឹក​ថ្ងៃ​សៅរ៍​នេះ។​

ពលរដ្ឋដែលជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ (រូបតំណាង)
ពលរដ្ឋដែលជាប់បំណុលធនាគារ និងមីក្រូហិរញ្ញវត្ថុ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ក្រៅតែពីការលើរបៀបវារៈនានា នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រសួង និងអាជ្ញាធរពាក់ព័ន្ធ យកចិត្តទុកដាក់ចំពោះបញ្ហាកម្ចីធនាគារ និងមីក្រូហិរញ្ញវត្ថុ ដោយត្រូវបញ្ចៀសនូវរាល់ការរឹបអូសទ្រព្យសម្បត្តិ និងការចាប់ចងប្រជាពលរដ្ឋដែលជាប់កម្ចីឥណទានធនាគារ និងមីក្រូហិរញ្ញវត្ថុ ក្នុងលក្ខខណ្ឌដែលពលរដ្ឋមិនមានលទ្ធភាពសងពិតប្រាកដ ក្នុងបរិការណ៍ក្រោយវិបត្តិកូវីដ១៩ និងវិបត្តិសេដ្ឋកិច្ចនាពេលបច្ចុប្បន្ន។

តែយ៉ាងណា លោក ហ៊ុន សែន បញ្ជាក់ថា ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ គួរប្រើប្រាស់វិធានការច្បាប់ចំពោះអ្នកណាដែលញុះញុងមិនឲ្យប្រជាពលរដ្ឋសងបំណុលត្រលប់មកវិញ។ ថ្លែងបញ្ជាក់បន្ថែមនៅថ្ងៃសៅរ៍នេះ លោក ហ៊ុន សែន ថា ក្រុមអ្នកញុះញង់ទាំងនោះ គឺជាគោលដៅនៃការរឹបអូសទ្រព្យសម្បតិ្ត។ តាមលោក ហ៊ុន សែន កន្លងមកមានក្រុមអ្នកនយោបាយបានចេញទៅឃោសនាពីគោលនយោបាយរបស់គណបក្សពួកគេ ដោយញុះញុងមិនឲ្យប្រជាពលរដ្ឋសងបំណុល នៅក្រោយពេលដែលគណបក្សនោះឈ្នះឆ្នោត។ លោក ហ៊ុន សែន បានជំរុញដល់ស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ថាប្រសិនបើក្រុមអ្នកឃោសនាទាំងនោះ មានជាប់បំណុល គឺស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ត្រូវតែរឹបអូសទ្រព្យសម្បត្តិអ្នកទាំងនោះ។

ការបញ្ជាក់បន្ថែមរបស់លោក ហ៊ុន សែន ធ្វើឡើង ដ្បិតលោកបារម្ភថា ប្រជាពលរដ្ឋអាចយល់ច្រឡំខ្លឹមសារនៃកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដោយពុំបាច់សងប្រាក់ ត្រលប់ទៅធនាគារវិញ។

គួរកត់សម្គាល់ថា​ ក្នុងអំឡុងពេលរាតត្បាតជំងឺកូវីដ១៩ រដ្ឋាភិបាលបានស្នើជាបន្តបន្ទាប់ដល់ស្ថាប័នធនាគារឯកជន និងមីក្រូហិរញ្ញវត្ថុ ក្នុងការរៀបចំកម្ចីឡើងវិញ និងទុកពេលវេលាឲ្យប្រជាពលរដ្ឋសងដោយសម្រួល ដ្បិតប្រជាពលរដ្ឋជារួមបានរងផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចពីវិបត្តិកូវីដជាសកល។ តាមលោក ហ៊ុន សែន កន្លងមកនោះ គឺរដ្ឋាភិបាលស្នើសុំការអនុគ្រោះរៀបចំឥណទានឡើងវិញចំពោះអ្នកដែលជាប់បំណុលធនាគារ និងយោគយល់ចំពោះការលំបាក ដែលពលរដ្ឋមួយចំនួន សងបំណុលត្រលប់មកវិញ ដោយយឺតយ៉ាវ។ យ៉ាងនេះក្តី លោក ហ៊ុន សែន បញ្ជាក់ថា ចំពោះពលរដ្ឋដែលមានលទ្ធភាពសងត្រលប់មកវិញ គួរណាស់តែបង់ឲ្យខាងធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីបញ្ចៀសកុំឲ្យការប្រាក់កាន់ច្រើន។

ដោយឡែក សម្រាប់ក្រុមអ្នកនយោបាយ ដែលឃោនាញុះញុង លោក ហ៊ុន សែន បានប្រាប់ឲ្យស្ថាប័នធនាគារ និងមីក្រូហិរញ្ញវត្ថុ ប្តឹងទៅតុលាការដើម្បីរឹបអូសទ្រព្យសម្បត្តិក្រុមទាំងនោះ ដែលលោក ហ៊ុន សែន ចាត់ទុកថា ជាក្រុមអ្នកឃោសនានយោបាយមេរោគ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ