អានតួអត្ថបទ
កម្ពុជា-នយោបាយ

គ.ជ.ប វាយតម្លៃការបោះឆ្នោតក្រុមប្រឹក្សាក្រុង-ស្រុក ទើបបង្កើតថ្មី ថាប្រព្រឹត្តទៅដោយរលូន គ្មានការគំរាមកំហែង

ការ​បោះឆ្នោត​ក្រុម​ប្រឹក្សា​ក្រុង-​ស្រុក​ ទើប​បំបែក​ថ្មី​ទាំង​៥​ បាន​ចាប់​ផ្តើម​និង​បញ្ចប់​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​ទី០៩​មេសា​នេះ។​ ក្រោយ​ការ​បញ្ចប់​ គណៈកម្មាធិការ​ជាតិ​រៀប​ចំ​ការ​បោះឆ្នោត​ បាន​វាយ​តម្លៃ​ស្ថានភាព​នៃ​ដំណើរ​ការ​បោះឆ្នោត​បែប​អសកល​ជា​រួម​នេះ ​ថា ​បាន​ប្រព្រឹត្ត​ទៅ​ដោយ​រលូន​ គ្មាន​បាតុភាព​មិន​ប្រក្រតី​ និង​គ្មាន​ការ​គំរាមកំហែង។​

ការបោះឆ្នោត
ការបោះឆ្នោត © Internet
ផ្សាយពាណិជ្ជកម្ម

ដូចការគ្រោងទុក ក្រុង-ស្រុក ទាំង៥ដែលទើបនឹងបំបែកថ្មី រួមមាន ក្រុងអរិយក្សត្រ និងក្រុងសំពៅលូន ក្នុងខេត្តកណ្តាល ក្រុងឧដុង្គម៉ែជ័យ និងស្រុកសាមគ្គីមុនីជ័យ ក្នុងខេត្តកំពង់ស្ពឺ និងស្រុកអូរគ្រៀងសែនជ័យនៃខេត្តក្រចេះ បានបញ្ចប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាក្រុង-ស្រុក នៅព្រឹកថ្ងៃអាទិត្យនេះ ដោយមានអ្នកចូលរួមបោះឆ្នោតបានគ្រប់ចំនួន។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត។

បើតាម គ.ជ.ប គឺតាមការិយាយបោះឆ្នោតនៅក្រុង-ស្រុកថ្មីទាំង៥បានបន្តនីតិវិធីរាប់សន្លឹកឆ្នោតជាបន្តបន្ទាប់ មុននឹងគ.ជ.ប ប្រកាសលទ្ធផលបឋមនៅល្ងាចថ្ងៃអាទិត្យនេះ។ គ.ជ.ប បានវាយតម្លៃជារួមថា ដំណើរការបោះឆ្នោតបែបអសកលតាមការិយាយនៃក្រុង-ស្រុកថ្មី ទាំង៥ បានប្រព្រឹត្តទៅដោយរលូន មានសន្តិសុខ សណ្តាប់ធ្នាប់ល្អ ដោយគ្មានអំពើហិង្សា និងការគំរាមកំហែង។

គួរបញ្ជាក់ថា ការបោះឆ្នោតបែបអសកល ដែលមានតែសមាសភាពក្រុមប្រឹក្សាឃុំ-សង្កាត់ នៅក្នុងក្រុង និងស្រុកនោះ ជាអ្នកបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាក្រុង និងស្រុកថ្មី មានគណបក្សចំនួន៣ចូលរួម គឺគណបក្សប្រជាជនកម្ពុជា គណបក្សភ្លើងទៀន និងគណបក្សហ្វ៊ុនស៊ិនប៉ិច។ តាមរយៈសេចក្តីរាយការណ៍បឋម គឺគណបក្សប្រជាជនកម្ពុជា ជាអ្នកទទួលអាសនៈច្រើនជាងគេ ក្នុងក្រុង-ស្រុកថ្មីទាំង៥ ខណៈដែលគណបក្សភ្លើងទៀន ដែលជាគូប្រជែង ទទួលបានអាសនៈខ្លះ។ រីឯគណបក្សហ្វ៊ុនស៊ិនប៉ិច ទទួលបានសូន្យអាសនៈ។

សម្រាប់អាសនៈដែលគណបក្សភ្លើងទៀន ទទួលបាន រួមមាន ៣អាសនៈលើ១៩អាសនៈនៅក្រុងអរិយក្សត្រ និង៥អាសនៈលើ១៩អាសនៈនៅក្រុងសំពៅលូន ក្នុងខេត្តកណ្តាល។ ២អាសនៈលើ១៧អាសនៈនៅក្រុងឧដុង្គម៉ែជ័យ និង១អាសនៈលើ១៩អាសនៈនៅស្រុកសាមគ្គីមុនីជ័យ ក្នុងខេត្តកំពង់ស្ពឺ។ នេះបើតាមលោស្រី ស៊ិន ចាន់ពៅរ៉ូហ្សិត មន្ត្រីគណបក្សភ្លើងទៀនខេត្តបាត់ដំបង។ ដោយឡែកសម្រាប់ស្រុកអូរគៀងសែនជ័យ ក្នុងខេត្តក្រចេះ គឺគណបក្សប្រជាជនកម្ពុជា ទទួលអាសនៈទាំងស្រុង។

គួរបញ្ជាក់ថា ការបោះឆ្នោតតាមបែបអសកល​សម្រាប់ក្រុង ស្រុក ទាំង៥ពេលនេះ ធ្វើឡើងក្រោយពីប្រមុខរដ្ឋាភិបាល លោក ហ៊ុន សែន សម្រេចបង្កើតក្រុងចំនួន៣ និងស្រុក២បន្ថែមទៀត ក្នុងខេត្តកណ្តាល កំពង់ស្ពឺ និងក្រេចេះ ដោយយោងទៅលើករណីចាំបាច់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ