អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

សមាគមទេសចរណ៍ថា វិស័យរដ្ឋ-ឯកជនកំពុងពួតដៃគ្នាពង្រឹងសេវាកម្ម និងការផ្សព្វផ្សាយទេសចរណ៍ទៅភ្ញៀវបរទេស

សមាគមទេសចរណ៍កម្ពុជាអះអាងថា ខ្លួននឹងត្រៀមធ្វើការជាមួយស្ថាប័នរដ្ឋ-ឯកជន ដើម្បីផ្សព្វផ្សាយវិស័យទេសចរណ៍កម្ពុជាឱ្យបានទូលំទូលាយជាងមុន។ ​ការអះអាងនេះ ធ្វើឡើងបន្ទាប់ពីធនាគារADBសង្កេតឃើញថា សេដ្ឋកិច្ចកម្ពុជាអាចរឹងមាំបានដោយសារតែវិស័យទេសចរណ៍ជាអ្នកនាំមុខ។  លោក ហ៊ូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាយល់ថា វិស័យទេសចរណ៍ក្នុងឆ្នាំនេះមានសញ្ញាល្អប្រសើរច្រើន បើធៀបនឹងឆ្នាំកន្លងទៅ ខណៈវិស័យទេសចរណ៍ និងសេវាកម្ម ជាសរសៃឈាមដ៏សំខាន់ក្នុងការរក្សាកំណើននៃសេដ្ឋកិច្ចជាតិទៅមុខ។ 

ភ្ញៀវទេសចរ (រូបតំណាង)
ភ្ញៀវទេសចរ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិRFI នៅព្រឹកថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៣ លោក ហ៊ូ វណ្ឌី ទីប្រឹក្សាសមាគមទេសចរណ៍កម្ពុជាបានបញ្ជាក់ថា វិស័យទេសចរណ៍កម្ពុជា កំពុងក្លាយជាកម្លាំងចលករដែលមិនអាចខ្វះបានក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិនាឆ្នាំនេះ ក៏ដូចជានាឆ្នាំបន្តបន្ទាប់ទៀត ស្របពេលដែលកំណើនភ្ញៀវទេសចរបរទេស ចាប់ផ្តើមធ្វើដំណើរចូលមកកម្សាន្តក្នុងប្រទេសកម្ពុជាជាបណ្តើរៗ។  

ក្នុងនោះ លោកថា ស្ថាប័នរដ្ឋ និងវិស័យឯកជនបាននឹងកំពុងធ្វើការរួមគ្នា ផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗក្នុងប្រទេសទៅកាន់ភ្ញៀវទេសចរបរទេសតាមរយៈយុទ្ធនាការថ្មីមួយឈ្មោះថា «ទស្សនាកម្ពុជាឡើងវិញ»។ ខណៈអ្នកផ្គត់ផ្គង់សេវាកម្មលើវិស័យទេសចរណ៍វិញ ក៏បាននឹងកំពុងពង្រឹងខ្លួនឯងផងដែរដូចជា ការពង្រឹងលើគុណភាពអនាម័យ សណ្តាប់ធ្នាប់ សេវាកម្ម បដិសណ្ឋារកិច្ច និងក្រមសីលធម៌វិជ្ជាជីវៈ។

បើតាម លោក ហ៊ូ វណ្ឌី ក្នុងឆ្នាំនេះ កម្ពុជាបានរៀបចំព្រឹត្តិការណ៍ធំៗជាច្រើនដូចជា ព្រឹត្តិការណ៍អង្គរសង្ក្រាន្ត ព្រឹត្តិការណ៍កីឡាស៊ីហ្គេម ដែលព្រឹត្តិការណ៍ទាំងនេះ ​នឹងក្លាយជាប្រភពស្រូបទាញកំណើនភ្ញៀវទេសចរបរទេសបានកាន់តែច្រើនជាងមុន ជាពិសេសបានជួយផ្សព្វផ្សាយអំពីភាពសំប្បូរបែបនៃវិស័យទេសចរណ៍របស់កម្ពុជា។

យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ីADBចេញផ្សាយកាលពីពេលថ្មីៗនេះ​ក្រោមចំណងជើងថា ទស្សនៈវិស័យអភិវឌ្ឍន៍អាស៊ី បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាមានភាពរឹងមាំក្នុងឆ្នាំ២០២២ និងមានភាពធន់ល្អក្នុងឆ្នាំ២០២៣នេះ​ក្រោមអត្រាព្យាករកំណើនសេដ្ឋកិច្ច៦,៥%។ ភាពរីកចម្រើនទៅមុននៃសេដ្ឋកិច្ចកម្ពុជា បើតាមADB​ គឺដោយសារតែភាពលូតលាស់ទៅមុខនៃវិស័យទេសចរណ៍ និងសេវាកម្ម។ វិស័យទេសចរណ៍ត្រូវបានADBរំពឹងថា នឹងមានកំណើនប្រមាណ ៧.៣%ក្នុងឆ្នាំ២០២៣ ឱ្យមានកំណើនប្រមាណ៦,៤%នៅឆ្នាំ២០២៤។

សូមជម្រាបថា វិស័យទេសចរណ៍របស់កម្ពុជាកាលពីឆ្នាំ២០២២គឺមានការកើនឡើងគួរឱ្យកត់សម្គាល់ ដោយភ្ញៀវទេសចរបរទេសមានកំណើនប្រមាណ១,០៥៩% ឬជាង២លាននាក់(២,២៨លាន)។ នេះបើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍កម្ពុជា។ ខណៈក្នុងឆ្នាំ២០២៣នេះ​ ប្រមុខរដ្ឋាភិបាលកម្ពុជាដាក់ក្តីរំពឹងថា នឹងអាចទទួលបានកំណើនភ្ញៀវទេសចរបរទេសយ៉ាងហោចណាស់៤លាននាក់ និងភ្ញៀវទេសចរជាតិ និងបរទេសផ្ទៃក្នុងប្រមាណ១៥លាននាក់ ឬប្រមាណ៤ពាន់លានដុល្លារអាមេរិក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ