អានតួអត្ថបទ
កម្ពុជា-នយោបាយ

មេដឹកនាំបក្សប្រឆាំងធានាប្រាក់ខែគោលកម្មករដល់៣០០ដុល្លារ តែសហជីពថាមិនអាចទៅរួច

នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកគាំទ្រ នៅស្រុកសូត្រនិគម ខេត្តសៀមរាបកាលពីចុងសប្តាហ៍កន្លងទៅ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានថ្លែងថា បើគណបក្សភ្លើងទៀនដឹកនាំប្រទេសប្រាក់ខែគោលរបស់កម្មករ កម្មការិនីខ្មែរ ត្រូវតែបាន៣០០ដុល្លារគ្រប់ៗគ្នា។ ការលើកឡើងរបស់មេដឹកនាំគណបក្សប្រឆាំងដូច្នេះ បានធ្វើឡើងខណៈកម្មករខ្មែរនៃវិស័យវាយនភណ្ឌ កាត់ដេរ និងផលិតស្បែកជើងនៅពេលនេះកំពុងទទួលបានប្រាក់ខែអប្បបរមា ២០០ដុល្លារ ក្នុងមួយខែ។ 

កម្មករកម្មការិនីខ្មែរ
កម្មករកម្មការិនីខ្មែរ © Internet
ផ្សាយពាណិជ្ជកម្ម

នៅពីមុខអ្នកគាំទ្រជាច្រើន និងស្នូរទះដៃ លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានលើកឡើងថាគណបក្សភ្លើងទៀនអាចធានាដល់កម្មករកម្មការិនីខ្មែរ ត្រូវតែបានទទួលប្រាក់ខែគោលយ៉ាងតិច៣០០គ្រប់ៗគ្នា បើគណបក្សភ្លើងទៀនដឹកនាំប្រទេស។ លោកថា ឲ្យគណបក្សសាកល្បងមើលសិន ប្រសិនបើមិនជឿ ហើយបើមិនអាចធ្វើទៅបានក្នុងរយៈពេល៥ឆ្នាំ នោះប្រជាពលរដ្ឋនឹងដេញទៅវិញ។

ក្រសួងការងារកម្ពុជាមិនឃើញមានប្រតិកម្មអ្វីទេចំពោះការលើកឡើងជាសាធារណៈរបស់បក្សប្រឆាំងដូច្នេះ។ ក៏ប៉ុន្តែការកំណត់ប្រាក់ឈ្នួលអប្បបរមា ដែលរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនបានធ្វើកន្លងមករហូតបច្ចុប្បន្ននេះ គឺធ្វើឡើងតាមយន្តការចរចាត្រីភាគី តាមរយៈក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។

ការចរចាត្រីភាគីជុំវិញប្រាក់ឈ្នួលអប្បបរមារបស់កម្មករ និយោជិតវិស័យកាត់ដេរ ផលិតស្បែកជើង និងសម្ភារៈធ្វើដំណើរ តែងធ្វើឡើងជារៀងរាល់ឆ្នាំ ដោយភាគីទាំងបី និយោជិត សហជីបតំណាងនិយោជក និងភាគីរដ្ឋាភិបាល បានធ្វើឡើងយោងទៅលើការសិក្សានូវលក្ខណៈវិនិច្ឆ័យចំនួន៧ចំណុចទាក់ទងទៅនឹងសង្គម សេដ្ឋកិច្ចជាដើម។ សម្រាប់ឆ្នាំ២០២៣នេះ ប្រាក់ឈ្នួលគោលកម្មករវិស័យកាត់ដេរ គឺ២០០ដុល្លារ រួមនឹងប្រាក់ថែមម៉ោង ប្រាក់លើកទឹកចិត្តផ្សេងៗទៀត កម្មករម្នាក់អាចមានចំណូលសរុបជាង២០០ដុល្លារ ក្នុងមួយខែ។

លោក សួង ហួត ប្រធានសភាសម្ព័ន្ធសហជីពជាតិកម្ពុជាបានថ្លែងថា ការលើកឡើងរបស់បក្សប្រឆាំងគ្រាន់តែជាសារនយោបាយមុនបោះឆ្នោតប៉ុណ្ណោះ ក៏ប៉ុន្តែជាក់ស្តែងគឺមិនអាចទៅរួចនោះទេ។ តាមលោក សួង ហួត វាជាការល្អសម្រាប់កម្មករបើបានប្រាក់ខែខ្ពស់ ក៏ប៉ុន្តែគេក៏ត្រូវមានការថ្លឹងថ្លែងដែររវាងប្រាក់ឈ្នួល និងលទ្ធភាពអ្នកវិនិយោគលើវិស័យនេះ។ លោកថា កម្ពុជាមានប្រាក់ឈ្នួលប្រហាក់ប្រហែលប្រទេសអាស៊ានផ្សេងទៀត តែសមត្ថភាពផលិតកម្មនៅចាញ់វៀតណាមនៅឡើយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ