អានតួអត្ថបទ
កម្ពុជា-នយោបាយ

អភិបាលខេត្ត៣រូប ត្រូវព្រះមហាក្សត្រតែងតាំងឱ្យបន្តតួនាទី១អាណត្តិទៀត

អភិបាលខេត្ត៣រូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ឱ្យបន្តការងារជាអភិបាលខេត្តមួយអាណិត្តទៀត ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បន្ទាប់ពីមានការស្នើសុំពីប្រមុខរដ្ឋាភិបាលកម្ពុជាលោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន។ ជុំវិញការបន្តអាណិត្តដល់អភិបាលខេត្តនាពេលនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចាត់ទុកថា អភិបាលខេត្តទាំង៣សាកសមក្នុងការទទួលបានការតែងតាំង និងបន្តការងារក្នុងអាណត្តិទី២ បន្ទាប់ពីបានបំពេញការងារជូនជាតិ។ ប៉ុន្តែ អ្នកនាំពាក្យបក្សប្រឆាំងចង់ឃើញអភិបាលខេត្តមានឆន្ទៈក្នុងការបម្រើរាស្ត្រ ជាជាងបម្រើគណបក្ស។  

លោក អ៊ុំ រាត្រី មានងារជាឧត្តមមន្ត្រី ថ្នាក់លេខ៤ និងជាអភិបាលខេត្តបន្ទាយមានជ័យ
លោក អ៊ុំ រាត្រី មានងារជាឧត្តមមន្ត្រី ថ្នាក់លេខ៤ និងជាអភិបាលខេត្តបន្ទាយមានជ័យ © Internet
ផ្សាយពាណិជ្ជកម្ម

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣ ព្រះមហាក្សត្របានតែងតាំងលោក អ៊ុំ រាត្រី មានងារជាឧត្តមមន្ត្រី ថ្នាក់លេខ៤ និងជាអភិបាលខេត្តបន្ទាយមានជ័យឱ្យបន្តមុខតំណែងរបស់ខ្លួនមួយអាណត្តិទៀត គឺសម្រាប់អាណត្តិទី២។ ក្រៅពីនេះ លោក គួច ចម្រើន មានងារជាឧត្តមមន្ត្រី ថ្នាក់លេខ២ និងជាអភិបាលខេត្តព្រះសីហនុ និងលោក អ៊ុន ចាន់ដា មានឋានន្តរស័ក្តិជាឧត្តមមន្ត្រី ថ្នាក់លេខ២ និងជាអភិបាលខេត្តកំពង់ចាមក៏ត្រូវបានព្រះមហាក្សត្រតែងតាំងឱ្យបន្តតួនាទីជាអភិបាលសម្រាប់អាណត្តិទី២ក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដូចគ្នា។ នេះបើតាមព្រះរាជក្រឹត្យដដែល។

នៅទន្ទឹមនឹងការតែងតាំងឱ្យបន្តតួនាទីរបស់អភិបាលខេត្តទាំង៣នេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាចាត់ទុកថា បានសរបញ្ជាក់ឱ្យឃើញពីស្ថាដៃរបស់អភិបាលខេត្តទាំង៣ក្នុងការបំពេញកិច្ចការងារនាអាណត្តិកន្លងទៅ ក្រោមទិសដៅតែមួយ គឺបម្រើប្រជាពលរដ្ឋ និងប្រទេសជាតិ។

បើតាមលោក សុខ ឥសាន រដ្ឋាភិបាលកម្ពុជាមិនយកមនុស្សដែលគ្មានសមត្ថភាពមកធ្វើការ​ ឬយកមកអង្គុយលើតួនាទីធំតែគ្មានឆន្ទៈក្នុងការបម្រើជាតិនោះទេ។ សម្រាប់អ្នកនាំពាក្យបក្សកាន់អំណាចរូបនេះ ការផ្តល់អាណត្តិឱ្យអភិបាលខេត្តទាំង៣នេះបន្តទៀត គឺជាការឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាជនក្នុងខេត្ត ក៏ដូចជាដើម្បីពង្រឹងអំណាចរបស់គណបក្សប្រជាជនកម្ពុជា។

តែយ៉ាងណា លោក គឹម សួរភិរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ស្នើឱ្យអភិបាលខេត្តដែលទើបត្រូវបានព្រះមហាក្សត្របន្តអាណត្តិបន្ថែមនេះ និងអភិបាលខេត្តផ្សេងទៀត ត្រូវមានឆន្ទៈមុតមាំក្នុងការបម្រើផលប្រយោជន៍ជូនជាតិ និងប្រជាពលរដ្ឋ ជាពិសេសបន្តកិច្ចការដោះស្រាយបញ្ហារបស់ប្រជាពលរដ្ឋតាមមូលដ្ឋានរបស់ខ្លួន ជៀសវាងពីការបម្រើផលប្រយោជន៍នយោបាយដល់គណបក្សណាមួយ។

ទោះមានការតែងតាំងអាណត្តិអភិបាលខេត្តជាបន្តបន្ទាប់ក្តី ប៉ុន្តែកាលពីថ្ងៃទី២០​ ខែកុម្ភៈ ឆ្នាំ២០២០ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានព្រមានដកហូតមុខតំណែងដល់អភិបាលខេត្តរូបណាដែលអវត្តមានពីសម័យប្រជុំក្រុមប្រឹក្សា៣ដងជាប់គ្នា​ដោយគ្មានមូលហេតុច្បាស់លាស់។ ហើយលោកបានបញ្ជាឱ្យប្រធានក្រុមប្រឹក្សារាយការណ៍ពីវត្តមានរបស់អភិបាលទាំងអស់ជូនលោក ពីព្រោះលោកនាយករដ្ឋមន្ត្រីយល់ថា ខុសពីបទដ្ឋានផ្លូវច្បាប់។

ដោយឡែក កាលពីថ្ងៃ ៣១ ខែធ្នូ ឆ្នាំ២០២២ លោកនាយករដ្ឋមន្ត្រី បានស្នើឱ្យអភិបាលខេត្តទាំងអស់គួរបង្កើតវេទិកាដោះស្រាយបញ្ហាជម្លោះដីធ្លីរបស់ពលរដ្ឋនៅក្រៅប្រព័ន្ធតុលាការ និងត្រូវដោះស្រាយដោយឈរលើគោលការណ៍អព្យាក្រឹត្យ មិនលំអៀងទៅភាគីណាមួយទាំងក្នុងទំនាស់តូចតាច ឬមួយករណីនោះធំក៏ដោយ។

សូមជម្រាបថា ជាទូទៅអភិបាលខេត្តមានអាណត្តិធ្វើការមិនលើសពី៤ឆ្នាំ។ ហើយ អភិបាលខេត្តអាចត្រូវបានតែងតាំងបាន៤ឆ្នាំទៀតសម្រាប់អាណត្តិទី២របស់ខ្លួនក្នុងដែនសមត្ថកិច្ចដដែល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ