អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

៣ខែដើមឆ្នាំ២០២៣៖ ការប្រមូលចំណូលគយសម្រេចបានជាង៥៦៤លានដុល្លារ ថយចុះជាង៥%

ក្នុងត្រីមាសទី១ ឆ្នាំ២០២៣ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានប្រមូលចំណូលប្រមាណជាង៥៦៤លានដុល្លារ។ តួលេខនេះគឺមានការថយចុះក្នុងរង្វង់៥,២% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២។ បើតាមទិន្នផលរបស់អគ្គនាយកដ្ឋានគយ ប្រភពចំណូលដែលគយប្រមូលបានច្រើនជាងគេ គឺបានមកពីអាករលើតម្លៃបន្ថែមមានជាង៤២% អាករពិសេសមានប្រមាណ៣៣% និងពន្ធគយមាន២០%។ 

កំពង់ផែស្វ័យត (រូបតំណាង)
កំពង់ផែស្វ័យត (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា គឺថា ការប្រមូលចំណូលពន្ធរយៈពេល៣ខែដើមឆ្នាំ២០២៣នេះ សម្រេចបានជាង៥៦៤លានដុល្លារ ពោលគឺមានការធ្លាក់ចុះប្រមាណ៥% ខណៈកាលពីត្រីមាសទី១ ឆ្នាំ២០២២ គយរកចំណូលជាង៦០០លានដុល្លារ។ ប៉ុន្តែនៅត្រីមាសទី១ ឆ្នាំ២០២២កន្លងទៅ ក៏ការប្រមូលចំណូលពន្ធថយចុះផងដែរ គឺស្ថិតក្នុងរង្វង់២,៥%។

ផ្អែកតាមទិន្នន័យដដែល ចំណូលពន្ធបានពីការនាំចូលយានយន្ត និងគ្រឿងចក្រគឺមានបរិមាណខ្ពស់ ពោលគឺមានចំនួនប្រមាណ៣៦%។ ចំណែក ទំនិញសរុបមានជិត៣៣% ផលិតផលសិលាមាន២៤% និងគ្រឿងសំណង់ និងរបស់របរផ្សេងទៀតមានចំនួនជិត៧%។  ដោយឡែក មុខទំនិញដែលកម្ពុជានាំចេញវិញ គឺផលិតផលកាត់ដេរ សម្រេចបានប្រមាណជាង២ពាន់លានដុល្លារ ថយចុះជាង២២%។

ចំពោះការនាំចេញផលិតផលមិនមែនកាត់ដេរដែលបូកបញ្ចូលជាមួយ គ្រឿងបង្គុំអេឡិចត្រូនិក បង្គុំខ្សែភ្លើង ផលិតផលធ្វើពីឈើ ផលិតផលបា្លសិ្ទក កង់ កុងផ្លាកេ គ្រឿងបន្លាស់រថយន្ត ស្បែកសត្វកែឆ្នៃ អំពូលលម្អ និងផលិតផលទំនិញជាច្រើនផ្សេងទៀត មានតម្លៃប្រមាណ១,៤០០លានដុល្លារ កើន១៩%។

សម្រាប់ការនាំចេញកសិផលវិញ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជាបានឱ្យដឹងថា បានសម្រេជាង១២០០លានដុល្លារ កើនឡើង១១%។ ក្នុងនោះ ការនាំចេញស្រូវបានចំណូលជាង៤០០លានដុល្លារ កើនជិត៣៨% ឬប្រមាណ១១២លានដុល្លារ។ ខណៈការនាំចេញអង្ករ មានតម្លៃ១២៦លានដុល្លារ កើនឡើងជិត២០% ស្របពេលដែលការនាំចេញកៅស៊ូវិញថយចុះជាង១០% ពោលគឺទទួលបានចំណូលប្រមាណ៩៣លានដុល្លារ និងកសិផលផ្សេងទៀតកើន២% ឬប្រមាណ៦២៨លានដុល្លារអាមេរិក។

សូមជម្រាបថា កាលពីត្រីមាសដំបូងឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករបានប្រមូលចំណូលប្រមាណ៦០០លានដុល្លារ ឬស្មើនឹង២៣%នៃច្បាប់ថវិកាជាតិឆ្នាំ២០២២។ ក្នុងនោះ អាករ​លើ​តម្លៃបន្ថែម មាន​ប្រមាណ​៣៩%, អាករ​ពិសេស មាន​ប្រមាណ ៣៧%, ពន្ធគយ មាន​ប្រមាណ​១៨%,​អាករ​បន្ថែម​លើ ផលិតផល​ប្រេង មាន​ប្រមាណ ៤,២% និង​អាករ​នាំ​ចេញ​និង​កម្រៃ ផ្សេង​ៗ មាន​ប្រមាណ ២,២% នៃ​ចំណូល​សរុប​។ ដោយឡែកក្នុងមួយឆ្នាំ២០២២ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ប្រមូលបានចំណូលបាន ២៦០០លានដុល្លារ កើនជាង ១០៤ភាគរយ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ