អានតួអត្ថបទ
កម្ពុជា-នយោបាយ

១៧មេសា៖ គណបក្សភ្លើងទៀនស្នើឲ្យអ្នកនយោបាយកុំដើរជាន់ដានប្រវត្តិសាស្ត្រ និងចេះទទួលយកមតិផ្ទុយ

គណបក្សភ្លើងទៀននៅព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៣នេះ បានរៀបចំពិធីបង្សុកូលរាប់បាតប្រគេនព្រះសង្ឃចំនួន៥អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញានក្ខន្ធជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យកាលពីជាង៤០ឆ្នាំមុន នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍បឹងជើងឯក។ ការរៀបចំនេះក៏ទទួលបានការអនុញ្ញាតពីសាលារាជធានីភ្នំពេញផងដែរ បន្ទាប់ពីគណបក្សប្រឆាំងមួយនេះ បានដាក់សំណើរទៅកាន់អភិបាលរាជធានីភ្នំពេញលោក ឃួង ស្រេង កាលពីថ្ងៃទី១០ ខែមេសាកន្លងទៅ។

គណបក្សភ្លើងទៀននៅព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៣នេះ បានរៀបចំពិធីបង្សុកូលរាប់បាតប្រគេនព្រះសង្ឃចំនួន៥អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញានក្ខន្ធជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យកាលពីជាង៤០ឆ្នាំមុន នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍បឹងជើងឯក។
គណបក្សភ្លើងទៀននៅព្រឹកថ្ងៃទី១៧ ខែមេសាឆ្នាំ២០២៣នេះ បានរៀបចំពិធីបង្សុកូលរាប់បាតប្រគេនព្រះសង្ឃចំនួន៥អង្គ ដើម្បីឧទ្ទិសកុសលជូនដល់វិញ្ញានក្ខន្ធជនរងគ្រោះ ដែលបានស្លាប់នៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យកាលពីជាង៤០ឆ្នាំមុន នៅមជ្ឈមណ្ឌលប្រល័យពូជសាសន៍បឹងជើងឯក។ © Internet
ផ្សាយពាណិជ្ជកម្ម

គណបក្សភ្លើងទៀន ដឹកនាំដោយលោក ទាវ វណ្ណុល ប្រធានគណបក្ស និងអ្នកចូលរួមប្រមាណ ២០០នាក់ បានបញ្ចប់ការជួបជុំគ្នាដើម្បីបង្សុកូលរាប់បាតដល់ព្រះសង្ឃចំនួន៥អង្គ ដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខន្ធពលរដ្ឋខែ្មរដែលបានរងគ្រោះនៅក្នុងរបបកម្ពុជាប្រជាធិបតេយ្យនៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ដល់ថ្ងៃទី៧ ខែមករា ឆ្នាំ១៩៦៧៩។

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ដែលបានចូលរួមក្នុងពិធីនេះដែរ បានប្រាប់វិទ្យុបារាំង RFI ថាក្រៅពីការរំលឹកដល់វិញ្ញាណក្ខន្ធអ្នកដែលបានបាត់បង់ជីវិតក្នុងរបប៣ឆ្នាំ ៨ខែ ២០ថ្ងៃ ពិធីនេះគឺជាការរំលឹកដល់អ្នកដឹកនាំនយោបាយនានា ធ្វើយ៉ាងណាកុំឲ្យដើរជាន់ដានប្រវត្តិសាស្ត្រដ៏អាក្រក់នេះ។ លើសពីនេះ លោកក៏បង្ហាញសារផងដែរដល់អ្នកនយោបាយកាន់អំណាចឲ្យបើកចិត្តទូលាយទទួលយកមតិផ្ទុយ ដោយលោកមិនចង់ឃើញប្រទេសកម្ពុជាមានការចាប់ចង កាប់សម្លាប់ដូចកាលពីសម័យខ្មែរក្រហមទៀតទេ។ ក៏ប៉ុន្តែជាញឹកញាប់គណបក្សកាន់អំណាចតែងប្រតិកម្មថា ការរិះគន់សម្តែងមតិរបស់អ្នកប្រឆាំងមិនបានធ្វើឡើង ដើម្បីជាការស្ថាបនាទេ គឺមានចរិកញុះញង់ បំបែកបំបាក់។

សូមបញ្ជាក់ថាគណបក្សប្រឆាំងតែប្រារព្ធធ្វើពិធីបង្សុកូលគោរពដល់វិញ្ញាណក្ខន្ធអ្នករងគ្រោះនៃរបបខ្មែរក្រហមជារៀងដរាបមក ក៏ប៉ុន្តែមានការអាក់ខានជាច្រើនឆ្នាំបន្ទាប់ពីមានការរំលាយគណបក្សសង្គ្រោះជាតិ និងវិបត្តិកូវដី-១៩ផងដែរ។ ផ្ទុយពីគណបក្សប្រឆាំង គណបក្សកាន់អំណាចក៏ដូចជារដ្ឋាភិបាលកម្ពុជាតែងប្រារព្ធពិធីនេះនៅថ្ងៃទី២០ ខែឧសភា ជារៀងរាល់ឆ្នាំ ជាពិធីដែលមានអត្ថន័យទៅដល់ការរំលឹកវិញ្ញាណក្ខន្ធអ្នករងគ្រោះក្នុងរបបខ្មែរក្រហម។

សូមរំលឹកថារបបខ្មែរក្រហម​​បាន​ឡើង​​កាន់អំណាច​​នៅថ្ងៃទី១៧ ខែមេសា ឆ្នាំ១៩៧៥ ហើយត្រូវ​​ទម្លាក់​ពី​អំណាច​​នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ។ ប្រជាជន​កម្ពុជា​ជិត ២លាននាក់ បានបាត់បង់​ជីវិតដោយ​សារ​ការ​បង្អត់​អាហារ​ ទារុណកម្ម ការ​សម្លាប់ និង​ការ​បង្ខំ​ឲ្យ​ធ្វើ​ការ​ហួស​កម្លាំង​ក្នុង​រយៈ​ពេល​ ៣ឆ្នាំ ៨ខែ ២០ថ្ងៃនៃ​របប​នោះ។ ក្រោយពី​ការដួលរលំ​នៃរបប​ខ្មែរក្រហម នៅទីបំផុតសង្គ្រាមស៊ីវិល​បានត្រូវ​បញ្ចប់ នៅឆ្នាំ ១៩៩៨ នៅពេលដែល​រចនាសម្ព័ន្ធ​នយោបាយ​ និងយោធា​របស់​ខ្មែរក្រហម​ត្រូវ​កម្ទេចចោល។

នៅឆ្នាំ១៩៩៧ រាជរដ្ឋាភិបាល​កម្ពុជា​​បានសំណូមពរ​​ឲ្យ​អង្គការ​​សហប្រជាជាតិ​​ជួយឧបត្ថម្ភ​​បង្កើត​​សាលាជម្រះក្ដី ដើម្បី​កាត់ទោស​​មេដឹកនាំ​​ជាន់ខ្ពស់​ខ្មែរក្រហមដែលបានប្រព្រឹត្តបទឧក្រិដ្ឋអំឡុងឆ្នាំ ១៩៧៥-១៩៧៩។ តុលាការនេះ​​មានឈ្មោះ​ថា អង្គជំនុំជម្រះ​​វិសាមញ្ញ​​ក្នុង​តុលាការ​​កម្ពុជា ដើម្បី​​កាត់សេចក្ដី​​ឧក្រិដ្ឋកម្ម​​ដែលបាន​ប្រព្រឹត្ដឡើង​​ក្នុង​របប​​កម្ពុជា​​ប្រជាធិបតេយ្យ ដែលមានទីតាំងនៅកម្ពុជា ដោយ​ប្រើប្រាស់​​មន្ដ្រី​និង​​ចៅក្រម​​កម្ពុជា គួបផ្សំ​​ជាមួយ​​មន្ដ្រី​និង​​ចៅក្រម​​អន្ដរជាតិ។ អស់រយៈពេល១៦ឆ្នាំ សាលាក្តីខ្មែរក្រហមបានសម្រេចកាត់ក្តីមេដឹកនាំជាន់ខ្ពស់នៃរបបវាលពិឃាតនេះ ចំនួន៥នាក់ ក្នុងនោះមាន កាំង ហ្គិចអ៊ាវ ហៅឌុច នួន ជា អៀង សារី អៀង ធីរិទ្ធ និងខៀវ សំផន។ ក៏ប៉ុន្តែអ្នកដែលរស់រានមានជីវិត មានតែខៀវ សំផន ម្នាក់គត់ បច្ចុប្បន្នកំពុងទទួលទោសអស់១ជីវិតនៅក្នុងពន្ធនាគារខេត្តកណ្តាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ