អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

សមាគម​ស្វាយចន្ទី​ស្នើ​ឱ្យ​កសិករ​ផ្អាក​នាំ​គ្រាប់​ស្វាយចន្ទី​ស្រស់​ទៅវៀតណាម ​ក្រោយ​តម្លៃ​ថោក

សមាគមស្វាយ​ចន្ទី​កម្ពុជា​អះអាង​ថា​ ប្រជា​កសិករ​ដាំដុះ​ស្វាយចន្ទី​បាន​ផ្អាកការ​នាំចេញ​គ្រាប់​ស្វាយចន្ទី​ស្រស់​ទៅកាន់​ប្រទេស​វៀតណាម​មួយ​រយៈពេល​សិន​ ដោយសារ​តែការ​បញ្ជាទិញ​មាន​តម្លៃថោក។ ​បើតាម​ សមាគម ​គ្រាប់​ស្វាយ​ចន្ទី​សើម​ដែល​នាំទៅ​វៀតណាម​ធ្លាក់ថ្លៃ​ខ្លាំង​នាចុង​ខែមីនា ​ម្ល៉ោះហើយ ​ដើម្បី​ធានាការ​នាំចេញ​គ្រាប់​ស្វាយ​ចន្ទី​បាន​ថ្លៃ ​សមាគម​ស្នើឱ្យ​ប្រជាកសិករ​ធ្វើការ​រក្សាទុក​ និងសម្ងួត​ដើម្បី​នាំចេញ​នាអំឡុង​ខែសីហា​ជំនួសវិញ។​

ផ្លែស្វាយចន្ទី
ផ្លែស្វាយចន្ទី © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងមកវិទ្យុបារាំងអន្តរជាតិRFI លោក អួន ស៊ីុឡុត ប្រធានសមាគមស្វាយចន្ទីកម្ពុជាកត់សម្គាល់ថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅប្រទេសវៀតណាម គឺធ្លាក់ថោក ដែលតម្រូវឱ្យសមាគមស្នើឱ្យកសិករផ្អាកការនាំចេញទៅវៀតណាមមួយរយៈពេល។ គ្រាប់ស្វាយចន្ទីស្រស់បច្ចុប្បន្នមានតម្លៃពីចន្លោះ៤០០០-៤៦០០រៀលក្នុងមួយគីឡូ ខណៈគ្រាប់ស្វាយចន្ទីស្ងួតអាចនឹងមានតម្លៃខ្ពស់ជាងនេះនៅខែសីហាខាងមុខដែលមានចន្លោះពី៦០០០-៧០០០រៀល។

ផ្អែកតាមការព្យាករនេះ លោក ស៊ីឡុត ជំរុញឱ្យកសិករងាកមកសម្ងួតគ្រាប់ស្វាយចន្ទីទុកជាបណ្តោះអាសន្នវិញ និងម្យ៉ាងដើម្បីរង់ចាំតម្លៃនាំចេញហក់ឡើងខ្ពស់នាខែសីហា។ ហើយ លោកថា បើកសិករប្រញាប់លក់ចេញនាពេលនេះ ចង់មិនចង់កសិករនឹងមិនទទួលបានប្រាក់ចំណេញនោះទេ។

បើតាមប្រធានសមាគមលោក ស៊ីឡុត រយៈពេល២ឆ្នាំចុងក្រោយនេះ បញ្ហានៃការប្រែប្រួល អាកាសធាតុ បានធ្វើឲ្យប្រជាកសិករប្រកបរបដាំចន្ទីនេះមានការខាតបង់ ប្រមូលផលបានតិច ចំណែកផលដែលទទួលបានវិញ មានគុណភាពទាប និងលក់ចេញបានតម្លៃថោក បូកផ្សំជាមួយការឡើងថ្លៃនៃជីថ្នាំកសិកម្ម និងប្រេងឥន្ធនៈ។ ហើយបញ្ហាទាំងនេះបានបណ្តាលឱ្យកសិករសម្រេចកាប់ដើមចន្ទីចោលប្រមាណ ១០ម៉ឺនហិចតាក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ ដែលធ្លាក់ចុះពី ៨០ម៉ឺនហិចតា មកនៅត្រឹមតែ ៧០ម៉ឺនហិចតាប៉ុណ្ណោះ នៅចុងឆ្នាំ២០២២។

ដោយឡែក ជុំវិញការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅប្រទេសវៀតណាមច្រើនលើសលប់នេះ លោក ស៊ីឡុតចង់ឃើញវិស័យសហគ្រាសធុនតូច និងមធ្យមវិនិយោគលើការកែឆ្នៃគ្រាប់ស្វាយចន្ទីឱ្យទៅជាផលិតផលសម្រេចសម្រាប់ធ្វើការលក់នៅលើទីផ្សារតែម្តង ខណៈលោកធ្លាប់អះអាងថា ការនាំចេញគ្រាប់ស្វាយចន្ទីស្រស់ទៅវៀតណាមច្រើន ធ្វើឱ្យខាតបង់ផលចំណេញ។

ជុំវិញរឿងនេះ លោក​នាយករដ្ឋមន្ត្រីហ៊ុន សែនកាលពីថ្ងៃទី១៤ ខែមីនា បានបង្ហាញមហិច្ឆតា​ប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសអធិរាជស្វាយចន្ទីដែលមានសក្តានុពលទាំងការផលិត និងការនាំចេញគ្រាប់ស្វាយចន្ទីទៅលក់នៅលើទីផ្សារអន្តរជាតិ ខណៈកម្ពុជាបានក្តោបក្តាប់ចំណែកទីផ្សារផលិតស្វាយចន្ទីរហូតដល់២៤%នៅលើពិភពលោក។

សូមជម្រាបថា ក្នុងឆ្នាំ២០២២ កម្ពុជានាំចេញគ្រាប់ស្វាយចន្ទីឆៅទៅទីផ្សារអន្តជាតិ មានចំនួន ៦៧ម៉ឺនតោន គិតជាទឹកប្រាក់មានចំនួន ១.០៧៧លានដុល្លារ ថយចុះ៣៤,៦៥ភាគរយ។នេះបើតាមរបាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា។   ក្នុងនោះ គ្រាប់ស្វាយចន្ទីរបស់កម្ពុជាស្ទើរ ១០០ភាគរយបាននាំចេញទៅកាន់ប្រទេសវៀតណាមមានចំនួន ៦៦ម៉ឺនតោន ថយចុះ ៣៧ភាគរយ។

ដោយឡែក ក្នុងរយៈពេល៣ខែឆ្នាំ២០២៣នេះ សមាគមស្វាយចន្ទីកម្ពុជាបានបង្ហាញតួលេខឱ្យឃើញថា កម្ពុជាបានផលិតគ្រាប់ស្វាយចន្ទីស្រស់បាន២៦ម៉ឺនតោន​ ខណៈការនាំទៅវៀតណាមមានចំនួនជាង២៣ម៉ឺនតោន(២៣៣៥០តោន) ដោយគិតជាទឹកប្រាក់ប្រមាណ៣២០លានដុល្លារ ថយចុះ១២,៩៥% បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ