អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សភ្លើងទៀននឹងដាក់បញ្ជីបេក្ខជនឈរឈ្មោះ នៅកៀកថ្ងៃកំណត់ចុងក្រោយរបស់គ.ជ.ប

គណបក្សភ្លើងទៀននឹងបញ្ជូនបញ្ជីបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបេក្ខជនបម្រុងរបស់ខ្លួនទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត នៅកៀកនឹងថ្ងៃកំណត់ចុងក្រោយរបស់គ.ជ.ប។ ការបញ្ជាក់នេះធ្វើឡើង នាអំឡុងដែលគណបក្សនយោបាយខ្លះ រួមទាំងគណបក្សកាន់អំណាចបានត្រៀមខ្លួនរួចរាល់ ក្នុងការដាក់បញ្ជីបេក្ខជនឈរឈ្មោះជាផ្លូវការទៅគ.ជ.ប នៅថ្ងៃដំបូង តាមកាលវិភាគកំណត់ពីថ្ងៃទី២៤មេសា ដល់ថ្ងៃទី០៨ឧសភា។ 

លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន
លោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន © សហការី
ផ្សាយពាណិជ្ជកម្ម

មកដល់ពេលនេះ គណបក្សភ្លើងទៀនកំពុងស្ថិតក្នុងដំណាក់កាលប្រមូលយកសម្រង់បញ្ជីឈ្មោះពីបណ្តាសមាជិករបស់ខ្លួនតាមបណ្តាខេត្ត ដោយមិនទាន់អាចសម្រេចជាផ្លូវការនូវបញ្ជីបេក្ខជនឈរឈ្មោះពេញសិទ្ធិ និងបម្រុងសម្រាប់ការឈរឈ្មោះបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តអាណត្តិទី៧នៅឡើយនោះទេ។ នេះបើតាមលោក គីមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀន ដែលបានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃព្រហស្បតិ៍។

តាមអ្នកនាំពាក្យ គឺបញ្ជីបេក្ខជនជាផ្លូវការ នឹងអាចបញ្ជូនទៅគណៈកម្មធិការជាតិរៀបចំការបោះឆ្នោត នៅចុងខែមេសា ឬដើមឧសភា ខណៈដែលការកំណត់របស់គ.ជ.ប គឺទុកពេលឲ្យគណបក្សទាំងអស់ដាក់បញ្ជីបេក្ខជនឈរឈ្មោះរៀងៗខ្លួន ពីថ្ងៃទី២៤មេសា ដល់ថ្ងៃទី០៨ឧសភា។

ទោះបីជាមិនទាន់មានបញ្ជីផ្លូវការ តែលោក គីមសួរ ភីរិទ្ធ បានអះអាងថា បញ្ជីឈ្មោះបេក្ខជនរបស់គណបក្សភ្លើងទៀន គឺមានតែលើសពី១២៥រូប រាប់ទាំងបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង។ ទាំងបេក្ខជនពេញសិទ្ធិ និងបេក្ខជនបម្រុង ដែលអ្នកនាំពាក្យគណបក្សប្រឆាំងមួយនេះ បានបន្ថែមថា ភាគច្រើនជាសមាសភាពតំណាងរាស្ត្រដែលធ្លាប់រួមរស់ជាមួយអតីតគណបក្សសង្រ្គោះជាតិ។ ក្នុងនោះមានជាអាទិ៍ លោក សុន ឆ័យ តំណាងរាស្ត្រមណ្ឌលភ្នំពេញ លោក គីមសួរ ភីរិទ្ធ តំណាងរាស្ត្រមណ្ឌលកំពង់ចាម លោក ជា ប៉ូច តំណាងរាស្ត្រមណ្ឌលកំពត និងលោក ចាន់ ចេង តំណាងរាស្ត្រមណ្ឌលកណ្តាល ជាដើម។

ក្រៅពីនេះ នៅមានអតីតតំណាងរាស្ត្របក្សសង្រ្គោះជាតិមួយចំនួនទៀត ក៏នឹងចេញឈរឈ្មោះជាបេក្ខជនរបស់គណបក្សភ្លើងទៀន សម្រាប់ការបោះឆ្នោតខាងមុខ។ នេះបើតាមការបញ្ជាក់របស់លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន។

យ៉ាងណាមិញ សម្រាប់អាណត្តិទី៧ខាងមុខ គណបក្សភ្លើងទៀន ដែលលេចមុខជាថ្មី ក្រោយការរំលាយអតីតគណបក្សសង្រ្គោះជាតិ បញ្ជាក់បន្ថែមថា សមាសភាពបេក្ខជនរបស់ខ្លួនសម្រាប់ការបោះឆ្នោតលើកនេះ នឹងមានការប្រែប្រួលខ្លះដែរ។ ប្រែប្រួលត្រង់ថា បក្សប្រឆាំងមួយនេះ នឹងបញ្ចូលសមាសភាពអ្នកនយោបាយជំនាន់ថ្មី ដូចទៅនឹងគណបក្សប្រជាជនកម្ពុជា សម្រាប់ឈរឈ្មោះជាបេក្ខជន។

គួរបញ្ជាក់ថា តាមប្រតិទិនរបស់គ.ជ.ប គឺកំណត់ឲ្យគណបក្សទាំងអស់ដាក់បញ្ជីឈ្មោះបេក្ខជន ពីថ្ងៃទី២៤មេសា ដល់ថ្ងៃទី០៨ឧសភា ដែលមានរយៈ១៥ថ្ងៃ។ គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច បានត្រៀមជាស្រេចសម្រាប់ការដាក់បញ្ជីផ្លូវការរបស់ខ្លួន នៅក្នុងថ្ងៃដំបូង។ អ្វីដែលគួរកត់សម្គាល់ នៃសមាសភាពរបស់គណបក្សប្រជាជនកម្ពុជា គឺមានលោក ហ៊ុន ម៉ាណែត ជាបេក្ខជនឈរឈ្មោះជាតំណាងរាស្រ្តទី១នៃមណ្ឌលរាជធានីភ្នំពេញ ដែលជាការត្រួសត្រាយផ្លូវឆ្ពោះទៅរកតំណែងជានាយករដ្ឋមន្ត្រីនាពេលអនាគត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ