អានតួអត្ថបទ
កម្ពុជា-សង្គម

រដ្ឋបាលខេត្តព្រះសីហនុ បដិសេធការចុះផ្សាយរបស់BBC ជុំវិញអំពើឆបោក និងបង្ខាំងមនុស្ស

រដ្ឋបាលខេត្តព្រះសីហនុ បានចេញមកច្រានចោលការចុះផ្សាយរបស់សារព័ត៌មានអង់គ្លេសBBC ពាក់ព័ន្ធនឹងការបង្ហោះវីដេអូមួយស្តីអំពី ករណីឆបោកតាមប្រព័ន្ធអនឡាញ និងការបង្ខាំងមនុស្សនៅក្នុងទីតាំងកាស៊ីណូហ័ងឡឺ ភូមិសាស្ត្រខេត្តព្រះសីហនុ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋបាលខេត្ត វីដេអូដែលផលិតដោយសារព័ត៌មានBBC គឺគ្មានប្រភព និងមូលដ្ឋានច្បាស់លាស់ ដែលជាហេតុធ្វើឱ្យប៉ះពាល់ដល់កិត្តិយស និងសេចក្តីថ្លៃថ្នូររបស់អាជ្ញាធរខេត្តព្រះសីហនុទាំងអស់។

រូបតំណាង
រូបតំណាង © Internet
ផ្សាយពាណិជ្ជកម្ម

រយៈពេលជិត២ខែ ក្រោយសារព័ត៌មានអង់គ្លេសBBC បានចេញផ្សាយវីដេអូមួយដែលមានរយៈពេលប្រមាណជិត៥០នាទី ក្រោមចំណងជើងថា «ការចាញ់បោកប្រាក់តាមរូបភាពស្នេហា» (Pig Butchering Romance Scam) ដែលអំពីឆបោកនេះ មានវត្តមានក្នុងខេត្តព្រះសីហនុ ត្រូវបានរដ្ឋបាលខេត្តកាលពីថ្ងៃទី១៩ ខែមេសា បដិសេធទាំងស្រុងរាល់ការចុះផ្សាយរបស់សារព័ត៌មានBBC និងចាត់ទុកវីដេអូស៊ើបអង្កេតដែលផលិតដោយBBCនេះ គឺគ្មានប្រភពច្បាស់លាស់។

បើតាម រដ្ឋបាលខេត្តព្រះសីហនុ អាជ្ញាធរបានចុះស្រាវជ្រាវស្វែងរកជនបរទេសដែលបានដាក់ពាក្យបណ្តឹងនៅទីតាំងកាស៊ីណូ ហ័ងឡឺ ដោយក្រោយមក អាជ្ញាធររកឃើញបណ្តឹងចំនួន០៦ករណី ដែលមានជនបរទេស ១១នាក់ (ស្រី ០១នាក់) ប្តឹងសុំអន្តរាគមន៍លាឈាប់ពីការងារ ខណៈមាន០១ករណីជាប់ពាក់ព័ន្ធនឹងបទល្មើសជួញដូរមនុស្ស និងឃាត់ខ្លួនជនសង្ស័យម្នាក់បញ្ចូនទៅតុលាការ។ ចំណែកជនជាតិចិន២នាក់ដែលបានអះអាងក្នុងវីដេអូថា ខ្លួនរងគ្រោះដោយអំពើបង្ខាំង និងធ្វើទារុណកម្ម គឺមិនមានទិន្នន័យអត្តសញ្ញាណជនបរទេសឡើយ។  

ដោយឡែក កាលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣ សមត្ថកិច្ចជំនាញនៃនាយកដ្ឋានប្រឆាំងបទល្មើសល្បែងពាណិជ្ជកម្ម បានចុះទៅពិនិត្យនៅទីតាំងអគារកាស៊ីណូមេចេស្ទីន ធូ និងមិនបានរកឃើញថា ទីតាំងនេះមានសញ្ញាណនៃបទល្មើសបង្ខាំង ឬធ្វើទារុណកម្ម មនុស្សឡើយ។  ម្ល៉ោះហើយ រដ្ឋបាលខេត្តព្រះសីហនុចាត់ទុកការចុះផ្សាយវីដេអូស៊ើបអង្កេតរបស់សារព័ត៌មានBBC គ្មានមូលដ្ឋានច្បាស់លាស់ ដោយប្រើប្រាស់សភាពការណ៍ចាស់ដែលបានកើតឡើងកន្លងមក ហើយដែលអាជ្ញាធរមានសមត្ថកិច្ចបានចុះបង្ក្រាបរួចមកហើយ។

គួរជម្រាបថា កាលពីថ្ងៃទី០៨ ខែមីនា ឆ្នាំ២០២៣ សារព័ត៌មានBBC បានបង្ហោះវីដេអូស៊ើបអង្កេតមួយដោយខ្លឹមសារទាំងស្រុងនៃវីដេអូនោះបានបង្ហាញពីស្ថានភាពនៃជនរងគ្រោះដែលជាជនជាតិ៤រូប រងគ្រោះពីករណីឆបោកតាមប្រព័ន្ធអនឡាញ និងការចាប់បង្ខាំងទុក ក៏ដូចជាធ្វើទារុណកម្មក្នុងទីតាំងអាគារកាស៊ីណូមួយឈ្មោះថា ហ័ងឡឺ និងមេចេស្ទី ធូ ដែលមានម្ចាស់ឈ្មោះ លី គួង ភេទប្រុស អាយុ៤៧ឆ្នាំ។

បើតាមវីដេអូនោះបានឱ្យដឹងថា ជនរងគ្រោះម្នាក់ៗ ពួកគេត្រូវបានបង្ខំឲ្យធ្វើការរយៈពេល១២ម៉ោងក្នុងមួយថ្ងៃ ដោយគ្មានពេលសម្រាក។ ជាការលួចផ្តិតយកវីដេអូខ្លីៗ ជនរងគ្រោះ ដែលស្រង់សម្តីដោយ BBCទាំងនោះ បានបញ្ជាក់ថា ពួកគេត្រូវបង្ខំឲ្យធ្វើការ បើពុំដូច្នេះទេ នឹងត្រូវទទួលពិន័យ តាមរយៈការវាយដំ និងការប្រើប្រាស់ឧបករណ៍ឆក់ជាដើម ខណៈជនរងគ្រោះម្នាក់ទៀត រងការឆបោកក្រោមរូបភាពស្នេហា ដោយបានខាតបង់ប្រាក់ខ្ទង់សែនដុល្លារផងដែរ។

ជុំវិញរឿងនេះ លោកបណ្ឌិត មាស នី អ្នកស្រាវជ្រាវឯករាជ្យ​បានប្រាប់វិទ្យុបារាំងអន្តរជាតិRFI ថា អាជ្ញាធរមានសមត្ថកិច្ចត្រូវតែបន្តចុះស៊ើបអង្កេតករណីទាំងនេះបន្ថែមទៀត ដើម្បីធ្វើយ៉ាងណាលុបបំបាត់ការជួញដូរមនុស្ស និងការបង្ខាំងមនុស្សខុសច្បាប់នៅក្នុងប្រទេសកម្ពុជា។ ចំពោះ លោកបណ្ឌិត មាស នី ការបន្តអូសបន្លាយពេល ឬមិនសូវខ្វាយខ្វល់ អាចនឹងធ្វើឱ្យកម្ពុជាក្លាយជាប្រទេសដែលមានករណីជួញដូរមនុស្សខ្ពស់៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ