អានតួអត្ថបទ
កម្ពុជា-នយោបាយ

ព្រះអង្គម្ចាស់ចក្រាវុធ ឈរជាបេក្ខជនទី១មណ្ឌលភ្នំពេញ និងជាបេក្ខជននាយករដ្ឋមន្ត្រី

ប្រធានគណបក្សហ្វុនស៊ីនប៉ិច ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដែលជាបុត្រាបង្កើតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងត្រូវឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ខណៈដែលព្រះអង្គនឹងឈរឈ្មោះជាបេក្ខជនពេញសិទ្ធិលេខរៀងទី១មណ្ឌលរាជធានីភ្នំពេញ។ នេះបើតាមការបញ្ជាក់របស់លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិច ដែលគណបក្សរាជានិយមមួយនេះ បានត្រៀមបញ្ជីឈ្មោះបក្ខជនរួចរាល់ហើយសម្រាប់ផ្ញើទៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នាពេលខាងមុខ។

ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដែលជាបុត្រាបង្កើតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងត្រូវឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។
ព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ដែលជាបុត្រាបង្កើតរបស់សម្តេចក្រុមព្រះនរោត្តម រណឫទ្ធិ នឹងត្រូវឈរឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី។ © Internet
ផ្សាយពាណិជ្ជកម្ម

គណបក្សហ្វុនស៊ីនប៉ិច បានត្រៀមបញ្ជីឈ្មោះបេក្ខជនរួចរាល់អស់ហើយ ទាំងបេក្ខជនពេញសិទ្ធិ និងបំរ៉ុងទាំង២៥ ខេត្ត រាជធានី ផ្ញើទៅកាន់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) នៅសប្តាហ៍ក្រោយ ដើម្បីចូលរួមប្រកួតប្រជែងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនៅសល់ពេល ៣ខែទៀតប៉ុណ្ណោះ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិច បានប្រាប់វិទ្យុបារាំងRFI ថា ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ដែលជាបុត្រាសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ នឹងត្រូវឈ្មោះជាបេក្ខជននាយករដ្ឋមន្ត្រី ហើយព្រះអង្គគឺជាបេក្ខជនលេខរៀងទី១ របស់គណបក្សរាជានិយមនេះនៅមណ្ឌលរាជធានីភ្នំពេញ។

គណបក្សហ្វុនស៊ីនប៉ិច កន្លងទៅបានរងនូវភាពច្របូកច្របល់ និងមានការបត់បែនជាច្រើនដំណាក់កាល ដោយសារតែមានការបែកខ្ញែកផ្ទៃក្នុងនៅក្នុងចំណោមមន្ត្រីជាន់ខ្ពស់ ការរួមបញ្ចូលគ្នា និងការចែកផ្លូវគ្នាជាមួយលោក ញឹក ប៊ុនឆៃ អតីតមេទ័ពធំគណបក្សហ្វុនស៊ីនប៉ិច បច្ចុប្បន្នជាប្រធានគណបក្សខ្មែររួបរួមជាតិ។

ក៏ប៉ុន្តែអ្នកនាំពាក្យគណបក្សហ្វុនស៊ីនប៉ិចលោក ញឿន រ៉ាដែន ដែលបានឈរឈ្មោះនៅមណ្ឌលខេត្តកំពង់ចាមផងនោះ បញ្ជាក់ថាបញ្ជីឈ្មោះបេក្ខជនគណបក្សហ្វុនស៊ីនប៉ិច បានរួមបញ្ចូលផងដែរអតីតអ្នកតស៊ូ និងអ្នកនយោបាយ ដែលធ្លាប់ដង្ហែរអតីតព្រះមហាក្សត្រ ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ តាំងពីជំនាន់រណសិរ្សហ្វុនស៊ីនប៉ិចនៅដើមទសវត្សរ៍ឆ្នំ៨០ រហូតដល់តំណាក់កាលដែលគណបក្សដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ដែលក្នុងនោះមានលោក ប៉ោ ប៊ុនស្រឺ លោក សាយ ហាក់​ លោក ឈាង ចំរើន ជាដើម។

សូមរំលឹកថានៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដំបូងកាលពីឆ្នាំ១៩៩៣ នៅកម្ពុជា ដែលរៀបចំឡើងដោយអង្គការសហប្រជាជាតិ គណបក្សហ្វុនស៊ីនប៉ិចបានឈ្នះនាំមុខគណបក្សប្រជាជន ដោយទទួលបានអាសនៈចំនួន៥៨។ ការបោះឆ្នោតសកលឆ្នាំ១៩៩៨ ហ៊្វុនស៊ិនប៉ិចបានលំដាប់ទី២ ដែលមាន៤៣ អាសនៈក្នុងចំណោមអាសនៈ១២៣។ ការបោះឆ្នោតសកលឆ្នាំ២០០៣ ហ្វុនស៊ីនប៉ិចបានធ្លាក់បន្ថែមទៀត ដោយទទួលបាន២០%នៃសម្លេងឆ្នោត គឺទទួលបាន២៦អាសនៈ និងទទួលបានតែ២ អាសនៈប៉ុណ្ណោះនៅឆ្នាំ២០០៨។ បន្ទាប់ពីនោះមក គណបក្សហ្វុនស៊ីនប៉ិចមិនបានឈ្នះអាសនៈអ្វីទាំងអស់នៅក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅឆ្នាំ២០១៣ និង២០១៨ ខណៈដែលគណបក្សសម រង្ស៊ី គណបក្សសិទ្ធិមនុស្ស និងគណបក្សសង្គ្រោះជាតិបានរះឡើង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ