អានតួអត្ថបទ
កម្ពុជា-សង្គម

សមាគមអ្នកចិញ្ចឹមសត្វស្នើឲ្យបន្តឹងការត្រួតពិនិត្យតាមព្រំដែន ទប់សាច់ជ្រូកបង្កកខុសច្បាប់ចូលមកកម្ពុជា

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បង្ហាញការព្រួយបារម្ភខ្លាចសាច់ជ្រូកបង្កករកឃើញនៅក្នុងប្រទេសថៃ អាចនឹងត្រូវឈ្មួញបញ្ជូនមកលក់នៅទឹកដីកម្ពុជា។ ប្រតិកម្មរបស់សមាគមអ្នកចិញ្ចឹមសត្វកម្ពូជា នៅថ្ងៃទី២០ ខែមេសា កើតមានឡើង បន្ទាប់ពីប្រភពព័ត៌មានរបស់ថៃបានផ្សាយថា អាជ្ញាធរជំនាញរបស់ថៃបានរកឃើញសាច់ជ្រូកបង្កកខុសច្បាប់ ជាង៤លានគីឡួក្រាម។

សាច់ជ្រូកបង្កកខុសច្បាប់
សាច់ជ្រូកបង្កកខុសច្បាប់ © Internet
ផ្សាយពាណិជ្ជកម្ម

កាលពីថ្ងៃទី២០ ខែមេសា សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានអំពាវនាវដល់អាជ្ញាធរ ពិសេស ភ្នាក់ងារគយ និងរដ្ឋាករតាមច្រកទ្វារព្រំដែន និងអាជ្ញាធរមូលដ្ឋាន ដែលពិនិត្យតាមច្រករបៀងទាំងអស់យកចិត្តទុកដាក់កម្រិតខ្ពស់ និងត្រួតពិនិត្យតឹងរ៉ឹង ដើម្បីបង្ការកុំឲ្យសាច់ជ្រូកបង្កកដ៏គ្រោះថ្នាក់លួចនាំចូលមកលក់នៅកម្ពុជា។

កាលពីថ្ងៃទី១៩ ខែមេសា សមាគមអ្នកចិញ្ចឹមជ្រូករបស់ថៃ និងអាជ្ញាធរថៃបានរកឃើញការនាំចូលសាច់ជ្រូកបង្កកខុសច្បាប់មកក្នុងប្រទេសថៃសរុបជាង ៤លានគីឡូក្រាម នៅកំពង់ផែឡែមឆាបាង ខេត្តឈុនបូរី។

តាមបណ្តាញសង្គមហ្វេសប៊ុកផ្លូវការ សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា អះអាងថាខ្លួនពិតជាមានការព្រួយបារម្ភជាខ្លាំង ព្រោះសាច់ជ្រូកបង្កកទាំងនោះ មិនអាចចូលទីផ្សារប្រទេសថៃបានទេ ដូចនេះអាជ្ញាធរថៃអាចនឹងបញ្ជូនទៅប្រភពដើមវិញ។ ម្យ៉ាងទៀតអាចមានបណ្តាញឈ្មួញខិលខូចលួចនាំចូលសាច់បង្កកទាំងនោះ មកលក់ក្នុងប្រទេសជិតខាង ដែលក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃទី២១ ខែមេសាថា សាច់បង្កកដែលរកឃើញនៅប្រទេសថែ ត្រូវបានអាជ្ញាធរជំនាញថៃរកឃើញថាមានសារធាតុមិនល្អ ឬខូចគុណភាព។

លោក ស្រ៊ុន ពៅបញ្ជាក់ថា សាច់ជ្រូកបង្កកខូចគុណភាព ឬសាច់បង្កកខុសច្បាប់ទាំងនេះ នៅពេលដែលនាំចូលមក នោះនឹងបង្កជាគ្រោះថ្នាក់ដល់អ្នកទទួលទាន និងអ្នកចិញ្ចឹមជ្រូកនៅក្នុងស្រុក ព្រោះថាវាមានសារធាតុគីមី និងជំងឺនៅក្នុងសាច់បង្កកទាំងនោះ។

លោក ផាន អូន ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប) បានថ្លែងថា កន្លងមានការត្រួតពិនិត្យតាមឃ្លាំង និងបានរកឃើញសាច់បង្កកមួយចំនួន ប៉ុន្តែពាក់ព័ន្ធនឹងស្ថាប័ននៅតាមមាត់ច្រកព្រំដែន ព្រោះសាច់បង្កកមិនត្រូវបានហាមឃាត់ទេ ប៉ុន្តែត្រូវមានឯកសារបញ្ជាក់។ លោកបន្តថា ក.ប.ប មានតួនាទីពិនិត្យនៅខាងក្នុងប្រទេស ដោយសហការជាមួយមន្ត្រីពេទ្យសត្វ ដើម្បីត្រួតពិនិត្យលើសាច់បង្កកទាំងនោះរកជំងឺ។ លោក ផាន អូន បញ្ជាក់ថា នៅខាងក្នុងប្រទេសគឺមានការរឹតបន្តឹងត្រួតពិនិត្យលើសាច់បង្កកនៅតាមឃ្លាំងស្តុក៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ