អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក ហ៊ុន សែន បើកទ្វារទទួល លោក ហ៊ុន កុសល ចូលក្នុងគ្រួសារCPP

លោក ​ហ៊ុន សែន ​នៅ​ថ្ងៃ​អាទិត្យ​នេះ​បាន​បើក​ទ្វារ​ទទួល​ស្វាគមន៍​លោក​ ហ៊ុន កុសល ​ចូល​ក្នុង​គណបក្ស​ប្រជាប្រជន​កម្ពុជា​ បន្ទាប់​ពី​សាម៉ី​ខ្លួន​ចេញ​វីដេអូ​សុំ​ចូល​រួម​ជីវភាព​នយោបាយ​ជា​មួយ​គណបក្ស​ប្រជាជន។​ សំណើរ​សុំ​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​ធ្វើ​ឡើង​មួយ​ថ្ងៃ​បន្ទាប់​ពី​លោក​ ហ៊ុន កុសល ​ត្រូវ​បាន​សាលា​ដំបូង​រាជធានី​ភ្នំពេញ​ចេញ​ដីកា​បង្គាប់​ឲ្យ​ដោះលែង​នៅ​ថ្ងៃ​ទី​២២​ខែ​មេសា ​ក្រោម​ការ​សម្រប​សម្រួល​របស់​លោក​ ហ៊ុន សែន ។

លោក យឹម ស៊ីណន(នៅខាងឆ្វេង) និងលោកហ៊ុន កុសល(នៅខាងស្ដាំ)
លោក យឹម ស៊ីណន(នៅខាងឆ្វេង) និងលោកហ៊ុន កុសល(នៅខាងស្ដាំ) © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងវិដេអូខ្លីបង្ហាញដោយលោក ហ៊ុន សែន លោក ហ៊ុន កុសល អរគុណលោក ហ៊ុន សែន ដែលជួយសម្របសម្រួលឲ្យរូបលោកបានចេញពីពន្ធនាគារដែលជាប់ឃុំនៅក្នុងបទចោទប្រមាថអង្គព្រះមហាក្សត្រ។ដូចគ្នានឹងសំណេរលើទំព័រហ្វេសបុកក្រោយចេញពីពន្ធនាគារភ្លាមដែរ លោក ហ៊ុន កុសល បានសូមទោសជាថ្មីចំពោះអ្វីដែលខ្លួនបានចោទប្រកាន់ទៅកាន់លោក ហ៊ុន សែន នា​ពេលកន្លងមកនិងអះអាងពីភាពស្មោះត្រង់ធ្វើការជាមួយគណបក្សប្រជាជនកម្ពុជាក្រោមការដឹកនាំរបស់លោក ហ៊ុន សែន។

បន្ថែមលើនេះនៅក្នុងសំណេរលើទំព័រហ្វេសបុកដដែល លោក ហ៊ុន កុសល ក៏បានស្នើសុំលោក ហ៊ុន សែន  ជួយសម្របសម្រួលចំពោះសកម្មជននយោបាយអតីតគណបក្សសង្រ្គោះជាតិទាំងឡាយដែលកំពុងជាប់ឃុំនៅមណ្ឌលអប់រំកែប្រែ(ម១) និងសកម្មជននយោបាយ និងសកម្មជនសង្គមដទៃទៀតដើម្បីឱ្យពួកគេ បាននៅក្រៅឃុំ អាចជួបជុំឪពុកម្តាយ ស្វាមី ភរិយា សាច់ញាតិ និងគ្រួសារដូចដើមវិញ។

គួរជម្រាបជូនថា លោក ហ៊ុន កុសល ដែលជាមិត្តភក្តិនិងបងប្អូនធម៌នឹងលោក យឹម ស៊ីណន  ត្រូវបានតុលាការចោទប្រកាន់២បទល្មើស រួមមានបទៈ ប្រមាថចំពោះអង្គព្រះមហាក្សត្រ និងបទញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម តាមមាត្រា៤៣៧ (ស្ទួន) នៃច្បាប់ស្តីពីវិសោធនកម្មក្រមព្រហ្មទណ្ឌ មាត្រា៤៩៤ និងមាត្រា៤៩៥ នៃក្រមព្រហ្មទណ្ឌ។

ក្រោយ​មានសេរីភាពវិញ លោក យឹម ស៊ីណន ទទួលបានតួនាទីជាអនុរដ្ឋលេខាធិការក្រសួងការងារក្រោយចុះចូលជាមួយគណបក្សប្រជាជនកម្ពុជា។ លោក យឹម ស៊ីណន បានរៀបរាប់ថា ​ចូលរួម​ជីវភាព​នយោបាយ​ជាមួយ​បក្ស​ប្រជាជន​កម្ពុជា ព្រោះឈឺ​ចាប់​នឹង​ការ​ប្រមាថ​របស់​គណបក្ស​ប្រឆាំង​អំឡុង​ពេល​ខ្លួន​ជាប់​ពន្ធនាគារ ដែលថា ការជាប់គុករបស់លោក និង លោក ហ៊ុន កុសល ជាល្ខោនសម្តែង។

ចំណែកលោក គឹម សុខ អ្នកនៅក្រៅស្រុកសសេរសារលើហ្វេសប៊ុកថា  នេះជាសេណារីយ៉ូរៀបចំឡើងដោយលោក ហ៊ុន សែន និងកូនប្រុសគឺលោក ហ៊ុន ម៉ាណែត ដើម្បីបំផ្លាញចោលចរន្តស្មោះស្ម័គ្រនឹងលោក កឹម សុខា។ បើតាមលោក គឹម សុខ ចេតនារបស់លោក ហ៊ុន សែន សងសឹកឲ្យដល់ទីបំផុតនឹងលោក កឹម សុខា ដែលនៅតែមានជំហររឹងមាំ មិនធ្វើតាមគំនិតរបស់ខ្លួន។  ជុំវិញការអះអាងថា នេះនៅមិនទាន់មានការឆ្លើយតបនៅឡើយទេពី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ