អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្ស​ចំនួន​៣បាន​ទៅចុះ​បញ្ជី​ឈរ​ឈ្មោះបោះឆ្នោត​ និង​បញ្ជី​បេក្ខជន​នៅព្រឹក​ថ្ងៃដំបូង

គិត​មក​ត្រឹម​វេលា​ម៉ោង១ថ្ងៃ​ត្រង់​ថ្ងៃចន្ទ​នេះ ​គណបក្ស​នយោបាយ​ចំនួន៣​ ក្នុង​នោះ​មាន​គណបក្ស​កាន់អំណាច​ផងដែរ​ បាន​ទៅ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរឈ្មោះ​បោះឆ្នោត​ និង​បញ្ជី​បេក្ខជន​នៅ​គណៈកម្មាធិការ​ជាតិ​រៀប​ចំការ​បោះឆ្នោត(គ.ជ.ប)។​ ការ​ចុះ​បញ្ជី​គណបក្ស​នយោបាយ​ឈរ​ឈ្មោះបោះឆ្នោត​ និងបញ្ជី​បេក្ខជន​ ដើម្បី​ចូល​រួម​បោះឆ្នោត​ជ្រើសតាំង​តំណាង​រាស្ត្រ​នីតិកាល​ទី៧នេះ ​គណបក្ស​នយោបាយ​មានពេល​២សប្តាហ៍ ​គឺចាប់​ពីថ្ងៃទី២៤​ ខែមេសានេះ ​រហូត​ដល់​ថ្ងៃទី០៨​ ខែឧសភា​ ឆ្នាំ២០២៣។​

គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាជនកម្ពុជា និងគណបក្សយុវជនកម្ពុជា។
គណបក្សខ្មែររួបរួមជាតិ គណបក្សប្រជាជនកម្ពុជា និងគណបក្សយុវជនកម្ពុជា។ © សហការី
ផ្សាយពាណិជ្ជកម្ម

យ៉ាងហោចមានគណបក្សនយោបាយចំនួន៣ បានទៅចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជននៅគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នៅថ្ងៃដំបូង គិតមកត្រឹមម៉ោង ១ថ្ងៃត្រង់នេះ។ គណបក្សទាំង៣នោះរួមមាន គណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា និងគណបក្សខ្មែររួបរួមជាតិ។

លោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បានប្រាប់វិទ្យុបារាំង RFI នៅថ្ងៃនេះថា គ.ជ.ប មានពេល៧ថ្ងៃ ដើម្បីពិនិត្យ និងសម្រេចថាទទួលស្គាល់ ឬច្រានចោលការចុះបញ្ជីគណបក្សនយោបាយណាមួយ។ តាម គ.ជ.ប គណបក្សនយោបាយត្រូវភ្ជាប់មកជាមួយនូវឯកសារចំនួន១០មុខ រួមមានសេចក្តីចម្លងលិខិតបញ្ជាក់ការចុះបញ្ជីគណបក្សនយោបាយនៅក្រសួងមហាផ្ទៃ១ច្បាប់ ឈ្មោះគណបក្សនយោបាយជាអក្សរពេញ ជាអក្សរកាត់ និងសញ្ញាសម្គាល់គណបក្សនយោបាយ អាសយដ្ឋាននៃទីស្នាក់ការកណ្តាលគណបក្ស បញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបទូទាំងប្រទេស ដែលត្រូវមានបេក្ខជនពេញសិទ្ធិចំនួនយ៉ាងតិច១/៣ នៃចំនួនអាសនៈក្នុងរដ្ឋសភា និងបេក្ខជនបម្រុងចំនួនស្មើគ្នានឹងបេក្ខជនពេញសិទ្ធិ។

បន្ថែមពីនេះ គណបក្សនយោបាយក៏ត្រូវបំពេញលក្ខខណ្ឌមួយចំនួនទៀតដូចជាឈ្មោះមណ្ឌលដែលគណបក្សនយោបាយមានបំណងទៅឈរ និងបញ្ជីបេក្ខជនឈរឈ្មោះតាមមណ្ឌលទាំងនោះ។ គណបក្សនយោបាយក៏ត្រូវមានផងដែរនូវសេចក្តីប្រកាសអំពីគណនីធនាគារ លក្ខន្តិកៈគណបក្សនិងឯកសារផ្សេងៗទៀត សេចក្តីប្រកាសរបស់គណបក្សសន្យាថាចូលរួមបោះឆ្នោត និងទទួលយកលទ្ធផលនៃការបោះឆ្នោត បញ្ជីរាយនាមគណៈកម្មាធិការនាយក ឬគណៈអចិន្ត្រៃយ៍ និងបង្កាន់ដៃបង់ប្រាក់តម្កល់ចំនួន ១៥លានរៀលជាដើម។

សូមរំលឹកថាគណបក្សនយោបាយនៅប្រទេសកម្ពុជាដែលបានចុះបញ្ជីនៅក្រសួងមហាផ្ទៃសរុបមានចំនួន៤៥គណបក្ស ក៏ប៉ុន្តែគណបក្សដែលចាប់អារម្មណ៍ប្រកួតប្រជែងក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ត្រូវគេមើលឃើញថានឹងមិនបានចូលរួមទាំងអស់នោះទេ។ កាលពីការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០១៨ មានគណបក្សចំនួន២០ ចូលរួម ដែលក្នុងនោះមិនមានវត្តមានគណបក្សប្រឆាំងស្រួចស្រាល់នឹងបក្សកាន់អំណាចទេ ហើយការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ កាលពីឆ្នាំ២០២២ មាន១៧គណបក្សចូលរួម ក្នុងនោះគណបក្សភ្លើងទៀនបានដើរតួនាទីសំខាន់ជាគណបក្សប្រឆាំង បន្ទាប់ពីគណបក្សសង្គ្រោះជាតិត្រូវបានរំលាយ។ សូមបញ្ជាក់ថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ នឹងត្រូវធ្វើឡើងនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ