អានតួអត្ថបទ
កម្ពុជា-អាស៊ាន

រដ្ឋាភិបាលបានអនុម័តសេចក្ដីព្រាងច្បាប់ស្ដីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន

សេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន ត្រូវបានរដ្ឋាភិបាលសម្រេចអនុម័តទាំងស្រុង នៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្រ្តី ដែលដឹកនាំដោយលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃទី២៨ ខែមេសានេះ។ ក្រៅពីសេចក្ដីព្រាងច្បាប់ខាងលើ រដ្ឋាភិបាលក៏បានអនុម័តសេច​ក្តីព្រាងក្រមបរិស្ថាន និងធនធានធម្មជាតិផងដែរ។ 

គណៈរដ្ឋមន្ត្រី
គណៈរដ្ឋមន្ត្រី © FB/SPM
ផ្សាយពាណិជ្ជកម្ម

បើតាមលោក ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល គោលបំណងសំខាន់ៗនៃសេចក្ដីព្រាងច្បាប់ស្ដីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេវា​កម្មអាស៊ាននេះ រួមមាន៖ ពង្រឹងការតភ្ជាប់សេដ្ឋកិច្ច និងផ្តល់កាលានុវត្តភាពកាន់តែប្រសើរឡើង សម្រាប់​ការអភិវឌ្ឍសេដ្ឋកិច្ចនៅក្នុងសហគមន៍សេដ្ឋកិច្ចអាស៊ាន។ បង្កើនការធ្វើពាណិជ្ជកម្ម និងការវិនិយោគលើវិស័យពាណិជ្ជកម្មសេវាកម្ម ដោយបង្កើតទីផ្សារកាន់តែទូលំទូលាយ និងសេដ្ឋកិច្ចទំហំ។ កាត់​បន្ថយការរឹតត្បិតចំពោះពាណិជ្ជកម្មសេវាកម្ម ការវិនិយោគ និងបង្កើតបរិយាកាសពាណិជ្ជកម្មដែលអាចព្យាករណ៍បាន។

ជាងនេះទៀត ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសជាសមាជិកទាំងអស់ តាមរយៈការលើកកម្ពស់ និងការសម្របសម្រួលដល់ការប្រើប្រាស់នូវកាលានុវត្តភាពកាន់តែប្រសើរ ដែលផ្ដល់ដោយកិច្ចព្រមព្រៀងនេះ ការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងផ្នែកនិយ័តកម្ម ការបង្កើតកិច្ចសហប្រតិបត្តិការក្នុងវិស័យអភិវឌ្ឍន៍ធនធានមនុស្ស និងការបង្កើនការចូលរួមរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ក្នុងសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ និងកាត់បន្ថយគម្លាតនៃការអភិវឌ្ឍរវាងប្រទេសសមាជិកអាស៊ាន ដើម្បីសម្រេចបាននូវសមភាពតុល្យភាព និងនិរន្តរភាពនៃការអភិវឌ្ឍសេដ្ឋកិច្ចសង្គម។

អ្នកនាំពាក្យរដ្ឋាបាលរូបនេះបញ្ជាក់ថា កិច្ចព្រមព្រៀងពាណិជ្ជកម្មសេវាកម្មអាស៊ាន នឹងផ្តល់នូវអត្ថប្រយោជន៍ ដូចជា៖ ពង្រីកបន្ថែម និងធ្វើឱ្យកាន់តែស៊ីជម្រៅនូវសមាហរណកម្មពាណិជ្ជកម្មសេវាកម្ម ដើម្បីជំរុញសមាហរណកម្មពាណិជ្ជកម្មសេវាកម្មអាស៊ានទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល និងលើកកម្ពស់សមត្ថភាពប្រកួតប្រជែងក្នុងវិស័យសេវាកម្មរបស់ប្រទេសសមាជិក។

សម្រាប់កម្ពុជានឹងទទួលបានលទ្ធភាព និងកាលានុវត្តភាពកាន់​តែខ្លាំងក្នុងការទាក់ទាញវិនិយោគបរ​ទេស​មកវិនិយោគក្នុងប្រទេសកាន់តែច្រើន ដែលជាកត្តាវិជ្ជ​មានក្នុងការបង្កើនឱកាសការងារនៅក្នុងប្រទេស បង្កើនចំណូល ហើយវាក៏ជាកត្តារួមចំណែកមួយដ៏សំខាន់ក្នុងការបង្កើនកំណើនផលិតផលជាតិសរុបផងដែរ។

តាមរយះសេចក្ដីព្រាងច្បាប់ស្ដីខាងលើ​នេះ បើតាមលោក ផៃ ស៊ីផាន កម្ពុជាអាចនឹងបង្កើនថវិកាជាតិលើចំណូលសារពើពន្ធ តាមរយៈការប្រមូលពន្ធអាករកាន់តែច្រើនជាងមុន។ កម្ពុជានឹងទទួលបាននូវការចែករំលែកបទពិសោធន៍ និងទទួលការជះឥទ្ធិពលវិជ្ជមានលើផ្នែកចំណេះដឹង ជំនាញ បច្ចេកវិទ្យា និង​បំណិនអាជីវកម្ម ក្នុងការពង្រឹងសក្តានុពលកំលាំងពលកម្ម និងសហគ្រិនភាពក្នុងស្រុក។ កម្ពុជានឹងទទួលបាននូវជម្រើសជាច្រើនក្នុងការប្រើប្រាស់សេវាកម្ម ប្រកបដោយតម្លៃទាប និងការប្រកួតប្រជែងខ្ពស់​។

គួរជម្រាបជូនថា ពាណិជ្ជកម្មសេវាកម្មអាស៊ាន គឺមានសារៈសំខាន់ដូចគ្នានឹងពាណិជ្ជកម្មទំនិញដែរ នៅពេលនិយាយអំពីកំណើនសេដ្ឋកិច្ច។ យោងទៅតាមស្ថិតិអាស៊ាន ទិន្នន័យវិស័យសេវាកម្មមានចន្លោះពី ៣៨% ទៅ ៦៩% នៃផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសសមាជិកអាស៊ាន។ សម្រាប់ប្រ​ទេសកម្ពុជា ពាណិជ្ជកម្មសេវាកម្មបានរួមចំណែក ផលិតផលក្នុងស្រុកសរុប GDP ច្រើនជាង ៤០% នៃសេដ្ឋកិច្ចជាតិ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ