អានតួអត្ថបទ
កម្ពុជា-សង្គម

តុលាការឃុំខ្លួនមនុស្ស១១នាក់ពាក់ព័ន្ធការកាប់ព្រៃឈើនៅខេត្តក្រចេះ

មនុស្ស​ចំនួន​១១​នាក់​ ត្រូវ​បាន​តុលាការ​ខេត្ត​ក្រចេះ​សម្រេច​ឃុំ​ខ្លួន​ដាក់​ពន្ធនា​គារ​កាល​ពី​ម្សិល​មិញ​ ពី​បទ​ដឹក​ជញ្ជូន​ប្រមូល​ផល​ អនុផល​ព្រៃ​ឈើ​គ្មាន​ច្បាប់​អនុញ្ញាត្តិ​ដែល​ប្រព្រឹត្ត​កាល​ពី​ថ្ងៃ​ទី​២៤​ ខែ​មេសា ​ឆ្នាំ​២០២៣​។ ​នេះគឺ​ជា​ចំណាត់​ការ​ថ្មី​មួយ​ទៀត​បន្ទាប់ពី​ប្រធាន​គណៈ ​កម្មការ​ជាតិ​ដើម្បី​ទប់​ស្កាត់ ​និង​បង្ក្រាប​បទ​ល្មើស​ធន​ធាន​ធម្ម​ជាតិ ​បាន​ដាក់​ចេញ​នូវ​បទ​បញ្ជា​ឲ្យ​កង​កម្លាំង​សមត្ថ​កិច្ច​អាច​ប្រើប្រាស់​អាវុធ​បាញ់​ ប្រសិន​បើ​ពួក​អ្នក​កាប់​ឈើ​មាន​កាំ​ភ្លើង ​ហើយ​បាញ់​លើ​កង​កម្លាំង​សមត្ថ​កិច្ច​។

ការកាប់ព្រៃឈើ
ការកាប់ព្រៃឈើ © Internet
ផ្សាយពាណិជ្ជកម្ម

ក្រៅពី​ការ​ចោទ​ប្រកាន់ និងឃុំខ្លួនមនុស្ស១១នាក់​ពាក់ព័ន្ធ​នឹង​បទល្មើស​ព្រៃឈើនេះ សមត្ថកិច្ចរឹបអូសឈើសរុបចំនួន ៣២៨,៧៩១m3 (ក្នុងនោះឈើហ៊ុបមូលចំនួន១៨២កំណាត់ ស្មើនឹង ២២៥,៩៥៥m3  ឈើប្រភេទលេខ១សរុបចំនួន ២២៩ដុំ ស្មើនឹង៦៤,៣៩២m3 ឈើប្រភេទលេខ២ចំនួន៩០៨សន្លឹក ស្មើនឹង ៣៥, ២៤៣m3 សសរចំនួន០៨ដើមស្មើនឹង ៣,២០១m3) និងកូនឈើចម្រុះ១៣ដើម។ នេះបើតាម​របាយការណ៍ស្តីពីលទ្ធផលការងារប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ(ព្រៃឡង់) ថ្ងៃទី ២៥-២៩ ខែមេសា ឆ្នាំ២០២៣។

លើសពីនេះ សមត្ថកិច្ចរឹបអូសរថយន្តប៉ាកុងកែច្នៃចំនួន០១គ្រឿង ឃាត់រថយន្តសណ្តោងរ៉ឺម៉ក០៧គ្រឿង គោយន្តកន្ត្រៃ១៤គ្រឿង ម៉ូតូ០១គ្រឿង ប្រេងសាំង៣០លីត្រ រណារយន្ត០៥គ្រឿង កៅឡាក់១៤គ្រាប់ ។ ខណៈឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងនោះជនសង្ស័យចំនួន១១នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ។ នេះជាការគូសបញ្ជាក់របស់ លោក អេង ហ៊ី។

បើតាមអ្នកនាំពាក្យ​កងរាជអាវុធហត្ថលើផ្ទៃប្រទេស នេះគឺជាយុទ្ធនាការ​ដែលគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិត្រូវបន្តអនុវត្ត ខណៈ​មានការ​ស្នើ​សុំអន្តរាគមន៍ថ្នាក់​មូលដ្ឋាន។

ប្រតិបត្តិបង្រ្កាបបទល្មើសព្រៃឈើជាថ្មីទៀតនេះ គឺបន្ទាប់ពីលោក សៅ សុខា មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈ កម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវបទបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចបង្រ្កាបអ្នកកាប់ឈើខុសច្បាប់ ហើយត្រូវបាញ់ ប្រសិនបើពួកអ្នកកាប់ឈើមានកាំភ្លើង ហើយបាញ់លើកងកម្លាំងសមត្ថកិច្ច។

លោក ហឿន សុភាព ជាសកម្មជនព្រៃឡង់ និងជាអ្នកសម្របសម្រួលបណ្តាញព្រៃឡង់ប្រចាំខេត្តកំពង់ធំ បានបង្ហាញការស្វាគមន៍ចំពោះចំណាត់ការរបស់អាជ្ញាធរមានសមត្ថកិច្ច។ ប៉ុន្តែលោក ហឿន សុភាព កត់សម្គាល់ឃើញថានៅពេលជិតបោះឆ្នោតជាតិម្តងៗ ករណីកាប់ឈើខុសច្បាប់តែងតែកក្រើកឡើង។

ឆ្លើយតបនឹងការលើកឡើងថា ការបង្រ្កាបបទល្មើស​ព្រៃឈើ ធ្វើបានតែទៅលើ​អ្នករកស៊ីតូចតាច លោក អេង ហ៊ី ពន្យល់ថា ការ​បង្រ្កាបគឺធ្វើឡើង​ដោយ​មិនលើកលែងនោះទេ​ឲ្យមានតែ​ភស្តុតាងគ្រប់គ្រាន់។​ តែលោកទទួលស្គាល់ថា ការ​បង្ក្រាបបាន​តែអ្នកកាប់ឈើតូចតាចដោយសារតែពួកគេត្រូវបាន​សមត្ថកិច្ច​ជួប​ប្រទះជាក់ស្តែង ហើយថាការ​ចាប់ពួក

គេ​ក៏ដើម្បីស្វែងរកជនល្មើសធំៗ និងអ្នកកាងបទល្មើសដែល​មិនចេញមុខ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ