អានតួអត្ថបទ
កម្ពុជា-សង្គម

សកម្មជនបរិស្ថានចេញមុខរិះគន់រដ្ឋាភិបាលរឿងកាត់ដីព្រៃនៅពីរតំបន់ទៅឲ្យក្រុមហ៊ុនឯកជន

ក្រុមយុវជនដែលស្រលាញ់បរិស្ថាន ចាប់ផ្ដើមចេញមករិះគន់រដ្ឋាភិបាលដែលបានកាត់ដីព្រៃសរុបចំនួនជាង ៨៧០ហិកតាទៅឲ្យក្រុមហ៊ុនឯកជនដើម្បីធ្វើការអភិវឌ្ឍន៍ ដោយក្នុងនោះ ២២១ហិកតា​នៅគីរីរម្យ និង​៦៤៩ហិកតានៅឱរ៉ាល់។​ ការរិះគន់នេះ ធ្វើឡើងតាមរយះបណ្ដាញសង្គមហ្វេសប៊ុក បន្ទាប់ពីពួកគេបានឃើញអនុក្រឹត្យរដ្ឋាភិបាលដែលបានកាត់ដីទាំងនេះ ទៅឲ្យក្រុមហ៊ុនឯកជនចាប់តាំងពីឆ្នាំ២០២២មកម្លេះ។ ប៉ុន្តែសម្រាប់អ្នកនាំពាក្យក្រសួងបរិស្ថាន វិញ ថារាល់ការសម្រេចរបស់រដ្ឋាភិបាល គឺឈរលើមូលដ្ឋានត្រឹមត្រូវ។

ស្នាក់ការ ដែនជម្រកសត្វព្រៃ ភ្នំឪរ៉ាល់
ស្នាក់ការ ដែនជម្រកសត្វព្រៃ ភ្នំឪរ៉ាល់ © Internet
ផ្សាយពាណិជ្ជកម្ម

លោក សាន់ ម៉ាឡា ជាសកម្មជនបរិស្ថានដ៏លេចធ្លោម្នាក់ ធ្លាប់ជាប់ពន្ធនាគារដោយសារតែចេញមុខការ​ពារព្រៃឈើ និងធនធានធម្មជាតិ លោកបានលើកឡើងនៅលើបណ្ដាញសង្គមហ្វេសប៊ុក​​​យ៉ាងដូច្នេះថា «ពលរដ្ឋខ្មែរត្រូវត្រៀមចិត្តទទួលយកការបាត់បង់ព្រៃឈើសរុបជាង ៨៧០ហិកតា​នៅពេលខាងមុខនេះ​។ ក្នុងនោះ ២២១ហិកតា​នៅគីរីរម្យ និង​ ៦៤៩ហិកតានៅឱរ៉ាល់»។​ ក្រៅពីលោក សាន់ ម៉ាឡា ក៏មានសកម្មជនបរិស្ថាន​ដទៃទៀតចេញមកប្រតិកម្ម និងរិះគន់រដ្ឋាភិបាលចំពោះការកាត់ដីព្រៃទាំងនេះ ទៅឲ្យ​ក្រុមហ៊ុនឯកជន ដើម្បីធ្វើការអភិវឌ្ឍន៍ផងដែរ។

បើតាមលោក សាន់ ម៉ាឡា បញ្ហានេះក្រុមសកម្មជនបរិស្ថាន មិនបាននៅស្ងៀមឡើយ ពួកគេនឹងធ្វើយុទ្ធ​នាការនៅតាមបណ្ដាញសង្គម ដើម្បីទាមទារឲ្យរដ្ឋាភិបាលដកហូតដីព្រៃឈើសរុបជាង ៨៧០ហិកតាដែលកាត់ទៅឲ្យក្រុមហ៊ុន យកមកទុកជាតំបន់អភិរក្សដូចនៅតំបន់ភ្នំតាម៉ៅវិញ។ សកម្មជនបរិស្ថានរូប​នេះ​យល់ឃើញថា នៅប្រទេសកម្ពុជាប្រជាជនតិច ដីទំនេរច្រើន ដូច្នេះរដ្ឋាភិបាលគួរយកដីទំនេរទាំងនេះទៅឲ្យក្រុមហ៊ុនឯកជនធ្វើការអភិវឌ្ឍន៍វិញ ជាជាងយកដីដែលមានព្រៃឈើទៅឲ្យក្រុមហ៊ុនធ្វើការអភិវឌ្ឍន៍។

ឆ្លើយតបចំពោះប្រតិកម្ម និងរិះគន់ចំពោះការកាត់ដីព្រៃឈើខាងលើនេះ លោក នេត្រ ភក្រ្តា អ្នកនាំពាក្យក្រសួងក្រសួងបរិស្ថាន បានបញ្ជាក់ថា រាល់ការសម្រេចរបស់រាជរដ្ឋាភិបាល គឺឈរលើមូលដ្ឋានបច្ចេក​ ដោយមានការគិតគូអំពីការអភិវឌ្ឍន៍ប្រទេសប្រកបដោយការទទួលខុសត្រូវ ហើយបម្រើឲ្យផលប្រយោ​ជន៍ប្រជាពលរដ្ឋ។ ដូច្នេះការសម្រេចរបស់រដ្ឋាភិបាលនេះ គឺឈរនៅលើមូលដ្ឋាននៃភាពត្រឹមត្រូវ។ ផ្ទុយទៅវិញ លោក នេត្រ ភក្រ្តា ចាត់ទុកការប្រតិកម្ម និងរិះគន់របស់សកម្មជនមួយចំនួន គ្រាន់តែជាការរិះគន់ឲ្យលឺសំឡេងតែប៉ុណ្ណោះ។

បើយោងតាមអនុក្រឹត្យរបស់រដ្ឋាភិបាលចុះថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ រដ្ឋាភិបាលបានសម្រេចកាត់ដីនៅតំបន់ ឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ គិរីរម្យចំនួន ២២១.៩៤ហិកតា ទៅឲ្យ​ក្រុមហ៊ុន វ័ន ម៉រ ខណៈដីនៅតំបន់ដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ចំនួន ៦៤៩ហិកតា ត្រូវបានកាត់ទៅឲ្យក្រុមហ៊ុន ហ្វ្រេតធឺនីធី។ នេះបើតាមអនុក្រឹត្យចុះថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២២។

ក្រុមហ៊ុនទាំងនេះ ត្រូវបានសកម្មជនបរិស្ថានអះអាងថា សុទ្ធសឹងជាក្រុមហ៊ុនរបស់លោកស្រី ជឹង សុភាព ហៅយាយភូទាំងអស់ ដែលទទួលបានដីព្រៃទាំងនេះពីរដ្ឋាភិបាល៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ