អានតួអត្ថបទ
កម្ពុជា-នយោបាយ

គ.ជ.ប ទទួលយកបញ្ជីបេក្ខជនគណបក្សភ្លើងទៀនក្រោយបក្សប្រឆាំងមួយនេះជួបបញ្ហាប្រឈមឯកសារច្បាប់

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ​បាន​ទទួល​យក​បញ្ជី​ឈ្មោះ​បេក្ខជន​របស់​គណបក្ស​ភ្លើង​ទៀន​ ក្រោយ​ពេល​ដែល​បក្ស​ប្រឆាំង​មួយ​នេះ​បាន​ជួប​នឹង​បញ្ហា​ប្រឈម​ឯកសារ​ច្បាប់​មួយ​ចំនួន។​ ការ​ទទួល​យក​បញ្ជី​ឈ្មោះ​របស់​គណបក្ស​ភ្លើងទៀន​ពេល​នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​គណបក្ស​នេះ​បាន​ប្រឈម​នឹង​ឯកសារ​ច្បាប់​ដើម​មួយ​ចំនួន​ ខណៈ​ដែល​ការ​ដាក់​បញ្ជី​នេះ ​បក្ស​ភ្លើង​ទៀន​បាន​ប្រើប្រាស់​លិខិត​ដែល​បញ្ជាក់​ពី​ក្រសួង​មហាផ្ទៃ។​

លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន(នៅកណ្ដាល)
លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន(នៅកណ្ដាល) © Internet
ផ្សាយពាណិជ្ជកម្ម

នៅទីបំផុត គណបក្សភ្លើងទៀនបានដាក់បញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនជាផ្លូវការទៅកាន់ស្ថាប័នរៀបចំការបោះឆ្នោត សម្រាប់ការចូលរួមការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃអាទិត្យនេះ លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បញ្ជាក់ថា គ.ជ.ប ពិតជាបានទទួលយកបញ្ជីឈ្មោះរបស់គណបក្សភ្លើងទៀន ដែលដាក់ចូលមកមែន។ បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប នឹងប្រើពេលចំនួន៧ថ្ងៃដើម្បីពិនិត្យបញ្ជីឈ្មោះ និងឯកសាររបស់គណបក្សភ្លើងទៀន ហើយប្រសិនបើមានករណីណាមិនប្រក្រតី នោះគ.ជ.ប នឹងឲ្យគណបក្សប្រឆាំងមួយនេះ កែតម្រូវឡើងវិញ។

តាមរយៈការដាក់បញ្ជីឈ្មោះនៅព្រឹកនេះ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន បញ្ជាក់ថា បក្សភ្លើងទៀននៅខ្វះឯកសារចំនួនទៀត ដែលនឹងត្រូវដាក់ទៅកាន់គ.ជ.ប។ ឯកសារទាំងពីរដែលត្រូវភ្ជាប់បន្ថែមនោះ គឺបង្កាន់បង់លុយនៅធនាគារ ដែលត្រូវឲ្យរតនាគារបញ្ជាក់បន្ថែម និងលិខិតបញ្ជាក់របស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវឲ្យរដ្ឋបាលក្រុងភ្នំពេញប្រថាប់ត្រា ដើម្បីដាក់ចូលឲ្យគ.ជ.ប ជាឯកសារបញ្ជាក់បន្ថែម។

គួរកត់សម្គាល់ថា នៅមុនពេលដាក់បញ្ជីឈ្មោះបេក្ខជនទៅកាន់ស្ថាប័នគ.ជ.ប គណបក្សភ្លើងទៀនបានប្រឈមនឹងកង្វះឯកសារច្បាប់ដើមរបស់គណបក្ស ខណៈដែលគ.ជ.ប បានតម្រូវឲ្យគណបក្សនយោបាយដាក់ភ្ជាប់នូវច្បាប់ដើមនោះ។ តែបញ្ហានេះ ត្រូវបានគណបក្សភ្លើងទៀនស្វះស្វែងរកការអន្តរាគមន៍ពីក្រសួងមហាផ្ទៃ។ ពីក្រសួងមហាផ្ទៃ ដែលបានចេញលិខិតនៅថ្ងៃទី០៥ឧសភា ដោយបញ្ជាក់ថា គណបក្សភ្លើងទៀនបានចុះឈ្មោះក្នុងបញ្ជីគណបក្សនយោបាយ ស្របតាមច្បាប់ស្តីពីគណបក្សនយោបាយត្រឹមត្រូវ។ បើតាមលោក​ រ៉ុង ឈុន គឺគណបក្សភ្លើងទៀន បានប្រើប្រាស់ឯកសារនេះដើម្បីដាក់បញ្ជីឈ្មោះរបស់បក្សនៅគ.ជ.ប។

ក្រៅតែពីបញ្ហាច្បាប់ដើម គណបក្សភ្លើងទៀនក៏នៅប្រឈមនឹងបញ្ជីឈ្មោះបេក្ខជនរបស់ខ្លួនផងដែរ។ ក្នុងនោះលោក រ៉ុង ឈុន ត្រូវបានលើកឡើងថា នៅស្ថិតក្រោមការឃ្លាំមើលរបស់តុលាការនៅឡើយ ខណៈដែលអនុប្រធានរូបនេះ គឺជាបេក្ខជនទី១របស់គណបក្សភ្លើងទៀន នៅខេត្តកណ្តាល។ ដោយឡែកករណី លោក ថាច់ សេដ្ឋា វិញ គឺស្ថិតនៅលេខរៀងទី១ក្នុងខេត្តកំពត ខណៈដែលរូបលោកកំពុងជាប់ឃុំឃាំងនៅក្នុងពន្ធនាគារ។

បញ្ហានេះ លោក ហង្ស ពុទ្ធា បញ្ជាក់ថា គ.ជ.ប នឹងត្រួតពិនិត្យលើបញ្ជីបេក្ខជនរបស់គណបក្សភ្លើងទៀនទាំងអស់ ហើយក្នុងករណីរកឃើញនៅមានពាក់ព័ន្ធនឹងផ្នែកច្បាប់ នោះគ.ជ.ប នឹងឲ្យគណបក្សភ្លើងទៀនសើរើបញ្ជីឈ្មោះជាថ្មី។ តែយ៉ាងណាមិញ សម្រាប់លោក រ៉ុង ឈុន គឺសង្ឃឹមថា នឹងមិនមានអ្វីកើតឡើង ខណៈដែលលោកមានសិទ្ធិ និងមានឈ្មោះក្នុងបញ្ជីបោះឆ្នោត កាលពីឆ្នាំទៅ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ