អានតួអត្ថបទ
កម្ពុជា-នយោបាយ

សកម្មជនម្នាក់ត្រូវបានលើកលែងទោស ក្នុងចំណោម១០នាក់ ដែលសុំទោស លោក ហ៊ុន សែន

សកម្ម​ជន​ប្រ​ឆាំងម្នាក់​គឺលោក គង់ ម៉ាស់ ត្រូវបាន​លើក​លែងទោសម្សិលមិញ ក្នុងចំណោម​១០​នាក់​ ដែល​ជាប់​ឃុំ​ក្នុង​ពន្ធនាគារ ហើយបានចេញ​វីដេអូ​ រួមគ្នាសុំ​ទោស ​លោក​ ហ៊ុន ​សែន​ ​​ដើម្បី​សុំ​អន្តរាគមន៍​ឲ្យ​បាន​នៅ​ក្រៅឃុំ​។​ ​ការ​បន្ត​ចេញ​មក​សុំ​ទោសជាក្រុមបែប​​នេះ ​ធ្វើ​ឡើង​តែ​ប៉ុន្មាន​ថ្ងៃ​ បន្ទាប់ពី លោក អៀ ចាន់ណា អនុប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្ត​តាកែវ​ ត្រូវបានតុលាការដោះលែងឲ្យនៅក្រៅឃុំ តាមការអន្តរាគមន៍របស់លោកនាយករដ្ឋមន្ត្រី ក្រោយពីបានចេញវីដេអូ និងសរសេរលិខិតសុំទោសប្រមុខ​រដ្ឋាភិបាល​។  

សកម្មជនក្រុមប្រឆាំងទាំង១០នាក់
សកម្មជនក្រុមប្រឆាំងទាំង១០នាក់ © Internet
ផ្សាយពាណិជ្ជកម្ម

សកម្មជនក្រុមប្រឆាំងទាំង១០នាក់នោះ​ នាំមុខដោយ លោក គង់ ម៉ាស់ ជាអតីតសមាជិកគណបក្សប្រឆាំង​ប្រចាំខេត្ត​ស្វាយរៀងនិង​សកម្មជន​៩រូបទៀតត្រូវបាន​​តុលាការផ្តន្ទាទោសដាក់ពន្ធនាគារ ពាក់ព័ន្ធនឹងករណីរួមគំនិតក្បត់, ញុះញង់បង្កអសន្តិសុខសង្គម ជុំវិញផែនការប្រកាសវិលចូល​ស្រុករបស់ លោក សម រង្ស៉ី​កាលពីឆ្នាំ​២០១៩។

បើតាម លោក គង់ ម៉ាស់ ខ្លួនត្រូវបានកាត់ទោសដាក់ក្នុងពន្ធនាគារ រយៈពេល៥ឆ្នាំ។ នៅថ្ងៃទី៦ឧសភា​លិខិត​លើក​លែងទោស​ លោក គង់ ម៉ាស់ ​ក៏បានធ្លាក់មក​ភ្លាមៗ​ ខណៈដែល​វីដេអូ​របស់សកម្មជនទាំងនេះសុទ្ធតែ​ទម្លាក់​កំហុសថា ពួកគេចាញ់បោកការឃោសនាបោករបស់​ក្រុមប្រឆាំង។ ហើយសុំឲ្យ​លោក ហ៊ុន សែន ជួយអន្តរាគមន៍បាននៅក្រៅឃុំ ដើម្បី​មើល​ថែទាំកូនតូចៗដែល​ម្តាយ​ទើប​ស្លាប់ចោល និងមើល​ថែ​ឳពុកម្តាយ​ដែល​ចាស់ជរាជាដើម។

តែ​​តាមរយៈ​វីដេអូជាង១០នាទីនោះ សកម្មជនទាំងនេះមិនបានប្រកាសសុំចុះចូលជាមួយគណបក្សប្រជាជនកម្ពុជានៅឡើយទេ។

ជាការកត់សម្គាល់ និន្នាការនៃការទទួលស្គាល់កំហុស និងសុំការលើកលែងទោសពីលោកនាយករដ្ឋមន្ត្រី បានកើតឡើងជាបន្តបន្ទាប់ពីសំណាក់អ្នកនយោបាយបក្សប្រឆាំង។ ទឡ្ហីករណ៍ទាំងនោះ មានជាអាទិ៍ លោក យឹម ស៊ីណន និងលោក ហ៊ុន កុសល សហការីរបស់លោក កឹម សុខា ត្រូវបាន លោក ហ៊ុន សែន ជួយអន្តរាគមន៍បាននៅក្រៅឃុំ។ អ្នកនយោបាយទាំងពីរនោះ ក៏សម្រេចចូលរួមជាមួយគណបក្សប្រជាជនកម្ពុជា និងទទួលបានមុខតំណែងនយោបាយនៅក្រសួង ស្ថាប័នរដ្ឋទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ