អានតួអត្ថបទ
កម្ពុជា-នយោបាយ

ថ្ងៃចុងក្រោយ៖ គណបក្សជិត២០ បានចុះបញ្ជីចូលរួមបោះឆ្នោតតំណាងរាស្ត្រនីតិកាលទី៧

គិតមកត្រឹមព្រឹកថ្ងៃចន្ទនេះ គណបក្សនយោបាយដែលបានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតសរុបមានចំនួន១៦គណបក្ស។ ក៏ប៉ុន្តែមន្ត្រីជាន់ខ្ពស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) ឲ្យដឹងថាអាចនឹងមានគណបក្សនយោបាយជិត២០គណបក្ស ដាក់ពាក្យចូលរួមប្រកួតការបោះឆ្នោតតំណាងរាស្ត្រអាណត្តិទី៧ ខណៈការទទួលពាក្យរបស់ គ.ជ.ប នឹងត្រូវបញ្ចប់នៅម៉ោង ៥ល្ងាចថ្ងៃទី០៨ ខែឧសភានេះ។ 

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចទទួលស្គាល់គណបក្សនយោបាយចំនួន៣បន្ថែមទៀត បន្ទាប់ពីពិនិត្យឯកសាររួចរាល់ហើយ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចទទួលស្គាល់គណបក្សនយោបាយចំនួន៣បន្ថែមទៀត បន្ទាប់ពីពិនិត្យឯកសាររួចរាល់ហើយ។ © Internet
ផ្សាយពាណិជ្ជកម្ម

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) បានសម្រេចទទួលស្គាល់គណបក្សនយោបាយចំនួន៣បន្ថែមទៀតនៅព្រឹកថ្ងៃចន្ទនេះ បន្ទាប់ពីពិនិត្យឯកសាររួចរាល់ហើយ។ គណបក្សទាំង៣នោះរួមមាន គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សហ្វុនស៊ីនប៉ិច និងគណបក្សបំណងពលរដ្ឋ។ ការទទួលស្គាល់៣គណបក្សបន្ថែមទៀត ធ្វើឲ្យចំនួនគណបក្សដែល គ.ជ.ប បានទទួលស្គាល់រួចហើយ មានចំនួន១១គណបក្ស និងនៅសល់៥គណបក្សទៀត គ.ជ.ប កំពុងពិនិត្យ។

ដោយឡែកគណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏សំខាន់សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ ក៏ស្ថិតនៅក្នុងបញ្ជីដែល គ.ជ.ប កំពុងពិនិត្យដែរ។ កាលពីថ្ងៃអាទិត្យគណបក្សភ្លើងទៀន បានដាក់ពាក្យសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅ គ.ជ.ប ដោយដាក់បេក្ខភាពចំនួន២៥រាជធានី ខេត្ត។

គណបក្សភ្លើងទៀន មានកង្វះខាតឯកសារបញ្ជាក់បន្ថែមមួយចំនួនដូចជាបង្កាន់ដៃបង់លុយនៅរតនាគារ និងលិខិតបញ្ជាក់របស់ក្រសួងមហាផ្ទៃជាដើម ខណៈដែលគណបក្សប្រឆាំងមួយនេះ មានពេល៥ថ្ងៃក្នុងការស្វែងរកឯកសារមកបំពេញបន្ថែម។

សូមរំលឹកថាការទទួលពាក្យគណបក្សនយោបាយស្នើសុំចុះបញ្ជីឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតត្រូវបានធ្វើឡើងរយៈពេលកន្លះខែ គឺចាប់ពីថ្ងៃទី២៤ ខែមេសា ដល់ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៣។ គណបក្សនយោបាយដែលបានចុះបញ្ជីរួចហើយនៅ គ.ជ.ប ទាំងបានទទួលស្គាល់ និងកំពុងពិនិត្យមានសរុបចំនួន១៦ ក្នុងនោះមានគណបក្សប្រជាជនកម្ពុជា គណបក្សយុវជនកម្ពុជា គណបក្សខ្មែររួបរួមជាតិ គណបក្សធម្មាធិបតេយ្យ គណបក្សកម្លាំងប្រជាធិបតេយ្យ គណបក្សសញ្ជាតិកម្ពុជា គណបក្សខ្មែរតែមួយ គណបក្សខ្មែរអភិរក្ស គណបក្សហ្វុនស៊ីនប៉ិច គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គណបក្សឯកភាពជាតិខ្មែរ គណបក្សបំណងពលរដ្ឋ គណបក្សស្ត្រីដើម្បីស្ត្រី គណបក្សខ្មែរឈប់ក្រ គណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច និងគណបក្សភ្លើងទៀន។

ទោះយ៉ាងណា គណបក្សនយោបាយដែលចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧នេះ អាចនឹងកើនឡើងរហូតជិត២០គណបក្ស ដោយសារគណបក្សចំនួន១៩ បានតម្កល់លុយ១៥លានរៀល រួចហើយនៅរតនាគារជាតិ។ នេះបើតាមលោក ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប។ សូមរំលឹកដែរថាកាលពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ឆ្នាំ២០១៨ គណបក្សនយោបាយចំនួន២០ បានចូលរួមក្នុងការបោះឆ្នោត៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ