អានតួអត្ថបទ
កម្ពុជា-នយោបាយ

លោក សម រង្ស៊ីប្រាប់អន្តរជាតិកុំឱ្យទទួលស្គាល់ការបោះឆ្នោតនៅកម្ពុជា

លោក សម រង្ស៊ី ស្នើឱ្យសហគមន៍អន្តរជាតិ កុំទទួលស្គាល់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នៅកម្ពុជាដែលត្រៀមធ្វើឡើងនៅថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៣។ ការស្នើបែបនេះរបស់លោក សម រង្ស៊ី ដោយលោកចាត់ទុកថា ការបោះឆ្នោតនៅកម្ពុជានាពេលខាងមុខ ធ្វើឡើងដើម្បីបង្ហាញរូបភាពល្អមើល តែមិនយុត្តិធម៌ឡើយ។ ក្នុងអត្ថបទវិចារណកថារបស់សារព័ត៌មានជប៉ុន Nikkie Asia អ្នកនយោបាយរស់នៅក្រៅស្រុករូបនេះ ក៏អំពាវនាវឱ្យអ្នកសង្កេតការណ៍អន្តរជាតិដែលមានបំណងចង់មកតាមដានការបោះឆ្នោតនៅកម្ពុជា មិនគួរដាក់ភ្នាក់ងារសង្កេតការណ៍អ្វីឡើយ ត្បិតលោកថា នេះជាការបង្កើតស្ថានភាពអាក្រក់ដល់ប្រជាជនកម្ពុជាទៅវិញទេ។ 

អ្នកគាំទ្រគណបក្សប្រឆាំង គណបក្សភ្លើងទៀន គ្រវីទង់នៅពេលពួកគេចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់មូលដ្ឋាននៅថ្ងៃទី 5 ខែមិថុនា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 21 ខែឧសភា ឆ្នាំ 2022។
អ្នកគាំទ្រគណបក្សប្រឆាំង គណបក្សភ្លើងទៀន គ្រវីទង់នៅពេលពួកគេចូលរួមក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតសម្រាប់ការបោះឆ្នោតថ្នាក់មូលដ្ឋាននៅថ្ងៃទី 5 ខែមិថុនា នៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា ថ្ងៃទី 21 ខែឧសភា ឆ្នាំ 2022។ REUTERS - STAFF
ផ្សាយពាណិជ្ជកម្ម

ក្នុងអត្ថបទវិចារណកថារបស់សារព័ត៌មានជប៉ុន Nikkie Asia លោក សម រង្ស៊ីបានសរសេរថា លោកមិនចង់ឱ្យអ្នកសង្កេតការណ៍អន្តរជាតិមកសង្កេតការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជានោះទេ ដោយលោកយល់ថា មិនចាំបាច់ ត្បិតវាជំនួសដោយការផ្តល់ភាពស្របច្បាប់ដល់ការបោះឆ្នោតដែលមានរូបភាពបំភ្លៃឆន្ទះរបស់ពលរដ្ឋជាម្ចាស់ឆ្នោតទៅវិញ។

អ្នកនយោបាយក្រៅស្រុករូបនេះថា ក្រៅពីមិនគួរឱ្យមានវត្តមានរបស់អ្នកសង្កេតការណ៍អន្តរជាតិ សម្រាប់វត្តមានរបស់គណបក្សប្រឆាំងដែលចូលរួមការបោះឆ្នោតនាពេលខាងមុខ លោកក៏ចាត់ទុកថា នេះជានិមិត្តរូបតូចមួយដើម្បីលម្អការបោះឆ្នោត និងអាចអនុញ្ញាតឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បង្ហាញមុខមាត់លទ្ធិប្រជាធិបតេយ្យរបស់ខ្លួន ដើម្បីសម្រាលបន្ទុកពីការរិះគន់របស់អន្តរជាតិ ក៏ដូចជាបង្កាស្ថេរភាព និងជ័យជម្នះលើលទ្ធផលបោះឆ្នោតចុងក្រោយ។

លើសពីនេះ លោក សម រង្ស៊ី សរសេររិះគន់ទៅ គជប ថា ស្ថាប័ននេះមិនឯករាជ្យ ពីព្រោះស្ថិតក្រោមការគ្រប់គ្រងរបស់គណបក្សកាន់អំណាច គឺគណបក្សប្រជាជនកម្ពុជា។ ម្ល៉ោះហើយប្រធានស្តីទីអតីតគណបក្សសង្គ្រោះជាតិរូបនេះ អំពាវនាវដល់សហគមន៍អន្តរជាតិកុំទទួលស្គាល់នូវការបោះឆ្នោត និងលទ្ធផលបោះឆ្នោតនៅកម្ពុជា។  ​​​​​

ទាក់ទិននឹងរឿងនេះ អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា លោក សុខ ឥសាន មើលឃើញថា គ្រាន់តែជាវប្បធម៌នយោបាយចាស់របស់លោក សម រង្ស៊ីដែលគ្មានប្រសិទ្ធិភាព និងទល់ច្រកដែលរត់ឱ្យសហគមន៍អន្តរជាតិជួយ។ ក៏ប៉ុន្តែលោក សុខ ឥសានកត់សម្គាល់ថា មានតែពលរដ្ឋខ្មែរដែលជាម្ចាស់សន្លឹកឆ្នោតប៉ុណ្ណោះ ដែលអាចសម្រេចអំពីជោគវាសនារបស់ប្រទេសជាតិខ្លួន។

សម្រាប់លោក សុខ ឥសាន ការដែលលោក សម រង្ស៊ី អំពាវនាវមិនឱ្យអន្តរជាតិដាក់អ្នកសង្កេតការណ៍មកក្នុងការបោះឆ្នោតថ្នាក់ជាតិនៅកម្ពុជា អាចដោយសារតែលោក សម រង្ស៊ីព្រួយបារម្ភថា អន្តរជាតិទទួលស្គាល់លទ្ធផលបោះឆ្នោតដែលធ្វើឱ្យប៉ះពាល់ដល់មុខមាត់លោក។  តែយ៉ាងណា ប្រសិនបើអន្តរជាតិមិនបញ្ចូនអ្នកសង្កេតការណ៍មកពិនិត្យ និងតាមដានការបោះឆ្នោតនៅកម្ពុជាទេនោះ នេះសរបញ្ជាក់ឱ្យឃើញថា អន្តរជាតិផ្តល់សេចក្តីទុកចិត្តដល់ដំណើរការបោះឆ្នោតនៅកម្ពុជា។

បើតាមសេចក្តីប្រកាសរបស់គណកម្មាធិការជាតិរៀបចំការបោះឆ្នោត(គជប)កាលពីថ្ងៃទី០៩​ ខែឧសភា បានឱ្យដឹងថា ក្រោយបិទបញ្ចប់នៃការទទួលពាក្យសុំចូលរួមប្រកួតប្រជែងសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ មានគណបក្សនយោបាយចំនួន២០បានដាក់ពាក្យនៅគជប។ ក្នុងនោះ គណបក្សនយោបាយចំនួន១១ ដែលមានគណបក្សប្រជាជនកម្ពុជាផង ត្រូវបានគជប ទទួលស្គាល់ជាផ្លូវការ សម្រាប់ការចូលរួមប្រកួតប្រជែង។ ដោយឡែក នៅសល់គណបក្សនយោបាយចំនួន០៩ផ្សេងទៀតដែលមានគណបក្សភ្លើងទៀនមួយផងដែរ កំពុងស្ថិតក្រោមត្រួតពិនិត្យរបស់គជប៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ