អានតួអត្ថបទ
កម្ពុជា-បរិស្ថាន

សកម្មជនចង់ឃើញគណៈកម្មការជាតិបង្រ្កាបបទល្មើសព្រៃឈើដាក់កម្លាំងសម្ងាត់ចុះបង្រ្កាបព្រៃឈើនៅតំបន់ព្រៃឡង់

សកម្មជនដែលធ្លាប់ចុះទៅស្រាវជ្រាវរកឃើញបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ពួកគេចង់ឲ្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បន្តចុះស្រាវជ្រាវនិងដាក់កម្លាំងសម្ងាត់ ដើម្បីតាមដាននិងឃ្លាំមើលក្រុមហ៊ុន​នៅ​ជុំវិញ​តំបន់​ព្រៃ​ឡង់​ ខណៈ​កន្លងមក​សហគមន៍ និង​សកម្មជន​រក​ឃើញ​ការ​កាប់​បំផ្លាញ​ព្រៃ​ឡង់​ប្រព្រឹត្តិ​ដោយ​ក្រុមហ៊ុន​ឯកជនទាំងនេះ។ ការលើកឡើងរបស់សកម្មជនបែបនេះ ធ្វើឡើងបន្ទាប់ពីគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ រកមិនឃើញបទល្មើសព្រៃឈើដែលប្រព្រឹត្តដោយក្រុមហ៊ុននៅជុំវិញតំបន់ព្រៃឡង់ឡើយ។

សកម្មជនចង់ឃើញគណៈកម្មការជាតិបង្រ្កាបបទល្មើសព្រៃឈើដាក់កម្លាំងសម្ងាត់ចុះបង្រ្កាបព្រៃឈើនៅតំបន់ព្រៃឡង់។ (រូបតំណាង)
សកម្មជនចង់ឃើញគណៈកម្មការជាតិបង្រ្កាបបទល្មើសព្រៃឈើដាក់កម្លាំងសម្ងាត់ចុះបង្រ្កាបព្រៃឈើនៅតំបន់ព្រៃឡង់។ (រូបតំណាង) © Internet
ផ្សាយពាណិជ្ជកម្ម

លោក អូត ឡាទីន មន្រ្តីសម្របសម្រួលគម្រោង នៃសមាគមបណ្ដាញយុវជនកម្ពុជា (CYN) ដែល​ធ្លាប់​ចុះ​ស្រាវជ្រាវ​រក​ឃើញ​បទល្មើស​ព្រៃឈើ​នៅ​តំបន់​ព្រៃ​ឡង់ បានបញ្ជាក់ប្រាប់វិទ្យុបារាំង RFI ថា ក្នុងរយះពេល៣ខែដើមឆ្នាំ២០២៣នេះ បទល្មើសកាប់ឈើនៅតំបន់ព្រៃឡង់ នៅតែរកឃើញបន្តបន្ទាប់ ក្រោយ​ពីសកម្មជន និងសហគមន៍ចុះទៅស្រាវជ្រាវ និងរកឃើញផ្ទាល់។ បើតាមលោក អូត ឡាទីន ក្រោយចុះស្រាវជ្រាវ និងជួបអ្នកកាប់ឈើផ្ទាល់នៅតំបន់ព្រៃឡង់ ខេត្តព្រះវិហារ ពួកគេសុទ្ធតែបានអះអាងថា ពួកគេ​កាប់ឈើយកទៅលក់ឲ្យ​ក្រុមហ៊ុន​ម៉ាឃល ឡូជីស្ទីក។ នេះបើតាមលោក អូត ឡាទីន។

ដោយឡែកបទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ ខេត្តក្រចេះវិញ លោក អូត ឡាទីន អះអាងថា ក្រោយ​ចុះស្រាវជ្រាវដោយសកម្មជន និងសហគមន៍ ក៏រកឃើញមានបទល្មើសព្រៃឈើ ដែលមានការសម្របសម្រួលប្រព្រឹត្តដោយក្រុមហ៊ុនអង្គរ ផ្លាយវូតដែរ។ ក្រៅពីនេះ លោក អូត ឡាទីន ក៏បានអះអាងផងដែរថា បទល្មើសព្រៃឈើក៏បានរកឃើញក្នុងតំបន់ព្រៃឡង់ផ្សេងទៀត។ ករណីនេះ លោក អូត ឡាទីន ចង់ឲ្យគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ ដាក់កម្លាំងសមត្ថកិច្ចសម្ងាត់ចុះទៅស្រាវជ្រាវផ្ទាល់ ជាជាងដាក់កម្លាំងទៅច្រើន នាំឲ្យវាយស្មៅបង្អើលពស់តែប៉ុណ្ណោះ។

សូមបញ្ជាក់ថា ពាក់ព័ន្ធបទល្មើសព្រៃឈើនេះ កាលពីថ្ងៃទី២៤ ខែមេសា កន្លងទៅ លោក សៅ សុខា ​មេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាប្រធានគណៈកម្មការជាតិដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសធនធានធម្មជាតិ បានដាក់ចេញនូវបទបញ្ជាឲ្យកងកម្លាំងសមត្ថកិច្ចបង្រ្កាបអ្នកកាប់ឈើខុសច្បាប់ ហើយត្រូវបាញ់ ប្រសិនបើពួកអ្នកកាប់ឈើមានកាំភ្លើង ហើយបាញ់មកលើកងកម្លាំងសមត្ថកិច្ច។

ក្រោយចុះបង្រ្កាប សមត្ថកិច្ចរឹបអូសឈើសរុបចំនួន ៣២៨,៧៩១m3 (ក្នុងនោះឈើហ៊ុបមូលចំនួន១៨២កំណាត់ ស្មើនឹង ២២៥,៩៥៥m3  ឈើប្រភេទលេខ១សរុបចំនួន ២២៩ដុំ ស្មើនឹង៦៤,៣៩២m3 ឈើប្រភេទលេខ២ចំនួន៩០៨សន្លឹក ស្មើនឹង ៣៥, ២៤៣m3 សសរចំនួន០៨ដើមស្មើនឹង ៣,២០១m3) និងកូនឈើចម្រុះ១៣ដើម។ នេះបើតាម​របាយការណ៍ស្តីពីលទ្ធផលការងារប្រតិបត្តិការបង្រ្កាបបទល្មើសព្រៃឈើ ក្នុងដែនជម្រកសត្វព្រៃ(ព្រៃឡង់) ថ្ងៃទី ២៥-២៩ ខែមេសា ឆ្នាំ២០២៣។

លើសពីនេះ សមត្ថកិច្ចបានរឹបអូសរថយន្តប៉ាកុងកែច្នៃចំនួន០១គ្រឿង ឃាត់រថយន្តសណ្តោងរ៉ឺម៉ក០៧គ្រឿង គោយន្តកន្ត្រៃ១៤គ្រឿង ម៉ូតូ០១គ្រឿង ប្រេងសាំង៣០លីត្រ រណារយន្ត០៥គ្រឿង កៅឡាក់១៤គ្រាប់។ ខណៈឃាត់ខ្លួនមនុស្ស១២នាក់ ក្នុងនោះជនសង្ស័យចំនួន១១នាក់ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តក្រចេះ។ ក៏ប៉ុន្តែយុទ្ធនាការ​បង្ក្រាប​នេះ​ មិន​បាន​រក​ឃើញ​ថា​ជាប់​ពាក់ព័ន្ធ​ជា​មួយ​ក្រុមហ៊ុន​ឯកជន​ណាមួយ ដែល​មាន​ទីតាំង​ជាប់​តំបន់​ព្រៃឡង់ឡើយ ទោះបី​កងរាជអាវុធហត្ថ​លើ​ផ្ទៃ​ប្រទេស ចាប់បាន​ឈើ​ជាច្រើន​ម៉ែត្រគូប នៅក្នុង​បរិវេណ​ក្រុមហ៊ុន​ទាំងនោះ​ក្ដី៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ