អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សភ្លើងទៀនគ្រោងធ្វើបាតុកម្មអហិង្សា ប្រសិនបើគ.ជ.ប បដិសេធមិនចុះបញ្ជីឲ្យបក្សប្រឆាំងចូលរួមការបោះឆ្នោត

គណបក្ស​ភ្លើងទៀន​គ្រោង​នឹង​ធ្វើ​បាតុកម្ម​តាម​បែប​អហិង្សា ​ប្រសិន​បើ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​មិន​ព្រម​ទទួល​យក​ឯកសារ​បញ្ជាក់​បន្ថែម​ នៅ​ក្នុង​ការ​ចុះ​បញ្ជី​គណបក្ស​ភ្លើងទៀន ​សម្រាប់​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​អាណត្តិ​ទី៧។​ ការ​សម្រេច​នេះ ​ធ្វើ​ឡើង​តាម​រយៈ​កិច្ច​ប្រជុំ​របស់​គណៈកម្មាធិការ​នាយក​គណបក្ស​ភ្លើងទៀន​ បន្ទាប់​ពី​គណបក្ស​ប្រឆាំង​មួយ​នេះ ​កំពុង​ប្រឈម​នឹង​កង្វះ​ឯកសារ​ចុះ​បញ្ជី​នៅ​គ.ជ.ប​ សម្រាប់​ការ​បោះឆ្នោត​ខែ​កក្កដា​ខាង​មុខ។​

ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សភ្លើងទៀន
ក្បួនឃោសនាបោះឆ្នោតរបស់គណបក្សភ្លើងទៀន AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ថ្លែងប្រាប់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃសៅរ៍នេះ លោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន ថា នេះជាជម្រើសចុងក្រោយបំផុតរបស់គណបក្សភ្លើងទៀន ដែលបង្ខំចិត្តត្រូវប្រមូលផ្តុំក្បាលម៉ាស៊ីន សមាជិក សកម្មជន និងអ្នកគាំទ្ររបស់ខ្លួន តស៊ូមតិដោយសន្តិវិធី ប្រសិនបើគ.ជ.ប នៅតែប្រកែកមិនចុះបញ្ជីឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោត។ តាមលោក រ៉ុង ឈុន ការផ្លាស់ប្តូរនីតិវិធីរបស់គ.ជ.ប ក្នុងការទទួលពាក្យរបស់គណបក្សនយោបាយនីមួយៗ បានធ្វើឲ្យគណបក្សភ្លើងទៀន ជួបប្រទះនឹងបញ្ហាកង្វះឯកសារ ខណៈដែលការចូលរួមចុះបញ្ជីកន្លងមកនោះ គឺគណបក្សភ្លើងទៀនប្រើប្រាស់តែលិខិតថតចម្លងប៉ុណ្ណោះ។

អនុប្រធានគណបក្សប្រឆាំងរូបនេះ បញ្ជាក់បន្ថែមថា គណបក្សភ្លើងទៀននឹងយកឯកសារដែលខ្លួនមាន ទៅប្រគល់ជូនគ.ជ.ប ជាថ្មី នៅរសៀលនៅថ្ងៃសៅរ៍នេះ សម្រាប់ការបញ្ជាក់ពីសមាសភាពរបស់គណបក្ស ដើម្បីចុះឈ្មោះសម្រាប់ការបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០២៣។ យ៉ាងណាមិញ គោលជំហរក្នុងការធ្វើបាតុកម្មដោយហិង្សា ដើម្បីតស៊ូមតិ លោក រ៉ុង ឈុន ថានឹងធ្វើឡើង ប្រសិនបើគ.ជ.ប នៅតែមិនព្រមទទួលយកឯកសារដែលបានបញ្ជាក់ដោយក្រសួងមហាផ្ទៃរួចហើយនោះ។

សូមបញ្ជាក់ថា ក្នុងការចុះបញ្ជីគណបក្សនៅគ.ជ.ប គឺគណបក្សភ្លើងទៀនបានប្រឈមនឹងកង្វះឯកសារចំនួន២ ដែលគ.ជ.ប បានតម្រូវ។ នោះគឺ បង្កាន់បង់លុយនៅធនាគារ ដែលត្រូវឲ្យរតនាគារបញ្ជាក់បន្ថែម និងលិខិតបញ្ជាក់របស់ក្រសួងមហាផ្ទៃ ដែលនឹងត្រូវឲ្យរដ្ឋបាលក្រុងភ្នំពេញប្រថាប់ត្រា ដើម្បីដាក់ចូលឲ្យគ.ជ.ប ជាឯកសារបញ្ជាក់បន្ថែម។ យ៉ាងណាមិញលិខិតរបស់ក្រសួងមហាផ្ទៃ ដែលបានចេញបញ្ជាក់ពីសមាសភាពរបស់គណបក្សភ្លើងទៀន ថាជាគណបក្សនយោបាយត្រឹមត្រូវនោះ ត្រូវបានលោក រ៉ុង ឈុន បញ្ជាក់ថា​ គ.ជ.ប បានបដិសេដមិនព្រមទទួល ហើយទាមទាររកឯកសារច្បាប់ដើម ដែលគណបក្សភ្លើងទៀនបានបាត់បង់។

បញ្ហានេះ ក្រុមក្បាលម៉ាស៊ីនរបស់គណបក្សភ្លើងទៀន បានជួបជាមួយនឹងតំណាងក្រសួងមហាផ្ទៃ នៅថ្ងៃសុក្រទី១២ឧសភា ដើម្បីសម្រួលលើបញ្ហាចេញច្បាប់ដើម សម្រាប់ការដាក់ជូនទៅគ.ជ.ប។ ក៏ប៉ុន្តែ លោក រ៉ុង ឈុន បានអះអាងពីជំនួបជាមួយក្រសួងមហាផ្ទៃនោះ ថា មិនទទួលបានផ្លែផ្កាអ្វីឡើយ ខណៈដែលក្រសួងមហាផ្ទៃលើកឡើងពីលិខិតដែលខ្លួនបានចេញជាសេចក្តីបញ្ជាក់មួយជាស្រេច កាលពីថ្ងៃទី៥ឧសភា។

មកទល់ពេលនេះ មានរយៈ៧ថ្ងៃហើយ ដែលគ.ជ.ប បានតម្រូវឲ្យគណបក្សភ្លើងទៀន កែប្រែនិងភ្ជាប់លិខិតច្បាប់ដើមរបស់គណបក្សមកកាន់គ.ជ.ប ដើម្បីចុះបញ្ជីចូលរួមការបោះឆ្នោត។ តាមកាលកំណត់ឱសានវាទរយៈពេល៧ថ្ងៃ ក្រោយការដាក់បញ្ជីទៅគ.ជ.ប កាលពីថ្ងៃទី៧ឧសភា គណបក្សភ្លើងទៀនអាចប្រឈមនឹងការបាត់បង់ឱកាសចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៧ ប្រសិនបើការដាក់ឯកសារបន្ថែមនៅរសៀលនេះបរាជ័យ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ