អានតួអត្ថបទ
កម្ពុជា-សង្គម

គម្រោងព្រលានយន្តហោះតារាសាគរ ពន្យារពេលបើកដំណើរការ ក្រោយក្រុមហ៊ុនមិនទាន់បញ្ចប់ការសាងសង់

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុងដែលត្រៀមបើកឱ្យដំណើរការនៅពាក់កណ្តាលឆ្នាំនេះ ត្រូវលើកពេលជាថ្មីម្តងទៀត ក្រោយក្រុមហ៊ុនទទួលសិទ្ធិសាងសង់ស្នើសុំពន្យារពេលដើម្បីបំពេញចំណុចខ្វះខាតមួយចំនួនដែលនៅសេសសល់។ នេះបើតាមការបញ្ជាក់ឱ្យដឹងពី លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា។

គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង
គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរខេត្តកោះកុង © Internet
ផ្សាយពាណិជ្ជកម្ម

មិនមែនជាលើកដំបូងទេដែលគម្រោងអាកាសយានដ្ឋានអន្តរជាតិតារាសាគរ ស្ថិតក្នុងខេត្តកោះកុង​ ត្រូវក្រុមហ៊ុនអភិវឌ្ឍន៍ដែលមានមូលដ្ឋាននៅចិននេះ សម្រេចលើកពេលបើកដំណើរការឱ្យធ្វើប្រតិបត្តិការហោះហើរ ខណៈគម្រោងនេះធ្លាប់ពន្យារពេលសាងសង់ម្តងរួចមកហើយកាលពីឆ្នាំ២០២១ ដោយសារតែវិបត្តិជំងឺកូវីដ-១៩។

លោក ស៊ិន ចាន់សេរីវត្ថា អ្នកនាំពាក្យអគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលបានអះអាងថា ការពន្យារពេលបើកដំណើរការនៃអាកាសយានដ្ឋានអន្តរជាតិតារាសាគរ គឺដោយសារតែ ក្រុមហ៊ុនអភិវឌ្ឍន៍មិនទាន់បញ្ចប់ទាំងស្រុងលើការអភិវឌ្ឍ និងបំពេញបែបឯកសារពាក់ព័ន្ធសុវត្ថិភាពនៃការហោះហើរ។ ខណៈក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ក្រុមហ៊ុនអភិវឌ្ឍន៍រង់ផលប៉ះពាល់ធ្ងន់ធ្ងរ ដោយអ្នកបច្ចេកទេស និងអ្នកជំនាញការរបស់ក្រុមហ៊ុនមានភាពលំបាកក្នុងការធ្វើដំណើរចេញ-ចូលប្រទេសកម្ពុជា។

មួយវិញទៀត ការផ្គត់ផ្គង់ឧបករណ៍-សម្ភារៈបរិក្ខារសម្រាប់ការសាងសង់ និងការតុបតែងស្ថានីយ៍អ្នកដំណើរ ខ្សែច្រវ៉ាក់ផលិតកម្ម ការផ្គត់ផ្គង់ទំនិញ-ភស្តុភារកម្ម និងសេវាកម្មបម្រើដល់ការសាងសង់គម្រោងអាកាសយានដ្ឋានអន្តរជាតិមានភាពលំបាក និងយឺតយ៉ាវ ជាមួយនឹងការកើនឡើងតម្លៃខ្ពស់ពីចន្លោះ២៥% ដល់៣៥%។

បើតាម លោក​ ស៊ិន ចាន់សេរីវត្ថា កត្តាចម្បងមួយទៀតគឺ តម្លៃនៃការដឹកជញ្ចូនទំនិញខ្ពស់ ហើយត្រូវការពេលវេលាច្រើនជាងមុន ដោយត្រូវប្រើរយៈពេលចន្លោះពី៣ ទៅ៦ខែ ដែលនេះលើសពីការរំពឹងទុក បូករួមនឹងវិបត្តិសង្គ្រាមរវាងរុស្ស៊ី-អ៊ុយក្រែន ការរឹតបន្តឹងលើផ្នែកគោលនយោបាយ និងចរាចររូបិយប័ណ្ណរបស់ចិន ក៏ដូចជាបញ្ហាប្រែប្រួលអាកាសធាតុជាដើម។

ទោះបីគម្រោងអាកាសយានដ្ឋានតារាសាគរត្រូវពន្យារពេលក្តី ប៉ុន្តែបើផ្អែកតាមការបញ្ជាក់ពីអ្នកនាំពាក្យអគ្គលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលខាងលើ គឺថា នឹងមិនជះផលអវិជ្ជមានអ្វីដល់វិស័យអាកាស ឬប្រតិបត្តិការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ឡើយ ត្បិតអាកាសយានដ្ឋានអន្តរជាតិតាសារគរនេះមានលក្ខណៈបម្រើការដល់ការហោះហើរក្នុងស្រុក និងក្នុងតំបន់ប៉ុណ្ណោះ។

សូមជម្រាបថា គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិតារាសាគរបានអភិវឌ្ឍន៍ឡើងលើទំហំផ្ទៃដី២១៨ហិកតា និងមានដីបម្រុងទំហំ១ពាន់ហិកតាបន្ថែម ដែលគ្រោងបញ្ចេញថវិកាប្រមាណ២០០លានដុល្លារ ក្រោមការវិនិយោគរបស់ក្រុមហ៊ុនចិន​ Union Development Group (UDG)។ គម្រោងនេះ មានផ្លូវយន្តហោះចុះប្រវែង៣២០០ម៉ែត្រ និងទទឹង៦០ម៉ែត្រដែលជាប្រភេទលំដាប់4E និង4F ហើយអាចមានសមត្ថភាពទទួលយន្តហោះប្រភេទ A-350-900 និងBoeing 777ជាដើម៕ 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ