អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណ​បក្ស​នៅ​ក្រៅ​រដ្ឋា​ភិបាល​សោក​ស្តាយ​ដែល​បក្ស​ភ្លើង​ទៀន​មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​បោះ​ឆ្នោត

គណ​បក្ស​នៅ​ក្រៅ​រដ្ឋា​ភិបាល​មួយ​បាន​សំដែង​ការ​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​គជប ដែល​បដិសេធ​មិន​ឲ្យ​គណ​បក្ស​ភ្លើង​ទៀន​ចូល​រួម​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី​២៣​កក្កដា​។​ ការ​បដិ​សេធ​មិន​ឲ្យ​បក្ស​ជំទាស់​ដែល​មាន​សក្តា​នុពល​ចូល​រួម​ប្រកួត​ នេះ​គឺ​ប៉ះ​ពាល់​ដល់​ដំណើរ​ការ​បោះ​ឆ្នោត​ដោយ​យុត្តិធម៌​ និងតាម​បែប​ប្រជា​ធិប​តេយ្យ​សេរី​ពហុបក្ស​។​ នេះ​បើ​តាម​គណ​បក្ស​ប្រជា​ធិប​តេយ្យ​មូល​ដ្ឋាន ​ខណៈ​គណ​បក្ស​នយោ​បាយ​ខ្លះ​ទៀត​ គាំទ្រ​សេចក្តី​សម្រេច​របស់​គជប​។​ 

គណបក្សប្រជាធិបតេយ្យមូលដ្ឋាន
គណបក្សប្រជាធិបតេយ្យមូលដ្ឋាន © Internet
ផ្សាយពាណិជ្ជកម្ម

សម្រាប់គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ដែល​អះអាងថា​មាននិន្នាការ​ប្រជាធិបតេយ្យ យល់ថា ការ​បដិសេធ​របស់គជប មិនឲ្យគណបក្ស​ភ្លើង​ទៀន​ចូល​រួម​ការ​បោះ​ឆ្នោត​ក្រោម​ហេតុ​ផល​មិនបាន​ភ្ជាប់ឯកសារ​មួយចំនួនមកជាមួយនោះ គឺមានភាព​ស្មុគស្មាញទាក់ទង​ទម្រង់ឯកសារគតិយុត្តិ។

បើតាម​គណបក្សប្រជាធិបតេយ្យមូលដ្ឋាន បញ្ហានេះ​នឹង​មិន​កើត​ឡើង​ទេ​ប្រសិនបើ​ ក្រសួង​មហា​ផ្ទៃ​ចេញ​ជូន​គណបក្សភ្លើងទៀន នូវ​លិខិត​តាម​តម្រូវការ​របស់​គជប សម្រាប់​ចុះ​បញ្ជីគណបក្ស​នយោបាយ​ឈរ​ឈ្មោះ​បោះ​ឆ្នោត។

គណបក្សនេះកត់​សំគាល់ពីការ​ខិតខំ​របស់​គណបក្ស​ភ្លើងទៀន​ក្នុង​ការស្នើ​សុំ​ក្រសួង​មហា​ផ្ទៃ​ចេញ​លិខិត​គិតិ​យុត្តិ​ស្តីពីការ​ចុះបញ្ជីគណបក្ស​ភ្លើងទៀន​នៅក្រសួង​មហាផ្ទៃ និង​ព្យាយាម​បំពេញ​តាម​លក្ខណ្ឌ​ដែល​គជប តម្រូវផងដែរ។ ម្យ៉ាងគណបក្សនេះក៏ត្រូវបានអនុញ្ញាតឲ្យចូលរួម​ប្រកួត​ការ​បោះ​ឆ្នោត​ថ្នាក់​ឃុំ សង្កាត់ ឆ្នាំ២០២២ និងការ​បោះឆ្នោត​ក្រុម​ប្រឹក្សាក្រុង ស្រុក ដែល​ទើប​បង្កើត​ថ្មី នាឆ្នាំ​២០២៣​ទៀត​ផង។

បើតាមគណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន ការ​បដិសេធ​មិន​ឲ្យ​បក្សជំទាស់​ដែល​មានសក្តានុពល​ចូលរួម​ប្រកួត គឺប៉ះពាល់​ដល់​ដំណើរការបោះ​ឆ្នោត​ដោយ​យុត្តិធម៌ និងតាមបែប​ប្រជាធិបតេយ្យសេរីពហុបក្ស។

ទោះជាយ៉ាងណា គេឃើញមានគណបក្ស​នយោបាយ​មួយចំនួន​ដែលជាសមាជិក​ឧត្តម​ក្រុម​ប្រឹក្សាពិគ្រោះ​ និង​ផ្តល់យោបល់​នៅក្រោមដំបូល​រដ្ឋាភិបាល បានគាំទ្រ​ការ​សម្រេច​របស់​គជប ដែល​បដិសេធ​មិន​ឲ្យ​គណបក្ស​ភ្លើងទៀន​ចូលរួមការ​បោះឆ្នោតខាងមុខនេះ។

នៅក្នុងការ​ប្រកាសគាំទ្រ​របស់ខ្លួន ភ្លាមៗ ទន្ទឹមគ្នានោះ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា បានចាត់ទុក​ការ​សម្រេច​របស់​គជប ថា​ឆ្លុះ​បញ្ចាំងពីការ​អនុវត្ត​ច្បាប់​ស្មើ​ភាពគ្នា ហើយ​ថែមទាំង​ស្នើឲ្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញា​តម្កល់​សេចក្តី​នេះទុកជាបានការទៀតផង៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ