អានតួអត្ថបទ
កម្ពុជា-នយោបាយ

បក្សភ្លើងទៀនសម្រេចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយ គ.ជ.ប បដិសេធមិនចុះបញ្ជីឲ្យចូលរួមការបោះឆ្នោតថ្នាក់ជាតិ

គណបក្សភ្លើងទៀន បានសម្រេចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ក្រោយពីគណៈកម្មាធិការជាតិរៀបចំការបោះ​ឆ្នោត (គ.ជ.ប) សម្រេចបដិសេធមិនចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនរបស់ខ្លួន សម្រាប់ការចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ការសម្រេចរបស់គណបក្សភ្លើងទៀននេះ ធ្វើឡើងនៅក្នុងសន្និសិទសារព័ត៌មាននៅថ្ងៃទី១៦ ឧសភា ក៏ដូចជាការបញ្ជាក់នៅក្នុងសេចក្ដីថ្លែងការណ៍របស់ខ្លួនកាលពីថ្ងៃទី១៥ឧសភាផងដែរ។

គណបក្សភ្លើងទៀន
គណបក្សភ្លើងទៀន © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្នុងសន្និសិទសារព័ត៌មាន លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀន បានបញ្ជាក់ថា គណបក្សភ្លើងទៀន មិនអាចទទួលយកបានឡើយ នៅពេលដែល គ.ជ.ប សម្រេចបដិសេធមិនចុះបញ្ជីគណបក្ស និងបញ្ជីបេក្ខជនរបស់ខ្លួន សម្រាប់ចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ត នីតិកាលទី៧ ឆ្នាំ២០២៣។ ដូច្នេះហើយទើបគណបក្សភ្លើងទៀនសម្រេចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញដើម្បីឲ្យដោះស្រាយ​ធ្វើយ៉ាងណាឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតបាន។

បើតាមលោក សុន ឆ័យ យ៉ាង​យូរត្រឹមថ្ងៃទី២០ ខែឧសភា គណបក្សភ្លើងទៀន នឹងធ្វើការប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញ ហើយលោកជាអ្នកដឹកនាំក្រុមការងារផ្ទាល់សម្រាប់ដាក់ពាក្យបណ្ដឹងនេះ។ អនុប្រធានគណបក្សភ្លើងទៀនរូបនេះថាគណបក្សភ្លើងទៀនមានសង្ឃឹម ១០០% ថាក្រុមប្រឹក្សាធម្មនុញ្ញនឹងធ្វើការដោះស្រាយឲ្យខ្លួនបានចូលរួមការបោះឆ្នោត។

សូមបញ្ជាក់ថា ការសម្រេចប្ដឹងទៅក្រុមប្រឹក្សាធម្មនុញ្ញរបស់គណបក្សភ្លើងទៀននេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) នៅថ្ងៃទី១៥ ខែឧសភា បាន​សម្រេចបដិសេធទាំង​ស្រុង ចំពោះការចុះបញ្ជីឈរឈ្មោះបោះឆ្នោតរបស់គណបក្សភ្លើងទៀន។ ការសម្រេចនេះ ធ្វើឡើងក្រោមហេតុផលថាគណបក្សឆាំងមួយនេះ មិនបានបំពេញគ្រប់លក្ខខណ្ឌនៃច្បាប់បោះឆ្នោត​ គឺពុំមានច្បាប់ដើមស្តីពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ដែលមាននីត្យានុកូលកម្មពីរដ្ឋបាលរាជធានី ខេត្ត ក្រុង ស្រុក ខ័ណ្ឌ។

ត្រង់បញ្ហានេះ គណបក្សភ្លើងទៀនបានដាក់ជាចម្ងល់ថា ប្រសិនបើគណបក្សភ្លើងទៀន ពុំមានច្បាប់ដើមពីការចុះបញ្ជីគណបក្សនៅក្រសួងមហាផ្ទៃ ចុះហេតុអ្វីទើប គ.ជ.ប ទទួលស្គាល់គណបក្សភ្លើងទៀនចូល​​រួមការបោះឆ្នោតឃុំ-សង្កាត់ ឆ្នាំ២០២២ និងការចូលរួមការបោះឆ្នោតជ្រើសក្រុមប្រឹក្សាក្រុង ស្រុក ខណ្ឌ ដែលទើបតែបង្កើតកាលពីពេលថ្មីៗនេះ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ