អានតួអត្ថបទ
កម្ពុជា-នយោបាយ

សហគមន៍អន្តរជាតិថាការបដិសេធចុះបញ្ជីគណបក្សភ្លើងទៀន ជាដំណើរបាត់បង់ប្រជាធិបតេយ្យនៅកម្ពុជា

បណ្តាទូតបរទេសលោកសេរី និងអង្គការសង្គមស៊ីវិលអន្តរជាតិមួយចំនួន បានចេញមកប្រតិកម្មទៅនឹងសេចក្តីសម្រេចរបស់ គ.ជ.ប ចំពោះការបដិសេធចុះបញ្ជីមិនឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧។ ប្រតិកម្មរបស់បណ្តាទូត និងអង្គការសង្គមស៊ីវិល យល់ថា នេះជាការសម្រេចដែលធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា បានបាត់បង់។ ក៏ប៉ុន្តែពីជ្រុងរដ្ឋាភិបាលវិញ គឺទាត់ចោលទាំងស្រុងចំពោះបណ្តាប្រតិកម្មរបស់ទូតបរទេស និងអង្គការសង្គមស៊ីវិលអន្តរជាតិ។ 

អ្នកគាំទ្រគណបក្សភ្លើងទៀន ចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកចូលរួមនៅ មុនពេលហែក្បួនក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី៥ ខែមិថុនា ក្នុងរាជធានីភ្នំពេញ។
អ្នកគាំទ្រគណបក្សភ្លើងទៀន ចុះឈ្មោះក្នុងបញ្ជីឈ្មោះអ្នកចូលរួមនៅ មុនពេលហែក្បួនក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតសម្រាប់ការបោះឆ្នោតឃុំសង្កាត់ ថ្ងៃទី៥ ខែមិថុនា ក្នុងរាជធានីភ្នំពេញ។ AP - Heng Sinith
ផ្សាយពាណិជ្ជកម្ម

ផ្តើមចេញពីអូស្ត្រាលី តាមរយៈស្ថានទូតនៅកម្ពុជា គឺអូស្ត្រាលី លើកឡើងថា នេះជាការព្រួយបារម្ភជាខ្លាំង ដែលគណបក្សភ្លើងទៀន ជាគណបក្សប្រឆាំងមិនអាចចុះបញ្ជីឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រពេលខាងមុខ។ តាមសំណេរលើបណ្តាញសង្គមហ្វេសប៊ុក គឺស្ថានទូតអូស្ត្រាលី បានអះអាងថា ខ្លួននៅតែជាអ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យ និងការអភិវឌ្ឍនៅកម្ពុជា។ ជាលទ្ធិប្រជាធិបតេយ្យ ដែលអូស្ត្រាលីសំដៅដល់ការតម្រូវឲ្យមានលម្ហនយោបាយ ដែលអាចឲ្យគណបក្សនយោបាយចូលរួមប្រកួតប្រជែងដោយយុត្តិធម៌។ ហើយចំពោះការសម្រេចបដិសេធមិនចុះបញ្ជីឲ្យគណក្សភ្លើងទៀន អូស្ត្រាលីយល់ថា ជាការបោះឆ្នោតដែលមិនមែនប្រជាធិបតេយ្យ។

រីឯការិយាល័យកិច្ចការបរទេសរបស់អាល្លឺម៉ង់ បានប្រតិកម្មនឹងសេចក្តីសម្រេចរបស់គ.ជ.ប ថាបានផ្ទុយនឹងគោលការណ៍ពហុនិយម និងលទ្ធិប្រជាធិបតេយ្យ។ បើតាមការិយាល័យកិច្ចការបរទេសអាល្លឺម៉ង់ ហេតុផលដែលគ.ជ.ប បានអះអាង ជាហេតុផលដែលមិនគួរឲ្យជឿ។

ដោយឡែក សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងអឺរ៉ុប និងការបរទេសបារាំង បានបង្ហាញភាពសោកស្តាយចំពោះការផាត់គណបក្សប្រឆាំងធំជាងគេចេញពីការបោះឆ្នោតខាងមុខ។ បារាំង បានអំពាវនាវឱ្យអាជ្ញាធរ ចាត់វិធានការចាំបាច់ ដែលអនុញ្ញាតឱ្យគណបក្សភ្លើងទៀនអាចចូលរួមប្រកួតប្រជែងក្នុងប្រព័ន្ធលទ្ធិប្រជាធិបតេយ្យ។

រីឯសហភាពអឺរ៉ុបវិញ បានជំទាស់យ៉ាងដាច់អហង្ការចំពោះសេចក្តីសម្រេចរបស់គ.ជ.ប។ សេចក្តីថ្លែងការណ៍របស់សហភាពអឺរ៉ុប បានចាត់ទុកសេចក្តីសម្រេចរបស់គ.ជ.ប ថា​ ជាការដកហូតសិទ្ធិពលរដ្ឋខ្មែរ ក្នុងការជ្រើសរើសតំណាងរបស់ពួកគេ នៅថ្ងៃបោះឆ្នោតខាងមុខ។

ចំណែកឯ សមាជិកសភាអាស៊ានដើម្បីសិទ្ធិមនុស្ស (APHR) ក៏បានចេញមកថ្កោលទោស រដ្ឋាភិបាលកម្ពុជាដែលធ្វើឱ្យខូច និងរារាំងគណបក្សប្រឆាំងមិនឱ្យចូលរួមក្នុងការបោះឆ្នោតសកលនៅខែកក្កដាខាងមុខនេះ។ សមាជិកក្រុមប្រឹក្សាភិបាល សភាអាស៊ានដើម្បីសិទ្ធិមនុស្ស និងជាអតីតរដ្ឋមន្ត្រីការបរទេសថៃ លោក Kasit Piromya បានលើកឡើងថា  លោក ហ៊ុន សែន បានបង្ហាញការមើលងាយចំពោះគោលការណ៍លទ្ធិប្រជាធិបតេយ្យ និងមិនមានឆន្ទៈក្នុងការប្រកួតប្រជែងក្នុងការបោះឆ្នោតដោយសេរី និងយុត្តិធម៌។ បើតាមលោក Kasit Piromya រដ្ឋាភិបាលកម្ពុជាត្រូវតែបញ្ឈប់ការបង្អាក់គូប្រជែងរបស់ខ្លួន ប្រសិនបើខ្លួនចង់ឲ្យពិភពលោកទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនាខែកក្កដា ខាងមុខនេះ។

ពីជ្រុងអង្គការសង្គមស៊ីវិលអន្តរជាតិ វិញ ក៏មិនស្ងៀមចំពោះសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបដិសេធមិនចុះបញ្ជីឲ្យគណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតនេះដែរ។ បណ្តាញអាស៊ីសម្រាប់ការបោះឆ្នោតដោយសេរី (ANFREL) បានចេញសេចក្តីថ្លែងការណ៍ នៅថ្ងៃអង្គារ ថា នេះបានធ្វើឱ្យប៉ះពាល់ដល់ដំណើរការលទ្ធិប្រជាធិបតេយ្យបន្ថែមទៀតនៅកម្ពុជា និងជាការពង្រឹងឥទ្ធិពលរបស់គណបក្សកាន់អំណាច តាមរយៈការរារាំងសំឡេងអ្នកដែលចង់ផ្លាស់ប្តូរតាមបែបប្រជាធិបតេយ្យ។

យ៉ាងណាមិញ ប្រតិកម្មទាំងនេះ ត្រូវបានក្រសួងការបរទេសកម្ពុជា ចេញមកច្រានចោល ដោយគូសបំភ្លឺទៅវិញចំនួន៤ចំណុច។ ៤ចំណុចរបស់ក្រសួងការបរទេសកម្ពុជា បានបញ្ជាក់ពីអ្វីដែលគ.ជ.ប ធ្លាប់បំភ្លឺពីច្បាប់បោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ។ ហើយចំពោះអវត្តមានរបស់គណបក្សភ្លើងទៀន នៅចំពោះមុខនៃការបោះឆ្នោត គឺជាការធ្វេសប្រហែសមិនគោរពច្បាប់ និងមិនប៉ះពាល់ដល់សិទ្ធិអ្នកបោះឆ្នោត ខណៈដែលគណបក្សប្រកួតប្រជែងមានយ៉ាងតិច១៨។ នេះបើតាមសេចក្តីថ្លែងការណ៍៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ