អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សភ្លើងទៀនសរសើរដ្ឋាភិបាលដែលរៀបចំកីឡាស៊ីហ្គេមទទួលបានជោគជ័យ

គណបក្សភ្លើងទៀននៅថ្ងៃទី១៨ ខែឧសភា នេះ បានចេញលិខិតអបអរសាទរមួយ សម្តែងការកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា ដែលបានខិតខំរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ប្រកបដោយជោគជ័យ។ ការចេញមកអបអររបស់គណបក្សប្រឆាំងនេះ ធ្វើឡើងបន្ទាប់ពីការប្រកួតកីឡាអាស៊ីអាគ្នេយ៍(ស៊ីហ្គេម)លើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានបិទបញ្ចប់កាលពីថ្ងៃពុធម្សិលមិញ ដែលរដ្ឋាភិបាលកម្ពុជាប្រកាសថាបានទទួលជោគជ័យយ៉ាងត្រចះត្រចង់។ 

ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២
ព្រឹត្តិការណ៍ស៊ីហ្គេមលើកទី៣២ © Internet
ផ្សាយពាណិជ្ជកម្ម

មួយថ្ងៃក្រោយកីឡាអាស៊ីអាគ្នេយ៍ឬស៊ីហ្គេមលើកទី៣២ ត្រូវបានបិទបញ្ចប់ គណបក្សភ្លើងទៀន ដែលជាគណបក្សប្រឆាំងដ៏ធំមួយ នៅក្នុងប្រទេសកម្ពុជាសម្រាប់ការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៣នេះ បានចេញមកសម្តែងការអបអរដល់រដ្ឋាភិបាលកម្ពុជា ដែលបានរៀបចំការប្រកួតកីឡាតំបន់នេះទទួលបានជោគជ័យ។

តាមសារលិខិតរបស់ខ្លួន គណបក្សភ្លើងទៀនបានសរសេរថា គណបក្សមានសេចក្តីសោមនស្សរីករាយ និងចូលរួមអបអរសាទរចំពោះមោទនភាពជាតិនៃព្រឹត្តិការណ៍ជាប្រវត្តិសាស្ត្រ ដែលប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣។

បន្ថែមពីលើការកោតសរសើ និងអំណរគុណដល់កីឡាករ កីឡាការិនីកម្ពុជា និងភ្ញៀវជាតិ អន្តរជាតិ គណបក្សភ្លើងទៀន ក៏បានសម្តែងនូវការកោតសរសើរដល់រដ្ឋាភិបាលកម្ពុជា និងមន្ត្រីគ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរៀបចំកីឡាស៊ីហ្គេមលើកទី៣២នេះឡើង ប្រកបដោយជោគជ័យ និងជាទីមោទនៈ។

សូមបញ្ជាក់ថាគណបក្សភ្លើងទៀនកំពុងប្រឈមនឹងភាពមិនច្បាស់លាស់ពីការមិនបានចូលរួមក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះ បន្ទាប់ពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបដិសេធការចុះបញ្ជីគណបក្ស និងបេក្ខជនឈរឈ្មោះបោះឆ្នោតកាលពីពេលថ្មីៗនេះ ក្រោមហេតុផលថាមិនមានឯកសារគ្រប់គ្រាន់។ ក៏ប៉ុន្តែគណបក្សភ្លើងទៀននៅសល់ដំណាក់កាលចុងក្រោយមួយទៀតគឺការសម្រេចរបស់ក្រុមប្រឹក្សាធម្មនុញ្ញ ដែលគណបក្សប្រឆាំងនេះគ្រោងនឹងធ្វើការតវ៉ាទៅស្ថាប័នកំពូលមួយនេះក្នុងពេលឆាប់ៗខាងមុខ។

ជុំវិញការចេញមកអបអររបស់គណបក្សប្រឆាំងជាមួយរដ្ឋាភិបាលកម្ពុជាពេលនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាយល់ឃើញថាព្រឹត្តិការណ៍ស៊ីហ្គេមនេះ គឺជាសច្ចធម៌ដែលគ្រប់គ្នាត្រូវមានការទទួលស្គាល់។ ទោះយ៉ាងណាបក្សប្រឆាំងមិនអាចយកបញ្ហានេះទៅលុបជ្រុងនៃការខុសឆ្គងតាមផ្លូវច្បាប់បានទេ។ នេះបើតាមលោក សុខ ឥសាន។

សូមរំលឹកថាការប្រកួតកីឡាស៊ីហ្គេមលើកទី៣២ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះត្រូវបានបិទបញ្ចប់កាលពីថ្ងៃពុធ ដោយកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ៤សម្រាប់មេដាយមាស និងចំណាត់ថ្នាក់លេខ៣សម្រាប់មេដាយច្រើនជាងគេ បន្ទាប់ពីវៀតណាម និងថៃ៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ