អានតួអត្ថបទ
កម្ពុជា-នយោបាយ

គណបក្សភ្លើងទៀន បដិសេធការពាក់ព័ន្ធនឹងលិខិតចេញដោយរូបវន្តបុគ្គល(លោក ជា ប៉ូច)

គណបក្សភ្លើងទៀន កាលពីថ្ងៃចន្ទ ទី២២ ខែឧសភា បានចេញមកបញ្ជាក់ថាគណបក្សប្រឆំាងមួយនេះ ពុំមានជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬឯកសារនានា ដែលចេញដោយរូបវន្តបុគ្គលទេ។ ការបញ្ជាក់របស់គណបក្សភ្លើងទៀនដូច្នេះ គឺធ្វើឡើងបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីសប្តាហ៍កន្លងទៅ មិនទទួលយកការសុំទោសរបស់លោក ជា ប៉ូច ដែលបានថ្លែងពីការផ្តួលរំលំលោក ហើយដែលបានចុះផ្សាយសម្លេងលោក ជា ប៉ូច តាមរយៈកាសែត Fresh News កាលពីថ្ងៃទី១៣ ខែឧសភាកន្លងទៅ។ 

គណបក្សភ្លើងទៀន បដិសេធការពាក់ព័ន្ធនឹងលិខិតចេញដោយរូបវន្តបុគ្គល(លោក ជា ប៉ូច)
គណបក្សភ្លើងទៀន បដិសេធការពាក់ព័ន្ធនឹងលិខិតចេញដោយរូបវន្តបុគ្គល(លោក ជា ប៉ូច) © សហការី
ផ្សាយពាណិជ្ជកម្ម

ទាក់ទងទៅនឹងការទាមទារឲ្យមានការពន្យល់ពាក់ព័ន្ធនឹងលិខិតបដិសេធរបស់លោក ជា ប៉ូច សមាជិកគណៈអចិន្ត្រៃយ៍គណបក្សភ្លើងទៀន គណបក្សប្រឆាំងមួយនេះបានគូសបញ្ជាក់ថាគណបក្សភ្លើងទៀន មិនជាប់ពាក់ព័ន្ធ និងមិនទទួលខុសត្រូវចំពោះលិខិត ឬ​ឯកសារនានាដែលចេញដោយរូបវន្តបុគ្គល រួមទាំងលិខិតចំហរចុះថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៣នោះផងដែរ។

សេចក្តីថ្លែងការណ៍បន្តថាគណបក្សភ្លើងទៀនជាគណបក្សប្រជាធិបតេយ្យ ជានិច្ចកាលតែងតែគោរពសិទ្ធិ និងការសម្រេចចិត្តរបស់មន្ត្រីគណបក្សគ្រប់ជាន់ថ្នាក់ ដោយពុំមានគោលការណ៍បង្ខិតបង្ខំ ឬបង្គាប់បញ្ជាឲ្យមន្ត្រីរបស់ខ្លួនធ្វើអ្វីមួយផ្ទុយពីបំណង ឬឆន្ទៈរបស់សាមីខ្លួនឡើយ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានសរសេរនៅលើបណ្តាញទំនាក់ទំនងសង្គមរបស់លោកដែរថា លោកទទួលយកការបំភ្លឺរបស់គណបក្សភ្លើងទៀនតាមរយៈសេចក្តីថ្លែងការណ៍ថ្ងៃ២២ ខែឧសភា ឆ្នាំ២០២៣ នេះ។ លោក ហ៊ុន សែន ថាលោកក៏មិនចង់មានរឿងវែងឆ្ងាយតទៅទៀតដែរបើទោះជាលោកដឹងច្បាស់ថាអ្នកណាជាអ្នកបញ្ជាឲ្យធ្វើ និងទំនាក់ទំនងជាមួយគ្នាបែបណារវាងអ្នកនៅភ្នំពេញជាមួយអ្នកនៅបាងកកក៏ដោយ។ ពេលនេះនៅសល់តែរឿងបុគ្គល ជា ប៉ូច មួយប៉ុណ្ណោះ។

សូមរំលឹកថានៅក្នុងលិខិតចំហរមួយកាលពីថ្ងៃទី១៤ ខែឧសភា ដែលមិនមានចុះហត្ថលេខា ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន លោក ជា ប៉ូច បានប្រកាសដាច់អហង្ការចំពោះការចុះផ្សាយរបស់កាសែត Fresh News កាលពីរាត្រីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៣ ដែលបានចោទរូបលោកថាមានបំណងផ្តួលរំលំ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ កាសែត Fresh News បានលើកយកឃ្លីបវីដេអូកាត់តរយៈពេល២២វិនាទី ដែលជាសម្លេងលោកជា ប៉ូច មកចុះផ្សាយថា«គោលដៅខ្ញុំគឺត្រូវទម្លាក់ ហ៊ុន សែន ឲ្យបាន»។

ក៏ប៉ុន្តែ១ថ្ងៃក្រោយមក គឺនៅថ្ងៃទី១៥​ ខែឧសភា លោក ជា ប៉ូច ដែលកំពុងសម្រាកព្យាបាលជំងឺបេះដូងនៅប្រទេសថៃ បានសរសេរលិខិតបំភ្លឺខ្លីមួយទៀតទៅកាន់លោក ហ៊ុន សែន ដែលមានខ្លឹមសារថាជាការនិយាយមានការឆ្គំាឆ្គង ប៉ះពាល់ដល់លោក ហ៊ុន សែន ដែលលោកធ្វើការសុំទោសពីចម្ងាយ។

តាមការពន្យល់របស់លោក ជា ប៉ូច ពាក្យដែលលោកនិយាយថា «តស៊ូទម្លាក់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន» ដែលធ្វើឡើងកាលពីខែមីនា ឆ្នាំ២០២៣​ នៅក្នុងឱកាសជួបជាមួយសកម្មជននោះ គឺក្នុងន័យតាមរយៈការបោះឆ្នោតតាមបែបប្រជាធិបតេយ្យ ដែលធ្វើឡើងរៀងរាល់៥ឆ្នាំ បោះឆ្នោតម្តង៕

 

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ