អានតួអត្ថបទ
កម្ពុជា-នយោបាយ

នយោបាយថៃប្រែប្រួល៖ លោក សម រង្ស៊ី ប្រកាសវិលចូលប្រទេសកម្ពុជាជាលើកទី៣

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ បានប្រកាសវិលចូលប្រទេសកម្ពុជាសារជាថ្មី នាពេលឆាប់ៗខាងមុខនេះ ប៉ុន្តែការវិលចូលប្រទេសកម្ពុជានៅថ្ងៃណានោះ លោកនៅមិនទាន់កំណត់ឲ្យបានច្បាស់លាស់នៅឡើយទេ។ ការប្រកាសនេះ ធ្វើឡើងក្នុងជំនួបសំណេះសំណាលជាមួយព្រះសង្ឃ និងពលរដ្ឋខ្មែររស់នៅទីក្រុងសុីដនី ប្រទេសអូស្រ្តាលី នៅថ្ងៃទី២២ ខែឧសភា។ ប៉ុន្តែអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាច លោក សុខ ឥសាន ថានេះគ្រាន់តែជាការស្រមើស្រមៃរបស់លោក សម រង្ស៊ី តែប៉ុណ្ណោះ។ 

លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ ប្រកាសវិលចូលប្រទេសកម្ពុជាជាលើកទី៣។
លោក សម រង្ស៊ី ប្រធានស្ដីទីអតីតគណបក្សសង្រ្គោះជាតិ ប្រកាសវិលចូលប្រទេសកម្ពុជាជាលើកទី៣។ © Internet
ផ្សាយពាណិជ្ជកម្ម

ថ្លែងនៅចំពោះមុខអ្នកគាំទ្រនៅទីក្រុងស៊ីដនី ប្រទេសអូស្រ្តាលី លោក សម រង្ស៊ី ប្រមុខបក្សប្រឆាំង បានប្រកាសប្ដេជ្ញាថាលោកនឹងវិលត្រឡប់ចូលមកប្រទេសកម្ពុជាវិញនាពេលឆាប់ៗខាងមុខនេះ។ បើតាមប្រ​មុខបក្សឆាំង ការប្រកាសវិលចូលប្រទេសកម្ពុជាសារថ្មីនេះគឺដើម្បីមកជួយប្រជាពលរដ្ឋខ្មែរឲ្យងើបឡើ​ង​ទាម​ទារនូវសិទ្ធិសេរីភាព និងយុត្តិធម៌។ ប៉ុន្តែយ៉ាងណាការប្រកាសវិលចូលប្រទេសកម្ពុជាសារថ្មីរបស់លោក សម រង្ស៊ីនេះ ពុំទាន់កំណត់ថ្ងៃជាក់លាក់នៅឡើយទេ។

ប៉ុន្តែលើកនេះ លោក សម រង្ស៊ី ហាក់មានសង្ឃឹមថា នឹងវិលចូលមកប្រទេសកម្ពុជាបានតាមរយះទឹកដីថៃ បន្ទាប់ពីគណបក្សឆាំងនៅថៃឈ្នះការបោះឆ្នោតត្រៀមទៅដឹកនាំរដ្ឋាភិបាល ដែលអាចបើកផ្លូវឲ្យលោកចូលទឹកថៃបាន។ ផ្ទុយពីរដ្ឋាភិបាលដែលដឹកនាំដោយលោក ប្រាយុទ្ធចាន់អូចា ដែលមិនអនុញ្ញាតឲ្យលោកចូលទឹកដីថៃបាន ដោយសារតែមានការស្នើសុំពីរដ្ឋាភិបាលកម្ពុជា។

ទន្ទឹមនឹងការប្រកាសវិលចូលប្រទេសកម្ពុជាសារជាថ្មី លោក សម រង្ស៊ី ក៏បានបកស្រាយពីភាពបរាជ័យរបស់លោកដែលមិនអាចវិលចូលប្រទេសកម្ពុជាកាលពីឆ្នាំ២០១៩ ប្រាប់ទៅអ្នកគាំទ្រផងដែរ។ បើតាមលោក សម រង្ស៊ី ការបរាជ័យរបស់លោកនៅពេលនោះ ដោយសារលោកនាយករដ្ឋនាយករដ្ឋមន្រ្តី ហ៊ុន សែន បានហាមមិនឲ្យក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដឹកលោកចូលមកប្រទេសកម្ពុជា និងបានស្នើសុំភាគីថៃកុំឲ្យលោកយកទឹកដីថៃធ្វើដំណើរចូលមកប្រទេសកម្ពុជាជាដើម។

ទាក់ទិនទៅនឹងការប្រកាសវិលចូលប្រទេសកម្ពុជាសារថ្មីរបស់លោក សម រង្ស៊ីនេះ លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សកាន់អំណាចកំពុងដឹកនាំរដ្ឋាភិបាល បានចាត់ទុកការប្រកាសនេះ គ្រាន់តែជាការស្រមើស្រមៃរបស់លោក សម រង្ស៊ីតែប៉ុណ្ណោះ។ បើតាមលោក សុខ ឥសាន ប្រសិនបើលោក សម រង្ស៊ី ហ៊ានមកជាន់ទឹកដីកម្ពុជាមែន ច្បាស់ណាស់នឹងត្រូវចាប់ខ្លួន ព្រោះលោកត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំក្នុងបទល្មើសផ្សេងៗ។

ជាការកត់សម្គាល់ការប្រកាសវិលចូលប្រទេសកម្ពុជារបស់លោក សម រង្ស៊ីនេះ មិនមែនជារឿងថ្មីនោះទេ។ មិនមែនជារឿងថ្មី ដោយសារនៅថ្ងៃទី០៩ វិច្ឆិកា ឆ្នាំ២០១៩ លោក សម រង្ស៊ី ក៏ធ្លាប់បានប្រកាសវិលចូលមកប្រទេសកម្ពុជាដែរ តែត្រូវបរាជ័យ ដែលកាលនោះធ្វើឲ្យមានអ្នកគាំទ្ររបស់លោកជាច្រើននាក់ត្រូវបានអាជ្ញាធរចាប់ខ្លួន និងចោទប្រកាន់ថារួមគំនិតក្បត់ជាមួយនឹងលោក។ ក្រៅពីនេះ លោក សម រង្ស៊ី នៅមានបទល្មើសជាច្រើនទៀត ដែលត្រូវបានតុលាការផ្ដន្ទាទោសឲ្យជាប់ពន្ធនាគារជាច្រើនឆ្នាំ ដូចជាបទសល្មើសក្បត់ជាតិ ចង់ផ្ដួលរំលំរដ្ឋាភិបាល បទប្រមាថព្រះមហាក្សត្រជាដើម៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ