អានតួអត្ថបទ
កម្ពុជា-សង្គម

HRW៖​​ «អន្តរជាតិ​​ត្រូវ​​ថ្កោល​ទោស​លោក ហ៊ុន សែន និងរដ្ឋាភិបាលលោក​​ដើម្បីបញ្ចប់យុទ្ធសាស្ត្របំភិតបំភ័យ​​ ​មុនការបោះឆ្នោត​»

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch (HRW) នៅថ្ងៃទី​២៤ឧសភាម្សិលមិញ បានចេញសេចក្តីប្រកាស ទាមទារឱ្យរដ្ឋាភិបាលកម្ពុជា​ដោះលែង ​​លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការី២រូបទៀត ជាបន្ទាន់ និង​ដោយគ្មានលក្ខខណ្ឌ។ ក្នុងសេចក្តីប្រកាស លោក Phil Robertson​ នាយករង​ទទួល​បន្ទុក​កិច្ចការ​អាស៊ី នៃអង្គការ​ការពារសិទ្ធិមនុស្ស ចោទថា ប្រមុខ​រដ្ឋាភិបាលកម្ពុជា លោក ហ៊ុន សែន កំពុងប្រើប្រាស់យុទ្ធសាស្ត្របំបិទសំឡេង​រិះគន់​ នៅមុនការបោះឆ្នោតខាងមុខ ដែលសហគមន៍អន្តរជាតិមិនត្រូវបិទភ្នែកនោះឡើយ។ 

បុគ្គលិករបស់អង្គការសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ៣រូប ពីបទ រួមគំនិតក្បត់និងញុះញង់។
បុគ្គលិករបស់អង្គការសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ៣រូប ពីបទ រួមគំនិតក្បត់និងញុះញង់។ © Internet
ផ្សាយពាណិជ្ជកម្ម

នៅក្រោយតុលាការខេត្តរតនៈគីរី​ បានសម្រេចចោទប្រកាន់សកម្មជនការពារសិទ្ធិកសិករ ដែលជាថ្នាក់ដឹកនាំនិងបុគ្គលិក​របស់​​អង្គការ​សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា ៣រូប​ ពីប​ទ រួមគំនិតក្បត់និង​ញុះញង់ ​ប្រតិកម្មបន្ត​ធ្លាក់មកជាបន្តបន្ទាប់។ នៅថ្ងៃទី​២៤ ខែឧសភា ឆ្នាំ​២០២៣ ​អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ Human Rights Watch បានចេញសេចក្តីប្រកាស ហៅបទចោទនោះថា ជាបទ​ចោទ​ដោយហេតុផលនយោបាយសុទ្ធសាធ។ Human Rights Watch ​ស្នើឱ្យរដ្ឋាភិបាលកម្ពុជាដោះលែង អ្នកទាំង៣​​ ជាបន្ទាន់ និង​ដោយគ្មានលក្ខខណ្ឌ។

លោក Phil Robertson នាយករងទទួលបន្ទុកកិច្ចការអាស៊ី នៃអង្គការការពារសិទ្ធិមនុស្ស បានលើកឡើងថា ដំណើរការផ្លូវតុលាការលើ​សកម្មជនការពារសិទ្ធិកសិករ ទាំង៣រូបដែល​ធ្វើឡើងក្រោម​បទចោទប្រកាន់​ក្លែងក្លាយ​​ បង្ហាញឱ្យឃើញកាន់តែច្បាស់ អំពីចេទនាបំបិទមាត់សំឡេង​​រិះគន់រដ្ឋាភិបាលកម្ពុជា នៅមុនការបោះឆ្នោតជាតិ​ខាងមុខ។ លោក Phil Robertson ស្នើឱ្យមានការថ្កោលទោសពីអន្តរជាតិ សម្តៅផ្ទាល់ លើលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងរដ្ឋាភិបាលរបស់លោក ដើម្បីទាមទារឱ្យបិទបញ្ចប់នូវយុទ្ធសាស្ត្របំភិតបំភ័យ។

​ជាការឆ្លើយតប លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា តាមរយៈវិទ្យុបារាំង នៅថ្ងៃទី២៥ ខែ​ឧសភា ឆ្នាំ​២០២៣​នេះ បញ្ជាក់ថា ដំណើរការតុលាការកម្ពុជាក្នុងសំណុំរឿងសកម្មជនការពារសិទ្ធិកសិករនេះ ធ្វើឡើងដោយ​គោរពនូវ​សិទ្ធិ​មនុស្ស ផ្អែកទៅលើច្បាប់​ មាន​អង្គហេតុ​ និង​ភស្តុ​តាង​គាំទ្រ​ដល់​ការ​ចោទប្រកាន់ត្រឹមត្រូវ។  លោក កត្តា អ៊ន ថា សំណុំរឿងនេះ មានតែតុលាការតែប៉ុណ្ណោះ ដែលមានសិទ្ធិសម្រេច។ ពោល​​​ មិនមែនអង្គការរដ្ឋាភិបាល​ក្រៅស្រុកណាមួយ ឬ ​ស្ថាប័នណាមួយ អាច​មកសម្រេច មកបញ្ជាលើប្រព័ន្ធតុលាការកម្ពុជាបានឡើយ។

ជាថ្មីម្តងទៀត ​លោក កត្តា អ៊ន អ្នកនាំពាក្យគណៈកម្មាធិការជាតិសិទ្ធិមនុស្សកម្ពុជា បញ្ជាក់ថា សិទ្ធិសេរីភាពរបស់សង្គមស៊ីវិល ត្រូវតែស្ថិតនៅក្នុងបន្ទាត់នៃ​លក្ខខណ្ឌ ដែលបានចុះបញ្ជី​នៅក្រសួង​មហាផ្ទៃ ហើយអ្វីដែលផ្ទុយ​ពីលក្ខខណ្ឌនោះ សកម្មភាព​ល្មើសនឹងច្បាប់ ប្រើប្រាស់តួនាទីដោយការជ្រកក្រោមស្លាកសង្គមស៊ីវិល គឺត្រូវមាន​ចំណាត់ការផ្លូវច្បាប់។

គួរជម្រាបបន្ថែម​ថា​  សង្គមស៊ីវិលនិងបណ្តាញ​សហគមន៍ចំនួន៥៨ ​នៅថ្ងៃទី​២៤ ខែឧសភា ឆ្នាំ២០២៣ បានចេញសេចក្តីថ្លែងការណ៍រួម ស្នើឱ្យមានការដោះលែងនិងទម្លាក់បទចោទលើលោក ថេង សាវឿន និងសហការី២រូបទៀត​​ដែរ។ សង្គមស៊ីវិលនិងបណ្តាញសហគមន៍ទាំងនោះ​ យល់ថា ការងាររបស់សកម្មជនសិទ្ធិមនុស្ស មិនត្រូវ​ប្រដូចនឹងសកម្មភាពបទល្មើសព្រហ្មទណ្ឌ ដូចជាការញុះញង់ ឬ រួមគំនិតក្បត់​ប្រឆាំងនឹងជាតិឡើយ។ និងបន្តថា ការចាប់ខ្លួន​អ្នកទាំង៣នេះ មិនអាចដោះស្រាយបញ្ហាជម្លោះដីធ្លីរាំរ៉ៃ មកលើ​សមាជិករបស់សមាគមបានឡើយ ហើយក៏មិនអាច​បំបិទសំឡេង​របស់អ្នកដឹកនាំ​និងតំណាងសហគមន៍​ ដែលកំពុងទាមទាររកយុត្តិធម៌នោះដែរ។

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា និងសហការីទាំង២រូប នៅថ្ងៃទី២២ឧសភា ត្រូវបានតុលាការខេត្តរតនគីរីចោទប្រកាន់ពី បទចោទរួមគំនិតក្បត់តាមមាត្រា៤៥៣ និងបទចោទញុះញង់ តាមមាត្រា៤៩៥។ អ្នកទាំងបីប្រឈមនឹងជាប់ពន្ធនាគារដល់​១០ឆ្នាំ និងពិន័យជាប្រាក់​៤លានរៀល ប្រសិនបើរកឃើញថាមានទោស៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ