អានតួអត្ថបទ
កម្ពុជា-សេដ្ឋកិច្ច

អង្គការតម្លាភាពថា រដ្ឋាភិបាលគួរដំឡើងកញ្ចប់ថវិកាឱ្យបាន៣០%នៃទំហំថវិកាជាតិសរុប សម្រាប់ផ្តល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិ

អង្គការតម្លាភាពកម្ពុជា ស្នើឱ្យរដ្ឋាភិបាល ពិសេសក្រសួងសេដ្ឋកិច្ច និងហរិញ្ញវត្ថុ ពិចារណាដំឡើងកញ្ចប់ថវិការដ្ឋសម្រាប់ផ្តល់ជូនរដ្ឋបាលថ្នាក់ក្រោមជាតិឱ្យកើនដល់៣០%នៃទំហំថវិកាជាតិសរុបប្រចាំឆ្នាំ ក្នុងឆ្នាំនីមួយៗ  ក្រោយសង្កេតឃើញថា តម្រូវការនៅតាមរដ្ឋបាលថ្នាក់ក្រោមជាតិ ពិសេសនៅតាម ឃុំ សង្កាត់ ស្រុក ខណ្ឌ មានចំនួនច្រើន។ បើតាមអង្គការតម្លាភាព ការបង្កើតទំហំហិរញ្ញប្បទានសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ ក៏បានផ្តល់ផលប្រយោជន៍មួយផ្នែកផងដល់ពលរដ្ឋរស់នៅក្នុងមូលដ្ឋាន។ 

រូបិយវត្ថុនៃកម្ពុជា
រូបិយវត្ថុនៃកម្ពុជា © Internet
ផ្សាយពាណិជ្ជកម្ម

លោក បុិច ពិសី ប្រធានអង្គការតម្លាភាពកម្ពុជាបានលើកឡើងថា ការស្នើឱ្យរដ្ឋាភិបាលបង្កើនទំហំកញ្ចប់ថវិកាឱ្យកើនដល់៣០%នៃទំហំថវិកាជាតិសរុបប្រចាំឆ្នាំនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការចំបាច់មួយចំនួនដែលរដ្ឋបាលថ្នាក់ក្រោមជាតិជួបប្រទះ ពិសេសដើម្បីផ្តល់លទ្ធភាពគ្រប់គ្រាន់ក្នុងការប្រើប្រាស់កញ្ចប់ថវិការសម្រាប់អភិវឌ្ឍន៍ ភូមិ ឃុំ ស្រុក ខណ្ឌ និងក្នុងប្រតិបត្តិការរដ្ឋបាល។

តាមរយៈការសង្កេតប៉ុន្មានឆ្នាំមកនេះ លោក បុិច ពិសី មើលឃើញថា ការទម្លាក់កញ្ចប់ថវិកាទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានការកើនឡើង។  ប៉ុន្តែទំហំថវិកាទាំងនោះ នៅមិនទាន់ឆ្លើយតបបានគ្រប់គ្រាន់នៅឡើយ ដោយទាមទារឱ្យរដ្ឋាភិបាលពិចារណាដំឡើងទំហំថវិកាឱ្យកើនដល់ចន្លោះពី២៥ទៅ៣០% ខណៈក្នុងឆ្នាំ២០២៣នេះ កញ្ចប់ថវិកាដែលរដ្ឋបានទម្លាក់ទៅឱ្យរដ្ឋបាលថ្នាក់ក្រោមជាតិមានចំនួនជាង១២០០លានដុល្លារ ឬស្មើ១២.៩%នៃទំហំថវិកាជាតិសរុប។

តែយ៉ាងណា នៅចំពោះមុខការស្នើឱ្យដំឡើងទំហំថវិកាសម្រាប់រដ្ឋបាលថ្នាក់ក្រោមជាតិនេះ លោក បុិច ពិសីចង់ឃើញ ការទម្លាក់កញ្ចប់ថវិកា និងការប្រើប្រាស់ប្រកបដោយតម្លាភាព គណនេយ្យ និង រឹតបន្តឹងការត្រួតពិនិត្យតាមដាន ពិសេសលើលទ្ធកម្មសារធារណ  ពីព្រោះដើម្បីជៀសវាងការប្រើប្រាស់ថវិកាខុសគោលដៅ និងមិនបានផ្តល់ផលប្រយោជន៍រួម ខណៈលោកសង្កេតឃើញថា ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណរបស់រដ្ឋនៅមានភាពទន់ខ្សោយនៅឡើយ។  

ដោយឡែកលោកបណ្ឌិត គី សេរីវឌ្ឍន៍ ប្រធានវិទ្យាស្ថានសិក្សាចិននៃរាជបណ្ឌិតសភា្យកម្ពុជាវាយតម្លៃថា ការប្រើប្រាស់ថវិកាជាតិរបស់រដ្ឋបាលថ្នាក់ក្រោមជាតិប្រមាណ៩០% គឺចំគោលដៅ និងប្រកបដោយតម្លាភាពពេញលេញ ខណៈ១០%ទៀតនៅមានភាពខ្វះចន្លោះដែលទាមទារឱ្យពិនិត្យបន្ថែម។

លោកបណ្ឌិត សង្កេតឃើញថា រាល់ការទូទាត់សាច់ប្រាក់ និងការចាយវាយរបស់រដ្ឋបាលថ្នាក់ក្រោមជាតិ ធ្វើឡើងដោយប្រព័ន្ធធនាគារ ដូច្នេះលោកអះអាងថា គ្មានឡើយការវាយថវិកាខុស និងគ្មានតម្លាភាព។ ខណៈការអភិវឌ្ឍន៍នៅមូលដ្ឋានវិញ លោកបណ្ឌិតកត់សម្គាល់ថា មានភាពច្បាស់លាស់ ដោយមន្ត្រីឃុំ សង្កាត់មិនមែនជាអ្នកកាន់កាប់សាច់ប្រាក់ដោយផ្ទាល់ឡើយ ពោលគឺរាល់ការអភិវឌ្ឍន៍ទាំងឡាយក្រុមហ៊ុនដែលទទួលបានសិទ្ធិអភិវឌ្ឍន៍ត្រូវដកកញ្ចប់ថវិកាដោយផ្ទាល់ពីរតនាគារជាតិ។

តាមរយៈ​ការ​អនុវត្ដ​កម្មវិធី​ជាតិ​ដំណាក់កាល​ទី​២(២០២១-២០៣០) រាជរដ្ឋាភិបាលក្នុងឆ្នាំ២០២២ បាន​បង្កើន​ការវិភាជ​ថវិកា​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ជាង​១​ពាន់​លាន​ដុល្លារ​។  ក្នុងនោះ​រដ្ឋបាល​ក្រុង​-​ស្រុក នីមួយៗ​ទទួល​បានជា​មធ្យម​៥៧ម៉ឺន​ដុល្លារ ក្នុង​មួយឆ្នាំ និងឃុំ​-​សង្កាត់​នីមួយៗ​ទទួលបាន ​១២៧, ០០០ដុល្លារ​ក្នុងមួយឆ្នាំ​។

ហើយបើយោងតាមនាយកដ្ឋានថវិកានីយកម្មអគ្គនាយកដ្ឋានថវិកានៃក្រសួងសេដ្ឋកិច្ចហិរញ្ញវត្ថុបានឱ្យដឹងថា នៅឆ្នាំ២០២៣នេះ រដ្ឋបានឧបត្ថម្ភធនបន្ថែមដល់ឃុំសង្កាត់នីមួយៗទទួលថវិកាជា មធ្យមចំនួន៦៣៣លានរៀល ឬប្រមាណ ១៥៦, ៤២០ដុល្លារអាមេរិក។ ក្នុងនោះ ថវិកា​ផ្នែក​អភិវឌ្ឍន៍​មូលនិធិឃុំសង្កាត់ ជាមធ្យមមានចំនួន ៣៥៨លានរៀល ឬសមមូល ៨៨ ០០០ដុល្លារអាមេរិក ក្នុងមួយឆ្នាំ គឺកើនឡើង២២.២ភាគរយធៀបនឹងច្បាប់ថវិកាជាតិឆ្នាំ២០២២៕

ព្រឹត្តិបត្រ​ព័ត៌មានព្រឹត្តិបត្រ​ព័ត៌មាន​ប្រចាំថ្ងៃ​នឹង​អាច​ឲ្យ​លោក​អ្នក​ទទួល​បាន​នូវ​ព័ត៌មាន​សំខាន់ៗ​ប្រចាំថ្ងៃ​ក្នុង​អ៊ីមែល​របស់​លោក​អ្នក​ផ្ទាល់៖

តាមដានព័ត៌មានកម្ពុជានិងអន្តរជាតិដោយទាញយកកម្មវិធីទូរស័ព្ទដៃ RFI

ចែករំលែក :
រកមិនឃើញអត្ថបទដែលស្វែងរកទេ

មិនមាន​អត្ថបទ​ដែលអ្នកព្យាយាមចូលមើលទេ